ដោយៈ​ប​.​ខុន / ភ្នំពេញៈ ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មិនទាន់​ធូរស្រាល ហើយ​ភ្លៀង​នៅតែ​បន្ត មាន​ធ្លាក់​ច្រើន​ទៀត ធ្វើឱ្យ​ទឹក​នៅតាម​បណ្តា អាង​មួយចំនួន ហក់​ឡើង​ខ្ពស់ ហូរហៀរ​លើ​ខ្នង​ទំនប់​អាងទឹក​មួយចំនួន តែ​ត្រូវបាន​កាយ ទប់ ដោយ​គ្រឿងចក្រ ទាំងយប់ ទាំង​ថ្ងៃ មិនឱ្យ​ទឹក​ហូរ​ច្រោះ​ដាច់​ទំនប់ កន្លែង​ណាមួយ​ឡើយ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ស្ថានភាព​ជំនន់​ទឹក ភ្លៀង នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​មិនទាន់​ធូរស្រាល​ទេ ហើយ​ភ្លៀង​ក៏​នៅមាន​បន្ត​ធ្លាក់​ច្រើន ថែម​មកទៀត នៅពេល​ខាងមុខ តែ​មិនមាន​ការលិចលង់​ធ្ងន់ធ្ងរ​នោះទេ ដោយសារ​ប្រធាន មន្ទីរ​ធនធានទឹក​ខេត្ត​នេះ ធ្វើការ​គ្រប់គ្រង​ទឹកបាន​ល្អ ដោយ​ចុះ​បិទ​បើកទឹក និង​ការពារ ប្រព័ន្ធធារាសាស្ត្រ មិនឱ្យ​បាក់​ដាច់ ទាំងយប់ ទាំង​ថ្ងៃ​។​

​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៩ ខែកញ្ញា​ថាៈ ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ឧ​ត្ត​រ​មានជ័យ មិនទាន់​ធូរស្រាល​ទេ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល ៤​ថ្ងៃ​ជាប់​គ្នា កន្លងទៅនេះ មាន​បរិមាណ​ទឹកភ្លៀង ធ្លាក់​សរុប​ចន្លោះ​ពី ១៧៤ ដល់ ២៥៨ មី​លី​ម៉ែត្រ ធ្វើឱ្យមាន​ការលិចលង់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ និង​លិច​ផ្លូវលំ​ជនបទ​មួយចំនួន​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ ជំនន់​ទឹកភ្លៀង នៅ​ភាគ​ខាងលើ បាន​ស្រក​ចុះ​បន្តិច តែ​ទឹក​នៅតាម​បណ្តា​អាង​មួយចំនួន មានការ​ហក់​ឡើង​ហូរហៀរ​លើ​ខ្នង​ទំនប់ ហើយ​ត្រូវ បាន​លើក​ទំនប់​បន្ថែម​លើ​ខ្នង​ទំនប់ ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​ការពារ​មិនឱ្យ​ទឹក​ហូរ​កាត់​លើ ខ្នង​ទំនប់ ខ្លាច​ច្រោះ​ដាច់ ដែល​រហូតមកដល់រ​សៀ​ល ថ្ងៃទី​១៩ ខែកញ្ញា នេះ មិនទាន់មាន​ទំនប់​អាងទឹក​ណាមួយ ត្រូវបាន​បាក់​ដាច់ ដោយ​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ​។ នៅ​គ្រប់​អាងទឹក មាន​មន្ត្រី​ប្រចាំការ តាមដាន​ស្ថានភាព​ទឹក ២៤​ម៉ោង និង​មាន​គ្រឿងចក្រ ត្រៀម​សម្រាប់​អន្តរាគមន៍​ជាប្រចាំ​៕ V / N