​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ខេត្តបាត់ដំបង នា​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន ម៉ា​នី​សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រម្លឹក​ជូន​ដល់​អង្គប្រជុំ​ដែលជា​សមាជិក សមាជិកា​គណបក្ស​ក្នុង​មូលដ្ឋាន​នូវ​ចលនា​សង្គម​ដែលមាន​ចេតនា​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​កម្រិត​ថ្នាក់ ដឹកនាំ​ជាន់ខ្ពស់ និង​សកម្មជន​យុវជន​ជំនាន់​ក្រោយ​របស់​បក្ស​។​

​ស្របពេល​គូសបញ្ជាក់​ពី​តម្លៃ​នៃ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ដែលជា​ភាពខ្លាំង​របស់​គណបក្ស​ប្រជាជន​ដែល​មិនអាច​កាត់ថ្លៃ​បាន​នោះ លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​យ៉ាងច្បាស់​លាស់​ថា​៖«​គណបក្ស​ប្រជាជន នឹងមិន​ចាញ់​ល្បិចកល​ក្នុងការ​រុញ​ចលនា​ប៉ុនប៉ង​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​បក្ស​ឡើយ​»​។

​ជាមួយគ្នា​នោះដែរ លោក​អគ្គលេខាធិការ​បា​ន​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​នៃ​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ដែលជា​ឥស្សរជន​ជំនាន់​មុន ក្នុង​បុព្វហេតុ​ដឹកនាំ​ប្រទេស​លើ​គ្រប់​សភាពការណ៍ តាំងពី​បាតដៃ​ទទេ​រហូត​ទទួលបាន​សមិទ្ធ​ផលស​ន្តិ​ភាព​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ទន្ទឹមនេះ លោក​ក៏បាន​កត់ សម្គាល់​នូវ​ការចូលរួម និង​ភាព​ហត់នឿយ​របស់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស​មូលដ្ឋាន​គ្រប់រូប ទូទាំងប្រទេស ជាពិសេស​ខេត្តបាត់ដំបង ក្នុង​ការកសាង សមិទ្ធផល​ផ្សេងៗ និង​កិច្ចប្រឹងប្រែង​នានា ដើម្បី​ដណ្តើម​ប្រៀប​ឈ្នះ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នាពេល​កន្លងមក​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះដែរ លោក ហ៊ុន ម៉ា​នី បាន​ផ្តាំ​ផ្ញើឱ្យ​សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​គណបក្ស​ក្នុង​មូលដ្ឋាន​ទាំងអស់ ត្រៀមខ្លួន​ជាដាច់ខាត ដើម្បី​ការទប់ ស្កាត់​គម្រោងការ​ធ្វើ​បដិវត្តន៍​ពណ៌​ណាមួយ ដើម្បី​សុខសន្តិភាព​យូរអង្វែង​៕​