ដោយ៖ ដេប៉ូ / សាធារណរដ្ឋកូរ៉េ៖ ការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅសាធារណរដ្ឋកូរ៉េ វាបានបញ្ជាក់ឱ្យឃើញថា ខ្មែរយើងទៅដល់ទីណា ក៏នៅតែជាខ្មែរ ទោះជាសម្បូរសប្បាយយ៉ាងណាក្ដី ក៏ខ្មែរមិនភ្លេចប្រពៃណី វប្បធម៌ខ្មែរឡើយ។ នេះជាការលើកឡើងពីសំណាក់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅសាធារណរដ្ឋកូរ៉េ ដែលប្រារព្វធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន Wastadium ទីក្រុង អាន សាន ដើម្បីបានបង្ហាញនូវវប្បធម៌ប្រពៃណីខ្មែរ សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្សផ្នែកវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្មែរ។

លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះមន្រ្តីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារទាំងអស់ ដែលបានផ្ដួចផ្ដើមរៀបចំ និងគាំទ្រប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដ៏អធិកអធម នាឆ្នាំនេះ ដែលរួមមានទាំងកម្មវិធីសាសនា និងការកម្សាន្តសប្បាយផងដែរ។

គួរបញ្ជាក់ដែរថា ពិធីនេះ មានការចូលរួមពីសំណាក់សហគមន៍ខ្មែរ សិស្ស-និស្សិត និងពលករខ្មែរ ប្រមាណជាង ១ម៉ឺននាក់ មកពីគ្រប់តំបន់ មានចម្ងាយឆ្ងាយ រាប់រយគីឡូម៉ែត្រ ជាពិសេសមានវត្តមានពីខាងកូរ៉េ តំណាងលោកអភិបាលក្រុងអានសាន និងការសម្តែងសិល្បៈ ដោយមានតារាចម្រៀងល្បីៗ មកចូលរួមសម្ដែង ញ៉ាំងឲ្យកម្មវិធីរឹតតែសប្បាយរីករាយទ្វេដង។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ លោករដ្ឋមន្ត្រី ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលតែងតែបានបង្កលក្ខណៈងាយស្រួលដល់ការរៀបចំកម្មវិធីផ្សេងៗ កន្លងមក ជាពិសេសកម្មវិធី នាថ្ងៃនេះ នៅលើទឹកដីក្រុងអានសាន នៃសាធារណរដ្ឋកូរ៉េ៕/V