ដោយៈ រ៉ា​ម៉ន / ភ្នំពេញ​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ការកោតសរសើរ យ៉ាងខ្លាំង ចំពោះ​នគរបាល​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ ដែល​បាន​បំពេញការងារ​យ៉ាង​ល្អ រហូត​ទទួល​បានការ​កោត សរសើរ ពី​ប្រជាពលរដ្ឋ ក៏ដូចជា ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ បាន​ទាន់ពេលវេលា​។​

     លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការកោតសរសើរ​នេះ កាលពី​ព្រឹក ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការកោតសរសើរ​នេះ កាលពី​ព្រឹក ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅពេល​លោក បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ ជូន​នគរបាល​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចំនួន ១៤៥ នាក់ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ នៅ​ការិយាល័យ នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ កាលពីមុន សម្រាប់​ប៉ូលិស​អគ្គីភ័យ គឺ​តែងតែមាន ការលេចឮ​នូវ​ព័ត៌មាន​មិនល្អ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការចុះ​អន្តរាគមន៍ នៃ​ការ​ពន្លត់​អគ្គិភ័យ​។ ប៉ុន្តែ​សម្រាប់​ពេលនេះ គឺ​កម្លាំង​ប៉ូលិស​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ រាជធានី​ភ្នំពេញ ពិតជា​ទទួលបាន​នូវ​ការកោតសរសើរ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ពោលគឺ នៅពេល​ដែលមាន​អគ្គិភ័យ​កើតឡើង រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ទៅដល់​ទីតាំង​កើតហេតុ​ភ្លាមៗ និង​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ បាន​ទាន់ពេលវេលា​។​

​លោក ឃួ​ង ស្រេង បាន​បន្តទៀតថាៈ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​យកចិត្ត​ដាក់​ពី​សុខ ទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​សម្ដេច​មិន​ត្រឹមតែ​បាន​រំដោះ​ប្រទេសជាតិ ចេញពី​របប​ប៉ុលពត​ប៉ុណ្ណោះ​ទេ តែ​បាន​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​ថែមទៀត ។ ជាមួយគ្នា​នោះ ពាក់ព័ន្ធ​នឹង ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ -១៩ សម្តេច​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ កូ​វីដ -១៩ មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ បាន​គ្រប់គ្នា រហូត​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស ងើបឡើង​វិញ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថាៈ ចំពោះ​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន​មន្ត្រី នគរបាល​បង្ការ​ពន្លត់​អគ្គ​ភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចំនួន ១៤៥ នាក់​នេះ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី​១​កេស​តូច ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹកបរិសុទ្ធ​២​កេស និង​ថវិកា​ចំនួន ៤០ ម៉ឺន​រៀល​។​

​លោក​ឧត្ដមសេនីយ៍ត្រី ស៊ុប សុ​ឃីម ស្នងការរង តំណាងឱ្យ​អង្គភាព​នគរបាល​បង្កា​រ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានលើកឡើង​ថាៈ ក្នុង​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០២២ នេះ នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ករណី​អគ្គិភ័យ​កើតឡើង ចំនួន ៨៣ លើក ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ៩៩៨ គ្រឿង ស្មើនឹង​ទឹក ៣.៨៣៣ ម៉ែត្រគូប ។ ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១​នាក់​/​ស្រី របួស ២៤ នាក់ ឆេះ​ផ្ទះ ១១៣ ខ្នង សំណង់​មិន​រៀបរយ ៨០ ខ្នង ឆេះ​រថយន្ត ២៧ គ្រឿង ម៉ូតូ ១៤ គ្រឿង បន្ទប់​ខារ៉ាអូខេ ៦ បន្ទប់ ក្លិប​កម្សាន្ត ១​កន្លែង កន្លែង​ស្តុក​ហ្គាស ១​កន្លែង ឃ្លាំង​ជួសជុល​រថយន្ត ១​កន្លែង និង​សម្ភារៈប្រើប្រាស់​មួយចំនួន ។ កត្តា​ដែល​បង្ក​ឲ្យ​មាន​ករណី​អគ្គិភ័យ​នេះ ផ្តើមចេញពី​ការឆ្លង​ចរន្តអគ្គិសនី ៥៦ លើក គ្រោះថ្នាក់​ចរាចរណ៍ ១​លើក និង​បញ្ហា​ផ្សេងៗ ២៦ លើក ៕ V / N