​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​លោក​អា​ឡាំង រ៉ូ​ប៊ែត​(Alain Robert) អ្នក​ឡើង​អាគារ​ខ្ពស់ៗដែល​មាន​រហស្សនាម​ថា​«​បុរស​ពីងពាង​បារាំង​» បាន​វារ​ឡើង​អាគារ​ខ្ពស់កប់ពពក​កំពស់​៤៨​ជាន់​​មួយ​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​សៅរ៍ ដើម្បីបំពេញ​បំណង​មួយ​របស់​លោក​នៅពេល​លោក​ឈាន​ចូល​វ័យ​៦០​ឆ្នាំ​។​

​ស្លៀកពាក់​ក្រហម លោក​រ៉ូ​ប៊ែត បាន​លើកដៃ​ឡើង​លើ​នៅពេល​ឡើង​ដល់​កំពូល​អាគារ តួ តូ​តាល់​អ៊ីនឺ​ជី​ស៍​(Tour TotalEnergies) កំពស់​១៨៧​ម៉ែត្រ​ដែល​សន្ធឹង​លើ​សង្កាត់​ជំនួញ​ឡា ឌី​ហ្វង់​ស៍​(La Defense)​ក្នុង​រដ្ឋធានី​បារាំង​។​

​រ៉ូ​ប៊ែត​ដែល​ឈាន​ចូល​វ័យ​៦០​ឆ្នាំ​កាល​ពី​ខែ​មុន បាន​និយាយថា​«​ខ្ញុំ​ចង់​បញ្ជូន​សារ​ទៅកាន់​មនុស្សម្នា​ថា អាយុ​៦០​ឆ្នាំ​គ្មាន​ជា​បញ្ហា​ទេ​។​អ្នក​អាច​នៅ​លេង​កីឡា សកម្ម និង​ធ្វើ​ការងារ​អស្ចារ្យ​។​ខ្ញុំ​បាន​សន្យា​ខ្លួន​​ឯង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ថា ពេល​គ្រប់​អាយុ​៦០​ឆ្នាំ ខ្ញុំ​នឹង​ឡើង​អាគារ​ខ្ពស់​ណាមួយ​ជា​ថ្មី ពីព្រោះ​៦០​ឆ្នាំ​តំណាងអោយ​អាយុ​ចូល​និវត្តន៍​នៅ​បារាំង​និង​ខ្ញុំ​គិតថា វា​ជា​ការងារ​រំភើព​មួយ​»​។​

​លោក​រ៉ូ​ប៊ែត ក៏​ចង់​ប្រើប្រាស់​ឳ​កាស​នៃ​ការឡើង​អាគារ​នេះ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​តំរូវការ​អោយមាន​ចំណាត់ការ​ដោះស្រាយ​រឿង​ការប្រែប្រួល​អាកាសធាតុ​។​លោក​ធ្លាប់បាន​ឡើង​អាគារ តួ តូ​តាល់​អ៊ីនឺ​ជី​ស៍ នេះ​ជា​ច្រើន​ដង​មក​ហើយ​ផង​ដែរ​។​លោក​បាន​ចាប់ផ្តើម​ឡើង​ទី​ខ្ពស់ៗ​នៅ​ឆ្នាំ​១៩៧៥ ដោយ​ហាត់​ឡើង​ចំណោត​ថ្ម​នៅក្បែរ​ទីក្រុង​កំណើត​វ៉ា​ឡង់ស៍​(Valence)​នៅ​បារាំង​ខាងត្បូង​។​លោក​​បាន​ធ្វើការ​ឡើង​អាគារ​ខ្ពស់​តែ​ឯង​នៅ​ឆ្នាំ​១៩៧៧​និង​បាន​ក្លាយជា​អ្នក​ឡើង​ទី​ខ្ពស់ៗ​កំពូល​ម្នាក់​យ៉ាង​ឆាប់រហ័ស​។​

​ចាប់តាំងពី​ពេលនោះ លោក​បាន​ឡើង​អាគារ​ខ្ពស់ជាង​១៥០​នៅ​ជុំវិញ​ពិភពលោក រួម​មាន​អាគារ​ប៊ឺច ខា​លីហ្វា​(Burj Khalifa)​ដែល​ជា​អាគារ​ខ្ពស់​បំផុត​ក្នុង​លោក ប៉ម​ទួ​អេ​ហ្វែល​(Eiffel Tower)​និង​ស្ពាន​Golden Gate Bridge​នៅ​ក្រុង​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ​។​បុរស​នេះ ល្បី​ដោយសារតែ​ឡើង​អាគារ​ដោយ​គ្មាន​ការអនុញ្ញាត គ្មាន​ខ្សែការពារ​ហានិភ័យ ដោយ​ប្រើ​តែ​ដៃ​ទទេ ស្បែកជើង​ឡើង​អាគារ​មួយ​​គូ និង​ម្សៅ​មួយ​ស្បោង​សំរាប់​ជូត​ញើញ​៕

​លោក​អា​ឡាំង រ៉ូ​ប៊ែត ឡើង​អាគារ តួ តូ​តាល់​អ៊ីនឺ​ជី​ស៍​កាលពី​ថ្ងៃ​សៅរ៍​