ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រជាជន​រាប់លាន​នាក់​នៅក្នុង​ទីក្រុង​ចេង​ទូ (Chengdu)​ដ៏​ធំ​របស់​ចិន​បាន​ងើប​ចេញ​ពី​ការបិទ​ខ្ទប់​ទប់ស្កាត់​កូវី​ដ​១៩ ដែល​បាន​បិទ​សាលារៀន រំខាន​ដល់​​អាជីវកម្ម និង​បង្ខំ​អ្នកស្រុក​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍​។​

​ជាមួយ​នឹង​ប្រជាជន​ចំនួន ២១ លាន​នាក់​ទីក្រុង​ចេង​ទូ​ភាគ​និរតី​ប្រទេស​ចិន​គឺ​ជា​ទីក្រុង​ធំ​បំផុត​របស់​ចិន​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ចាប់តាំងពី​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​គឺ​ទីក្រុង​សៀង​ហៃ​បាន​​ដាក់ចេញ​ការបិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​រយៈពេល​ពីរ​ខែ​នៅក្នុង​ខែ​មេសា ដែល​បណ្តាល​ឱ្យ​អ្នកស្រុក​ជាច្រើន​ប្រវេប្រវា​ស្វែងរក​អាហារ​។​

​ចិន​គឺ​ជា​សេដ្ឋកិច្ច​ដ៏​សំខាន់​ចុងក្រោយ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ ហើយ​ពួក​មន្ត្រី​កំពុង​ស្ថិត​ក្រោម​សម្ពាធ​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ភ្លាមៗ​នៅ​មុន​កិច្ចប្រជុំ​នយោបាយ​ដ៏​​សំខាន់​នៅ​ពាក់កណ្តាល​ខែ​តុលា​។​

​រដ្ឋបាល​ក្រុង​ចេង​ទូ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​កញ្ញា​ថា “​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ទីក្រុង​ទាំងមូល​ជំងឺ​រាតត្បាត​ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​​ប្រសិទ្ធភាព​”​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា នាយកដ្ឋាន​រដ្ឋាភិបាល សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ និង​ក្រុមហ៊ុន​នានា​អាច​ដំណើរការ​ឡើងវិញ​បាន​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​បាន​បិទទ្វារ​កាលពី​ថ្ងៃទី ១ ខែ​កញ្ញា​។​

​ទីក្រុង​ចេង​ទូ​នឹង​បន្ត​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ ហើយ​អ្នក​ដែល​ចង់​ចូល​តំបន់​សាធារណៈ ឬ​ការដឹកជញ្ជូន​សាធារណៈ​នឹង​ត្រូវការ​លទ្ធផល​តេស្តិ៍​កូ​វីដ​អវិជ្ជមាន​ក្នុងរយៈពេល ៧២ ម៉ោង​ដែល​ស្រដៀង​នឹង​ច្បាប់​នៅ​​ទីក្រុង​ធំៗ​ផ្សេងទៀត ដូចជា​ទីក្រុង​ប៉េកាំង​និង​សៀង​ហៃ​ដែរ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា សាលារៀន​នឹង​បើក​ឡើង​វិញ “​តាម​លំដាប់លំដោយ​” ហើយ​សិស្ស​ដែល​ត្រឡប់មកវិញ​នឹង​ត្រូវ​ធ្វើតេស្តិ៍​យ៉ាង​តឹងរ៉ឹង​។​

​កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក ក្លិប​បៀរ​ម៉ា​ចុង និង​កន្លែង​កម្សាន្ត​ក្នុង​អគារ​ផ្សេងទៀត​ទាំងអស់​ត្រូវតែ​ពិនិត្យមើល​ថា​តើ​ភ្ញៀវ​មាន​លទ្ធផល​តេស្តិ៍​អវិជ្ជមាន​ក្នុងរយៈពេល ៤៨ ម៉ោង​ឬ​អត់​។​

​គ្មាន​ករណី​ថ្មី​ត្រូវបាន​រាយការណ៍​នៅក្នុង​ទីក្រុង​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​អ្នកស្រុក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា ក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង អ្នកស្រុក​មួយចំនួន ដែល​ត្រូវ​បាន​បង្ខាំង​នៅក្នុង​ផ្ទះ មិន​អាច​សូម្បី​តែ​រត់​ចេញ​ខ្លួន នៅពេល​ដែល​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ផ្នែក​ក្បែរ​នោះ​នៃ​ខេត្ត​ស៊ី​ឈ័ន បាន​ញ័រ​រលក​រញ្ជួយ​ពេញ​ទីក្រុង​កាលពីដើម​ខែ​នេះ​។​

​ទីក្រុង​ចេង​ទូ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​វាយ​កូន​តេ​ន្នី​ស​លើ​តុ​ពិភពលោក​នៅ​ចុង​ខែ​កញ្ញា​ក្នុង “​រង្វង់​បិទ​ជិត​មួយ​” ដែល​នឹង​ក្លាយជា​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​លើកដំបូង​របស់​ចិន​ចាប់តាំងពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​និង​ប៉ា​រ៉ា​ឡាំ​ពិ​កនៅ​ទីក្រុង​ប៉េកាំង​ក្នុង​ខែកុម្ភៈ និង​ខែមីនា​៕

ការ​រឹតបន្តឹង​របស់​ទីក្រុង​ចេង​ទូ​ត្រូវបាន​ដកចេញ បន្ទាប់​ពី​ទីក្រុង​រាយការណ៍​ករណី​ថ្មី​សូន្យ​នៅ​ថ្ងៃ​ចន្ទ​នេះ