ដោយៈ ទេព មង្គល / ភ្នំពេញៈ ដោយបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន នឹង​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (16 AMMTC and Its Related Meetings) ចាប់ពី​ថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ​២០២២ តាម​ប្រព័ន្ធ​វីដេអូ ។​

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ ចុះ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ ស្តីពី​ការរៀបចំ​កិច្ច​ប​ជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​ឧក្រិដ្ឋកម្ម ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (16th ASEAN Ministerial Meeting on Transnational Crime and Its Related Meetings)​។​

​ប្រភព​ដដែល បាន​អះអាងថាៈ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ គឺជា​វេទិកា​សម្រាប់​រដ្ឋមន្ត្រី មកពី​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន ផ្លាស់ប្ដូរ​យោបល់ និង​ចែករំលែក​បច្ចុប្បន្នភាព អំពី​និន្នាការ ឧក្រិដ្ឋកម្ម​ឆ្លងដែន ក្នុង​តំបន់ និង​សកល ជាពិសេស​លើ​ប្រភេទ នៃ​ឧក្រិដ្ឋកម្ម​ទាំង​១០ ដែល​បានកំណត់ ក្នុង​ក្របខណ្ឌ​នៃ​កិច្ច សហប្រតិបត្តិការ​រប​ស់អា​ស៊ាន ដូចជា ការរត់ពន្ធ​អាវុធ អំពើ​ភេរវកម្ម ការសម្អាត​ប្រាក់ អំពើ​ប្លន់​លើ​ផ្ទៃសមុទ្រ ការរត់ពន្ធ​មនុស្ស ការជួញដូរ​មនុស្ស បទល្មើស​សេដ្ឋកិច្ច​អន្តរជាតិ បទល្មើស​បច្ចេកវិទ្យា ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ និង​ការជួញដូរ​សត្វព្រៃ និង​ឈើ​ខុសច្បាប់ ។ ទន្ទឹមនេះ កិច្ចប្រជុំ ក៏​នឹង​ពិនិត្យ ពិភាក្សា​លើ​កម្មវិធី​ការងារ និង​ផែនការ​សកម្មភាព ដែល​បាន​ដាក់ចេញ​កន្លងមក ដើម្បី​ឈានទៅ​កំណត់​ទិសដៅ អនុវត្ត​បន្ត ។​

​នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ លើក​ទី​១៦ នេះដែរ ក្រសួងមហាផ្ទៃ ក៏​នឹង​ធ្វើជា​ប្រធាន កិច្ចប្រជុំ ពិគ្រោះ​យោបល់​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាមួយ​ដៃគូ​សន្ទនា បូក​បី (​ចិន​, ជប៉ុន​, សាធារណរដ្ឋ​កូរ៉េ​) លើក​ទី​១២ (12th AMMTC + 3 Consultation) ៕ V / N