​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានសភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​១៨​កញ្ញា បាន​ថ្កោលទោស​អ្វី​ដែល​លោកស្រី​ពណ៌នា​ថា​ជា​ការវាយប្រហារ “​ខុសច្បាប់​” ដោយ​ប្រទេស​អា​ស៊ែ​បៃ​ហ្សង់​លើ​អា​មេនី ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​សង្គ្រាម​ឆ្នាំ ២០២០ របស់​ពួកគេ​។​

​រដ្ឋាភិបាល​ក្រុង​បា​គូ (Baku)​និង​យ៉េ​រ៉េ​វ៉ាន (Yerevan)​បាន​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​ថា​បានចាប់ផ្តើម​ការ​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ២០០ នាក់​។​

​លោកស្រី​ផេ​ឡូ​ស៊ី​បាន​ប្រាប់​អ្នកកាសែត​នៅ​ទីក្រុង​យ៉េ​រ៉េ​វ៉ាន​ថា “​ក្នុងនាម​សភា​អាម៉េរិក យើង​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​ទាំងនោះ​ដែល​បាន​គំរាមកំហែង​ដល់​ការរំពឹង​ទុក​អំពី​កិច្ច​ព្រម​​ព្រៀង​សន្តិភាព​ដែល​ត្រូវការ​យ៉ាង​ខ្លាំង​”​។​

​លោកស្រី​បន្ថែមថា “​អា​មេ​នី​មាន​សារៈសំខាន់​ជា​ពិសេស​ចំពោះ​ពួក​យើង ដោយសារតែ​ការផ្តោត​ទៅលើ​សន្តិសុខ បន្ទាប់​ពី​ការវាយប្រហារ​ខុសច្បាប់ និង​ដ៏​ប្រល័យ​ដោយ​អា​ស៊ែ​បៃ​ហ្សង់​នៅលើ​ទឹក​ដីអា​មេនី​។ ការវាយប្រហារ​នេះ​គឺជា​ការ​វាយប្រហារ​លើ​អធិបតេយ្យភាព​របស់​អា​មេ​នី​”​។​

​ប្រធានសភា​អា​មេ​នី​លោក អេ​ឡិន សាយ​ម៉ុន​យ៉ាន (Alen Simonyan) បាន​និយាយថា អរិភាព​រវាង​គូសត្រូវ​នៅ​តំបន់​កូកាស (Caucasus)​បានសំរេច​ឡើង​ត្រឹមតែ​មួយ​យប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ដោយសារ​ការសម្របសម្រួល​ដោយ​សហរដ្ឋ​អាម៉េរិក​។​

​ការប៉ុនប៉ង​មុនៗ​ដោយ​រុស្ស៊ី​ដើម្បី​សម្រួល​បទ​ឈប់​បាញ់​បាន​បរាជ័យ​។​

​លោក​បាន​ប្រាប់​អ្នកកាសែត​ជា​មួយ​លោកស្រី​ផេ​ឡូស៊ីថា​”​យើង​សូម​ថ្លែងអំណរគុណ​ដល់​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ចព្រមព្រៀង​នៃប​ទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​ដែល​បាន​សម្រេច​បាន​ដោយ​ការសម្របសម្រួល​​របស់​ពួកគេ​”​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន កាលពី​ថ្ងៃអាទិត្យ ក៏​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ លោក អ៊ី​ល​ហាម អា​លី​យ៉េវ (Ilham Aliyev) ផងដែរ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​លោក ណេ​ត ប្រា​យ (Ned Price) បាន​និយាយថា លោក​ប្លីង​កិន “​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​អា​លី​យ៉េវ​ប្រកាន់ខ្ជាប់​នូវ​បទ​ឈប់​បាញ់ បញ្ឈប់​ការចូលរួម​​ពាក់ព័ន្ធ​របស់​កងកម្លាំង​យោធា និង​ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​លេចធ្លោ​ទាំងអស់​រវាង​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្ស​ង់​តាមរយៈ​ការចរចា​ដោយ​សន្តិវិធី​”៕

​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាម៉េរិ​ក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី មកកាន់​អា​មេ​នី បង្ហាញ​ពី​ភាពស្និទ្ធស្នាល​កាន់តែខ្លាំង​ឡើង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​យ៉េ​រ៉េ​វ៉ាន​ដែល​កំពុង​ខកចិត្ត​ខ្លាំង​​ឡើង​ជុំវិញ​កង្វះ​ការគាំទ្រ​ពី​សម្ពន្ធមិត្ត​ប្រពៃណី​របស់​ខ្លួន​គឺ​រុស្ស៊ី