ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ ដោយសង្កេតឃើញពីការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មានលំបាកក្នុងការធ្វើចរាចរណ៍ទៅមក ដោយសារតែផ្លូវរងការខូចខាតនោះ លោក ចាន់ ប៊ុន ចៅសង្កាត់កំពង់ក្របៅ និងក្រុមការងារនៃសង្កាត់រដ្ឋបាលកំពង់ក្របៅ បានលើក គម្រោងផ្ដល់ផ្លូវបេតុង ប្រវែង ៥៩៥ ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ១,៥០ សង់ទីម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំ ឆ្នាំ២០២២ ចំនួន ២៥២ លានរៀល ហើយគម្រោង នេះ កំពុងតែអនុវត្តនៅក្នុងភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ។

លោក ចាន់ ប៊ុន បានដឹងពីគម្រោងនេះ នាថ្ងៃទី១៩ ខែកញ្ញា នេះ ដោយលោកបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឲ្យមានសុវត្ថិភាព និងងាយស្រួលក្នុងការធ្វើចរាចរណ៍ចេញ ចូលភូមិ ពីភូមិទៅភូមិមួយ ដោយងាយស្រួល ក្នុងរដូវវស្សា ដែលករណីនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ទាំងមូល កាន់តែមានទំនុកចិត្ត ដល់ថ្នាក់ដឹកនាំមូលដ្ឋាន ដែលយកចិត្តទុកដាក់ផ្ដល់ផ្លូវបេតុង មួយខ្សែនេះ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ឲ្យមានការរីកចម្រើន និងសម្រាប់ប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។

ទន្ទឹមនឹងនោះ អាជ្ញាធរសង្កាត់ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាការពារ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលបានកសាងរួចហើយ និងកំពុងតែកសាង ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រើប្រាស់បានយូរអង្វែង តកូនតចៅ ជំនាន់ក្រោយ៕/V