​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អាជ្ញាធរ​វៀតណាម​បាន​ចាប់ខ្លួន​ម្ចាស់​ហាង​ខារ៉ាអូខេ​មួយ​ក្រោយ​អគ្គិភ័យ​បាន​សម្លាប់​មនុស្ស​៣២​នាក់​នៅ​ខែ​នេះ​។​

​អគ្គិភ័យ​បំផ្លាញ​រោង​កម្សាន្ត​កំពស់​បី​ជាន់​នៅ​ខាងជើង​ទីក្រុង​ហូជីមិញ​កាល​ពី​ដប់​ថ្ងៃមុន​ក្នុង​ខេត្ត​ប៊ិញ​ហ្វឿង​( Binh Duong)​និងបណ្តាលអោយ​របួស​មនុស្ស​១៧​នាក់​ផង​ដែរ ដោយ​មួយចំនួន​របួស​បាក់ឆ្អឹង​​ដោយសារ​លោតចុះពី​ដំបូល​អាគារ​ក្នុងពេល​អណ្តាតភ្លើង​ឆេះ​បិទ​ផ្លូវ​នៅ​ជាន់​ខាងក្រោម​។​

​ប៉ូលិស​ខេត្ត​ប៊ិញ​ហ្វឿង​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅ​រ៍ថា ម្ចាស់​ក្លឹប​ឈ្មោះ ឡេ អាញ់ សួន​(Le Anh Xuan)​អាយុ​៤២​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​និង​ប្រឈម​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ដោយសារ​រំលោភ​​ច្បាប់​បង្ការ​អគ្គិភ័យ​។​ជនសង្ស័យ​នឹងត្រូវ​ឃុំខ្លួន​បួន​ខែ​ក្នុងពេលធ្វើ​ការស៊ើបអង្កេត​បន្ត​។​

អ្នករងរបួស​១៥​នាក់​បាន​ចេញ​ពី​មន្ទីរពេទ្យ និង​ពីរ​នាក់​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ ហើយ​សាកសព​ជនរងគ្រោះ​ទាំង​៣២​នាក់​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​អស់​ហើយ​ដែរ​។​

​សូមបញ្ជាក់​ថា មាន​មនុស្ស​៦០​នាក់​នៅក្នុង​ក្លឹប​ដែលមាន​៣០​បន្ទប់​នេះ នៅពេល​អគ្គិភ័យ​ចាប់ផ្តើម​។​អាជ្ញាធរ​កាលពី​ដំបូង​បន្ទោស​លើ​ឆ្លង​ចរន្តអគ្គិសនី​ចំពោះ​ការឆេះ​នេះ និង​បាន​និយាយ​ថា​ក្លឹប​នេះ​បាន​បំ​​ពេញ​គ្រប់​ស្តង់ដា​សុវត្ថិភាព​នៅក្នុង​ការត្រួត​ពិនិត្យ​រយៈពេល​បី​ឆ្នាំ​មកនេះ​៕

​អគ្គិភ័យ​នៅ​ក្លឹប​ខារ៉ាអូខេ​នៅក្នុង​ខេត្ត​ប៊ិញ​ហ្វឿង​កាលពី​ថ្ងៃ​៦​កញ្ញា ចំ​ពេល​មនុស្ស​៦០​នាក់​នៅក្នុង​នោះ​

ឡេ អាញ់ សួន ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សុក្រ និង​ប្រឈម​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ដោយសារ​រំលោភ​ច្បាប់​សុវត្ថិភាព​អគ្គិភ័យ​