ដោយៈជា សីហៈ/ភ្នំពេញៈ ក្រុមអ្នកអភិរក្សនិងអាជ្ញាធរខេត្តព្រះវិហារបានសហការគ្នាបំពាក់ឧបករណ៍បញ្ជូនសញាលើខ្លួនសត្វទាព្រៃស្លាបសមួយក្បាលនៅមុនពេលដោះលែងដើម្បីសិក្សានិងតាមដានការបន្លាស់ទីរបស់វា ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានអះអាងកាលពីពេលថ្មីៗនេះថា ក្រោមការសហការជាមួយនឹងអង្គការ WCS និងមន្ទីរបរិស្ថានខេត្តព្រះវិហារ មជ្ឈមណ្ឌល បានលែងទាព្រៃស្លាបស ញី មួយក្បាល ចូលក្នុងទីជម្រកធម្មជាតិវិញក្នុងខេត្តព្រះវិហារប្រកបដោយសុវត្ថិភាព ក្រោយពេលដែលក្រុមការងារបានបំពាក់ឧបករណ៍បញ្ជូនសញ្ញាលើខ្លួនសត្វដ៏កម្រនេះ ។

ប្រភពដដែលបានបន្តថា ក្រុមការងារនឹងតាមដាននិងប្រមូលព័ត៌មានអំពីដំណើររស់នៅរបស់ទានេះពីចម្ងាយតាមរយៈឧបករណ៍បញ្ជូនសញ្ញា ហើយព័ត៌មានដែលទទួលបាននឹងត្រូវយកមកប្រើប្រាស់ជាមូលដ្ឋានសម្រាប់រៀបចំផែនការសកម្មភាពដើម្បីគាំទ្រដល់ការងារអភិរក្សប្រភេទទាព្រៃស្លាបសនេះនៅក្នុងប្រទេសកម្ពុជា។

សត្វប្រភេទនេះ ជាប្រភេទជិតផុតពូជ ដែល តាមការប៉ាន់ស្មាន ទាព្រៃស្លាបសនៅក្នុងប្រទេសកម្ពុជាមានចំនួនតិចជាង ១០០ក្បាល។

សមាជិកសហគមន៍តំបន់ការពារធម្មជាតិដែលទទួលបានការគាំទ្រពីអង្គការ WCS បានជួយសង្គ្រោះទានេះនៅពេលពួកគាត់បានឃើញវាជាប់មងដែលគេដាក់នេសាទត្រីនៅក្នុងតំបន់មួយឆ្ងាយដាច់ស្រយាលពីទីរួមខេត្តព្រះវិហារក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយទានេះត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌល ដើម្បីព្យាបាលរបួសនៅលើស្លាបនិងថែទាំសុខភាពមួយរយៈពេល៕