ដោយៈទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម/កំពង់ចាម៖យុវជន-យុវនារីចំនួន៣៥នាក់មកពី ស្រុកបាធាយ បានធ្វើទស្សនកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដែលសាខារបស់មជ្ឈមណ្ឌល ឯកសារកម្ពុជានៅថ្ងៃអាទិត្យ ទី១៨ខែកញ្ញាឆ្នាំ២០២២នេះ។

ទស្សនកិច្ចសិក្សានេះរៀបចំឡើងដើម្បីទទួលបានការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) តាមរយៈការធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ការទស្សនាពិព័រណ៍ ការចាក់បញ្ចាំង វីដេអូឯកសារការជួបសន្ទនាផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងការចុះទស្សនកិច្ចទៅកាន់ទីតាំងចេតិយ រំឭកសម្រាប់សហគមន៍។

ជាកិច្ចចាប់ផ្ដើម ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមទទួលស្វាគមន៍និងដឹកនាំប្រតិភូយុវជន -យុវនារីចូលទស្សនាផ្ទាំងពិព័រណ៍ធំៗពីប្រវត្តិមេដឹកនាំខ្មែរក្រហម ការជម្លៀសប្រជាជននិងការធ្វើការងារនៅ ការដ្ឋាន និងពិព័រណ៍រូបភាពអំពីរឿងរ៉ាវរបស់អ្នករស់រានមានជីវិតនៅក្នុងខេត្តកំពង់ចាម។

បន្ទាប់ពីការដើរទស្សនាពិព័រណ៍យុវជន-យុវនារីទាំងអស់ត្រូវបានដឹកនាំទៅកាន់បន្ទប់ឯកសារខ្មែរក្រហមដែលផ្ទុកឯកសាររាប់សែនទំព័រ។ជាកិច្ចបន្តយុវជន-យុវនារីត្រូវបាននាំទៅកាន់សាលពិព័រណ៍ដើម្បីទស្សនាវីដេអូឯកសារចំណងជើងថា «កុំស្មានបងភ្លេច» ដែលមានរយៈពេលជិត២ម៉ោងនេះ។

នេះគឺជាលើកដំបូងដែលយុវជន-យុវនារីទាំងអស់បានទស្សនាវីដេអូឯកសារនេះដែលឆ្លុះបញ្ចាំងអំពីតន្ត្រី វប្បធម៌ និងប្រវត្តិសាស្ត្​រកម្ពុជា។

បន្ទាប់ពីការចាក់បញ្ចាំងវីដេអូឯកសារនេះបានបញ្ចប់ សឹង ណាំ អតីតយុទ្ធជនខ្មែរក្រហមនិងជាអ្នករស់រានមាន ជីវិតពីរបបខ្មែរក្រហមរំឭកអំពីបទពិសោធន៍របស់ខ្លួនមុនពេលនិងក្នុងរបបខ្មែរក្រហមទៅកាន់យុវជន-យុវនារីចូលរួម។ ណាំ បានបន្តថា៖ «នៅពេលដែលខ្ញុំឃើញក្មួយៗទាំងអស់គ្នាកំពុងអង្គុយនៅទីនេះខ្ញុំនឹកឃើញអំពីការរត់ គេចពីសង្រ្គាមនៅដើមទសវត្សរ៍ទី៧០ និងការតាមចាប់សម្លាប់ ក្នុងរបបខ្មែរក្រហម។

យុវវ័យរបស់ខ្ញុំគឺស្ថិតនៅក្នុងពេលដែលប្រទេសជាតិកើតមានសង្រ្គាម។ខ្ញុំពិតជាចង់រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ណាស់ ប៉ុន្តែខ្ញុំមិនអាចទៀតឡើយ។ខ្ញុំចាប់ផ្ដើមរត់ចេញពីផ្ទះ នៅពេលដែលសង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះឡើង គឺបន្ទាប់ពីរដ្ឋប្រហារលន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។

ជីវិតរបស់ខ្ញុំនៅពេលនោះគឺពោរពេញទៅដោយការរត់ភៀសខ្លួន ការចូលប្រយុទ្ធក្នុងសមរភូមិការតាមចាប់សម្លាប់ របស់កងទ័ពខ្មែរក្រហមកពីភូមិភាគនិរតី និងការរស់នៅក្នុងភាពភ័យខ្លាច។»
បន្ទាប់ពីអ៊ំប្រុសបញ្ចប់ការចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហមយុវជន-យុវនារីចូលរួមបានចោទសួរសំនួរផ្ដោតទៅលើការរស់នៅ ការរៀបការ និងមូលហេតុនៃការតាមចាប់សម្លាប់ខ្លួន នៅក្នុងរបបខ្មែរក្រហម

