ដោយ​៖ សុវណ្ណ​កុម្ភៈ /​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្ដើម​ពានរង្វាន់ និង​​ខ្សែក្រវាត់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) បានចាប់ផ្ដើម​ហើយ នា​យប់​ថ្ងៃទី​១៨ កញ្ញា នៅ​សង្វៀន TV5 ព្រែកកំពឹស​។

​នេះ​ជាការ​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ដែលមាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​៨​រូប ចូលរួម ដែល​ការប្រកួត​នេះ​ចែកចេញជា ២​ពូ​ល ដោយ​មួយ​ពូ​លៗ​មាន ៤​នាក់​។ ពូ​ល​នីមួយៗ ត្រូវ​ជម្រុះ​២​នាក់ ចេញ​ហើយ​ទុក​២​នាក់ ដែលមាន​ពិន្ទុ​លើសគេ ដើម្បី​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។

​សម្រាប់​ថ្ងៃ​បើកឆាក ដែលមាន​ការប្រកួត​ចំនួន​២​គូ​នោះ តាម​ការគ្រោងទុក គូ​ទី​១ ត្រូវ​អ្នក​​ប្រដាល់ សៀវ ង៉ុ​យ ក្លិប​អភិវឌ្ឍន៍​គុន​ខ្មែរ​រុងរឿង​ប្រកួត​ជាមួយ ឡុង ជិន ក្លិប​ខ្លារខិន​កីឡា តែ​មិន​ដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ដល់​ថ្ងៃ​ប្រកួត ឡុង ជិន បែរជា​គ្មាន​ឈ្មោះ​ប្រកួត ដោយ​ដាក់​អ្នក​ដាល់ វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា​ជំនួស​វិញ​។

​ការ​អវត្តមាន​អ្នក​ប្រដាល់ ឡុង ជិន មិន​ត្រូវបាន​ពន្យល់​ឡើយ តែបើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់ ឡុង ជិន មាន​បញ្ហា​ជាមួយ​ក្លិប​របស់ខ្លួន ។ជាមួយនឹង​ការផ្លាស់ប្ដូរ​គូប្រកួត​នេះ អ្នក​ប្រដាល់​វ៉ាន់ វឿន ដែល​មក​ជំនួស​នោះ បាន​យកឈ្នះ អ្នក​ប្រដាល់​ជើងចាស់ សៀវ ង៉ុ​យ ដោយ​ពិន្ទុ​។

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ ឈុត សេរី​វ៉ាន់​ថង មកពី​ក្លិប​រា​ហ៊ូ​ខេត្ត​បាត់​ដំ​​បង បាន​ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់ រិ​ន ដេវីដ ក្លិប​នាគរាជ​ចតុមុខ ឲ្យ​ដួលសន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ ។

​ពេលនេះ វ៉ាន វឿន និង ឈុត សេរី​វ៉ាន់​ថង​រកបាន​៣​ពិន្ទុ មុនគេ ក្នុងខណៈដែល សៀវ ង៉ុ​យ និង រិ​ន ដេវីដ ជួប​សំណាង​មិនល្អ​ដូចគ្នា​នោះ ។

​សូមបញ្ជាក់ថា នៅក្នុង​ថ្ងៃ​សម្ពោធ​បើក​ការប្រកួត​នាយ​ប់​ថ្ងៃទី​១៨ កញ្ញា មានការ​ចូលរួម​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង​រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងការពារជាតិ ៕ V / N