ដោយៈ​សុផល​/បាត់ដំបងៈ​ក្នុង​ក្របខណ្ឌ​ក្រុមប្រឹក្សា​យុវជន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​ស​.​ស​.​យ​.​ក​.​លោក ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​.​នា​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២២​បាន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈ​ដឹកនាំ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ដើម្បី​ស្តាប់​ស្ថានការណ៍​និង​ស្វែងយល់​ពី​ស្ថានភាព​នៃ​សាកលវិទ្យាល័យ ព្រមទាំង​ដើម្បី​ពិភាក្សា​លើ​ការងារ​អភិវឌ្ឍ​យុវជន​ក្នុង​ក្របខណ្ឌ​ការងារ​ស្ម័គ្រចិត្ត និង​តួនាទី ស​.​ស​.​យ​.​ក​. ក្នុងការ​ផ្តល់ឱកាស​នា​នា​ដល់​យុវជន​ក៏ដូចជា​និស្សិត​នៅ​សកល​វិទ្យាល័យ​។ បន្ទាប់ពី​ជំនួប​ជាមួយ​គណៈ​ដឹកនាំ​សាកលវិទ្យាល័យ​នេះ ឯកឧត្តម​ប្រធាន បាន​បន្ត​ជួប​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ក្នុង​រចនា​ស័​ម្ព​ន្ធ ស​.​ស​.​យ​.​ក​. ប្រចាំ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​។​

​នាឱកាស​នៃ​ពិធី​សំណេះសំណាល​នេះ លោក សុខ ឃ​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​បានបង្ហាញ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​លោក ហ៊ុន ម៉ា​នី និង​បានធ្វើការ​រាយការណ៍​ប​ង្ហា​ញ​ពី​សកម្មភាព​ដែល​សម្រេចបាន​កន្លងមក​របស់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ប្រកប ដោយ​ឆន្ទៈ និង​ស្មារតី ជាពិសេស​លើ​ការងារ​រួមចំណែក​ជំរុញ​ការយល់ដឹង​ពី​តួនាទី​របស់​យុវជន​ដើម្បី​សង្គមជាតិ និង​ការពង្រឹង​ភាពជា​អ្នកដឹកនាំ​ដល់​ប្អូនៗ​និស្សិត ក្នុងការ​ក្លាយខ្លួនជា​ដំណោះស្រាយ​សម្រាប់​សង្គម​ជាដើម​។


​លោក​បាន​គូសបញ្ជាក់ថា​វត្តមាន ស​.​ស​.​យ​.​ក​. នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា គឺជា​ចលករ​ដ៏​សំខាន់​ក្នុងការ​គាំទ្រ លើកទឹកចិត្ត​យុវជន​មាន​បណ្តុះ​ភាពជា​អ្នកដឹកនាំ ដើម្បី​ជា​ធនធាន​សម្រាប់​ជាតិ​។ ជាមួយគ្នានេះ តាមរយៈ​សកម្ម​របស់ ក​.​យ​.​គ​. ក្រុមនិស្សិត​បាន​ចូលរួម​យ៉ាងសកម្ម ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ស្មារតី​ក្នុងការ​លើកតម្កើង​កិច្ច ការ​ស្ម័គ្រចិត្ត និង​អភិវឌ្ឍន៍​សមត្ថភាព និង​បទពិសោធន៍​របស់​និស្សិត​ទូទាំង​សកលវិទ្យា​ល័យ​។​

​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុង​រចនាសម្ព័ន្ធ ស​.​ស​.​យ​.​ក​. ប្រចាំ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់ លោក ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​. រួមជាមួយ​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ សមាជិក​គណៈកម្មាធិកា​រក​ណ្តា​លស​.​ស​.​យ​.​ក​. ឯកឧត្តម សេង ផល្លី អនុប្រធាន​អចិន្ត្រៃយ៍​ក​.​យ​.​គ​. ឯកឧត្តម​សុខ ឃ​ន សាក​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និង​ជា​សមាជិក​គណៈ​ដឹកនាំ​ចលនា​យុវជន​ស្ម័គ្រចិត្ត ស​.​ស​.​យ​.​ក​. ប្រចាំ​គ្រឹះ ស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ព្រមទាំង​គណៈ​ដឹកនាំ សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូ​សាស្ត្រាចារ្យ និស្សិត ជា​សមាជិក​ស​.​ស​.​យ​.​ក​. ប្រចាំ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង សរុប​ប្រមាណ​៥០០​នាក់​៕Ph​