​ដោយៈ បូកគោ / កំពត​: នា​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​នគរបាល​ខេត្តកំពត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង ក្នុង​បទ​សង្ស័យ​រំលោភ​សម្លាប់ និង​ប្លន់​ទ្រព្យសម្បត្តិ​នារី​ម្នាក់ ពេល​ទៅ​ផ្លាស់​ចំណង​ក្របី ។ ករណីនេះ​បានកើត​ឡើង ក្នុងភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​។​

​លោក​វរសេនីយ៍ឯក លក ញ៉ា​វ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រាប់​ឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ង៉ុ​ក ច្រិល អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គគីរ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ឆេន ឆៃលី អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ព្រាល ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។​

​លោក​ស្នងការរង បាន​រៀបរាប់ថាៈ កាលពី​រសៀល ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី​រំលោភ រួច​សម្លាប់ ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ​នារី​ម្នាក់ កើតឡើង ក្នុងភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​។ មុន​កើតហេតុ នារី​រងគ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​ផ្លាស់​ចំណង​ក្របី ក្បែរ​ស្រែ​របស់​ជនសង្ស័យ​។ ដោយ​ឃើញ​ស្ថានភាព​ស្ងប់ស្ងាត់ ជនសង្ស័យ បាន​និយាយ ឡែបខាយ ទើប​កើត​ជាការ​ដៀល​ជេរ ធ្វើឱ្យ​ជនសង្ស័យ​ខឹង ក៏​ដេញតាម ហើយ​ដាល់​នារី រងគ្រោះ ចំ​មុខ​មួយ​ដៃ ដួល​លើដី ហើយ​នាង​បាន​ស្រែកហៅ​ឱ្យគេ​ជួយ តែ​ពុំមាន​អ្នក​ឮ​។ ក្រោយ​រំលោភ​រួច ជនដៃដល់ ក៏​យក​ខោ​រឹត ក នារី​រងគ្រោះ រហូតដល់​ស្លាប់​តែម្តង​។
​លោក​វរសេនីយ៍ឯក បាន​បញ្ជាក់ថា ជនសង្ស័យ បម្រុង​អូស​សព​កប់​ក្នុង​រណ្តៅ មួយ​ក្បែរ​នោះ តែ​មើលទៅ​ឆ្ងាយ ឃើញ​មនុស្ស ២ នាក់ កំពុង​ដើរ​បាញ់ថ្នាំ​ស្រូវ ទើប​បុរស​ដៃដល់ ជិះ​ម៉ូតូ​នារី​រងគ្រោះ ទៅ​លាក់ទុក​ក្នុងព្រៃ ក្បែរ​ខ្នង​ទំនប់ រួច​ប្រមូលយក​កាបូបស្ពាយ និង​ទូរ​សព្ទ​ជិះ​ម៉ូតូ​របស់ខ្លួន ត្រឡប់​ចូល​ផ្ទះ​វិញ​។ លុះដល់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែកញ្ញា ជនសង្ស័យ​បាន​ដើរ​ពី​ផ្ទះ​ទៅ​អូស​សព​ដាក់​ក្នុង​រណ្តៅ ហើយ​កាច់​មែកឈើ និង​រោយ​គ្រប់​ស្រូវ​ពីលើ រួច​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញ​ដោយ​មិន​ចូល​ភូមិ​វិញ​ឡើយ​។
​លោក​ស្នងការរង បាន​បន្តថាៈ ព្រោះតែ​បាត់​សមាជិក​មួយ​យប់ ក្រុមគ្រួសារ និង​សាច់ញាតិ បាន​តាមរក​រហូត​ប្រទះឃើញ​សព ក៏​ប្រញាប់ប្រញាល់ រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ​។ ផ្តើមចេញពី​ហេតុការណ៍​នេះ លោកស្នងការ​ខេត្តកំពត បាន​ណែនាំ​ដល់​រូបលោក ឲ្យ​ដឹកនាំ កម្លាំង​ជំនាញ ចុះ​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​។
​ជាមួយ​កិច្ចសម្របសម្រួល​នីតិវិធី ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពត ផង​នោះ រហូតដល់​រសៀល ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច ក៏បាន​តាម​ទាន់ រួច​ឃាត់ខ្លួន​បុរស​សង្ស័យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ នា​ភូមិសាស្ត្រ​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខណ​:​ពេល​ជន​នោះ ចូល​សម្រាក​ក្នុង​តូប​ទំនេរ​មួយកន្លែង ដោយ​រឹបអូស​នូវ​ម៉ូតូ និង​ទូរ​សព្ទ​ដៃ របស់​ជនរងគ្រោះ បាន​មកវិញ​ផងដែរ​។​

​ក្រោយ​សួរនាំ និង​កសាង​សំណុំបែបបទ​រួចរាល់ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក៏បាន​បញ្ជូន ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្តកំពត ដើម្បី​ចាត់ការ​បន្ត​៕ V / N