ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញ ជួបសំណេះសំណាលក្រុមស្ថាបត្យករ វិស្វករនិងកម្មករ កម្មការិនី ចំនួន១.៥០០នាក់ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី។ក្នុងជំនួបកាលពីរសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២នេះក៏មានការជូនអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន​១៥០០នាក់​(រូបថតហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង)

ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងឱកាសនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយដែលមានឱកាសបានជួបជុំសំណេះសំណាលនិងផ្ដល់អំណោយ ជូនក្រុមស្ថាបត្យករ វិស្វករ និងក្រុមកម្មករ កម្មការរិនីទាំងអស់ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិង ការឈានជិតចូលមកដល់នៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

សម្ដេចក្រឡាហោមបានកោតសរសើរក្រុមហ៊ុនសាងសង់ព្រមទាំងក្រុមបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងសាងសង់អគារប្រកបដោយការទទួលខុសត្រូវពិសេសគឺបានសាងសង់លឿនជាងផែនការនិងប្រកបដោយគុណភាពដែលធ្វើឱ្យមានការកោតសរសើរជាច្រើនពីសាធារណៈមតិបន្ថែមលើភាពលេចធ្លោនៃការរចនាប្លង់សំណង់អគារទាំងមូល។

សម្ដេចបានបង្ហាញនូវការពេញចិត្ត និងមានមោទកភាពក្រៃលែងចំពោះដំណើរការសាងសង់អគារថ្មីនេះដោយសារ សម្ដេចមានទំនុកចិត្តចំពោះគណៈកម្មការដឹកនាំការសាងសង់ដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងក៏ដោយសារអគារទីស្ដីការក្រសួងថ្មីនេះត្រូវបានរចនា និងសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា«ខ្ញុំសូមកោតសរសើយ៉ាងខ្លាំងចំពោះក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនី ដែលបានប្រឹងប្រែងបំពេញការងារដែលមិនមែនត្រឹមតែបម្រើផលប្រយោជន៍ក្រុមហ៊ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានគិតដល់ផលប្រយោជន៍ជាតិរបស់យើង ព្រោះសំណង់អគារថ្មីនេះគឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ននិងទៅអនាគត»។

សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថាគណៈកម្មការសាងសង់ ក្រុមហ៊ុន ក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីទាំងអស់ នឹងបន្តរួមគ្នាខិតខំប្រឹងប្រែងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះឱ្យបានរួចរាល់ និងប្រកបដោយគុណភាព និងបានជូនពរក្រុមជាងទាំងអស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថាអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីនាឱកាសនោះ រួមមាន៖សារុង មីកញ្ចប់ ត្រីខកំប៉ុង ទឹកក្រូចកំប៉ុង ទឹកសុទ្ធនិងថវិកាមួយ ចំនួន ៕សរន

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន​១៥០០នាក់​(រូបថតហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង)