ដោយៈ សុផល / ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថាៈ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈដែលមានលទ្ធផល ដូចខាងក្រោម៖

១- អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដល់គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

២- អង្គប្រជុំបានអនុម័តលើ គម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៣ ដើម្បីបញ្ជូន ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

៣- អង្គប្រជុំ បានអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់ រដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៦ ដោយបាន ប្រគល់ភារកិច្ចដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តបញ្ចូលសកម្មភាពរដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នាពេលខាងមុខ។

៤- អង្គប្រជុំបានអនុម័តសេចក្តីព្រាងគម្រោងផែនការការទូតសភាកម្ពុជា ឆ្នាំ២០២៣៕/V