កម្មវិធីបន្ទាប់ គឺដំណើរទស្សនកិច្ចសិក្សាទៅកាន់ចេតីយ៍រំឭកសម្រាប់សហគមន៍ដែលស្ថិតនៅវាលស្រែក្នុងភូមិចំការ សាមសិប ឃុំគគរ ស្រុកកំពង់សៀម។ តុងសុភា ដែលជាតំណាងសមាគមន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិចំការសាមសិបដឹកនាំនិងបង្ហាញយុវជន-យុវនារីចូលរួមទាំងអស់អំពីការរំឭកដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅចេតីយ៍រំឭកសម្រាប់សហគមន៍។

សុភា បាននិយាយថា៖ «នៅភូមិចំការសាមសិប ខ្មែរក្រហមបានសម្លាប់ប្រជាជននៅវាលស្រែ ឡដុតថ្នាំជក់និង មន្ទីរសន្តិសុខគគរដែលស្ថិតនៅក្នុងវត្តគគរ។»សុភាក៏បានរៀបរាប់អំពីការបាត់បង់ឪពុករបស់ខ្លួននៅពេលនោះដែរ។

ម៉ន ស្រីពេជ្រ ដែលកំពុងរៀនថ្នាក់ទី១២គ មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសង្កើបយល់ថា៖«ការចូលរួមវេទិកាអន្តរជំនាន់ចុងសប្តាហ៍រៀបចំនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមនេះបានធ្វើឲ្យខ្ញុំនិងមិត្តភក្តិទទួលបានចំណេះដឹងបន្ថែមទាក់ទងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥ដល់១៩៧៩)។ ខ្ញុំមើលវីដេអូឯកសារ និងស្ដាប់រឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានឆ្លងកាត់ការ លំបាកវេទនាយ៉ាងខ្លាំងនៅពេលនោះ។»

សុខ ម៉េងហ៊ាង ដែលកំពុងរៀនថ្នាក់ទី១២គ មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសង្កើបបង្ហាញអារម្មណ៍ថា៖«ខ្ញុំមានពេញចិត្តយ៉ាងខ្លាំងចំពោះការអាចមកដល់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។ ខ្ញុំយល់ដឹងបន្ថែមអំពីប្រវត្តិសាស្រ្តខ្មែរ នៅសម័យ ប៉ុល ពត ដែលប្រជាជនខ្មែរស្លូតត្រង់ទទួលរងការធ្វើ ទារុណកម្មនិងការកាប់សម្លាប់។បន្ថែមលើនេះទៀតខ្ញុំទទួលបានឱកាសស្ដាប់បទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខ្ញុំពិតជាអាណិតអាសូរដល់គាត់ណាស់។»

ពេញ អ៊ីណា ដែលកំពុងរៀនថ្នាក់ទី១២គ មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើប មានចំណាប់អារម្មណ៍ថា៖ «វេទិកាអន្តរជំនាន់ចុងសប្តាហ៍គឺល្អសម្រាប់ខ្ញុំនិងមិត្តផ្សេងទៀតដែល រៀនថ្នាក់ទី១២ និងត្រៀមប្រលង ពីព្រោះយើងទទួលបានចំណេះដឹងបន្ថែមពីរបបខ្មែរក្រហមនេះ។»

ឡី មករា ដែលកំពុងរៀនថ្នាក់ទី១២គ មុខវិជ្ជាវិទ្យាសាស្រ្តសង្គម នៃវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កើបបង្ហាញទស្សនៈយល់ឃើញរបស់ខ្លួនថា៖«ការទស្សនាវីដេអូឯកសារការស្ដាប់សាច់រឿងរបស់អ៊ំៗដែលរួចផុតជីវិតពីរបបខ្មែរក្រហម និងការចុះទៅដល់ទីតាំងចេតិយរំឭកដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមបានធ្វើឲ្យខ្ញុំយល់ ដឹងអំពីសោកនាកម្មបន្សល់ទុកដោយរបបខ្មែរក្រហមនិងសារសំខាន់នៃការដឹងអំពីបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងការចងចាំជនរងគ្រោះដែលបានស្លាប់នៅពេលនោះ។»៕សរន

យុវជន-យុវនារីមកពីស្រុកបាធាយខេត្តកំពង់ចាមចូលរួមវេទិកាអន្តរជំនាន់ចុងសប្តាហ៍ស្ដីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងទស្សកិច្ចសិក្សាទៅកាន់ចេតិយរំឭកសម្រាប់សហគមន៍(រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)