ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ៖ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជាសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប)​លើក​ទី​៧៧ បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់លោក អា​បេ​ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ពីថ្ងៃ​ទី​២១-២៨ ខែកញ្ញា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២​។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ​គណៈប្រតិភូ​នឹង​អញ្ជើញ​អមដំណើរ​រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកបណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ របស់​រដ្ឋាភិបាល​ផ្សេងទៀត​។​

​ប្រភពដដែលឱ្យដឹងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​សម័យប្រជុំ​លើក​ទី​៧៧ នៃ​កិច្ចពិភាក្សា​ទូទៅ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ (​ម​ស​អសប​) ក្រោម​ប្រធានបទ «​ចំណុច​របត់​សំខាន់​នៃ​ការផ្លាស់ប្តូរ​មិនអាច​ត្រឡប់ក្រោយ​បាន​៖ ដំណោះស្រាយ​បរិវត្ត​កម្ម​ចំពោះ​បញ្ហា​ប្រឈម​ប្រទាក់ក្រឡា​គ្នា​» ចាប់ពី​ថ្ងៃទី​២១-២៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីក្រុង​ញូវយ៉ក​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ​របស់​កម្ពុជា នៅក្នុង​កិច្ចពិភាក្សា​ទូទៅ​របស់ ម​ស​អសប​។ បទ​អន្តរាគមន៍​នេះ នឹង​ផ្តោតលើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ក្នុងការ​គាំទ្រ ពហុភាគី​និយម​ផ្អែកលើ​ការ​គោលការណ៍​ច្បាប់ ការរួម​សហការគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ផ្នែក​សុខភាព​ជាស​កល​ដែល​កំពុង​បន្ត​កើតមាន ការប្រែប្រួល​អាកាសធាតុ ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម ពហុភាគី គោលនយោបាយ​ឌីជីថល​និង​សេដ្ឋកិច្ច​បៃតង ព្រមទាំង​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការរក្សាបាន​នូវ​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​យូរអង្វែង​។

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹងមាន​ជំនួប​បន្តបន្ទាប់​គ្នា​ជាមួយលោក អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក ឆា​លស៍ មី​ឆែ​ល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោកស្រី សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត បង់​ក្លា​ដែ​ស លោកបណ្ឌិត ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជា​ធិ​ប​- តេ​យ្យ​ទី​ម័​រ​ខាងកើត ហើយ​និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ផងដែរ​។​

​ខណៈពេល​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចូលរួម​ក្នុង ម​ស​អសប លើក​ទី​៧៧លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន (IAMM) ដែល​នឹង​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ឱកាស​នៃ ម.​ស.​អ.ស.ប លើក​ទី​៧៧ ហើយ​នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​មួយចំនួន និង​តំណាង ស្ថាប័ន​អភិវឌ្ឍន៍​ផងដែរ​។

ដោយឡែកចំពោះទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា​៖ តប​តាម​ការអញ្ជើញ​របស់លោក មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីនឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា​ពីថ្ងៃ​ទី​២៣-២៥ ខែកញ្ញា ឆ្នាំ​២០២២ ។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​ផ្លូវការ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម ប្រធានាធិបតី មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស ពិភាក្សា​អំពី​មធ្យោបាយ ដើម្បី​បន្ត​ពង្រឹង​ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​កម្ពុជា​និង​គុយបា និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ​។ បន្ទាប់ពី​ជំនួប​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ប្រាំ រួមមាន៖ ១. កម្មវិធី​នៃ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​វប្បធម៌, ២. អនុស្សរណៈ​យោគយល់គ្នាស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ការទូត​នៃ​ប្រទេស​ទាំងពីរ, ៣. អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​កីឡា ,៤.គម្រោងកិច្ច សហប្រតិបត្តិការ​រ​វាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ និង ៥. អនុស្សរណៈ​យោគយល់​គ្នា​រវា​ក្រសួងសុខា ភិបាល​កម្ពុជា​-​គុយបា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ចូលជួប​សម្តែង​ការគួរសម​ចំពោះលោក អេ​ស្តេ​បាន ឡា​ហ្សូ ហឺ​ណាន់​ដេ​ស ប្រធានរដ្ឋសភា​នៃ​អំណាច​ប្រជាជន​គុយបា​។ សម្តេច​តេ​ជោ ក៏​រំពឹងថា​នឹង​ចូលជួប សម្តែង​ការគួរសម​ចំពោះ ឯកឧត្តម រ៉ា​អ៊ូ​ល ខាស​ស្ត្រូ អតីត​ប្រធានាធិបតី​គុយបាផងដែរ​។​

​នៅ​រដ្ឋធានី​ហា​វា​ណា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​ទស្សនា​មជ្ឈមណ្ឌល ហ្វី​ដែល កា​ស្ត្រូ (Fidel Castro) និង​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្ស៊េ​ន និង​បច្ចេកវិទ្យា​ជីវៈ និង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​អនុស្សាវរីយ៍ ចូ​ហ្សេ ម៉ា​ទី (José Martí)​។ សម្តេច​តេ​ជោ ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​និង​រស់នៅក្នុង​ប្រទេស​គុយ​បា​ផងដែរ​។​

ចំណែក​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់ លោក អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​៖ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចាក​ចេញពី​ទីក្រុង​ហា​វា​ណា ឆ្ពោះទៅកាន់​ទីក្រុង​តូ​ក្យូ​ដើម្បី ចូលរួម​ក្នុង​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់ ឯកឧត្តម អា​បេ ស៊ីន​ហ្សូ (ABE Shinzo) អតីត​នាយករដ្ឋមន្ត្រី ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​។​

​អតីត​នាយករដ្ឋមន្ត្រី លោក អា​បេ ស៊ីន​ហ្សូ គឺជា​មិត្ត​ដ៏​ល្អ​យូរអង្វែង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​កម្ពុជា​។ នៅក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​របស់​លោក លោក​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន ក្នុងនោះ​រួមទាំង ការលើក​កម្រិត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យក្លាយ​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០១៣​។ ឯកឧត្តម​ត្រូវបានគេទទួលស្គាល់ និង​កោតសរសើរ​យ៉ាង​ទូលំទូលាយ​ចំពោះ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​សមត្ថភាព ក្នុងការ​ជំរុញ​វឌ្ឍនភាព​របស់​ជប៉ុន និង​ការចូលរួម ចំណែក​យ៉ាងសកម្ម​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រំពឹង​នឹង​ជួប​ជាមួយ​សម​ភាគី​បរទេស​របស់​សម្ដេច និង​ទទួល​ការជួប​សម្តែង​ការគួរសម​ពី​សំណាក់​ឥស្សរជន​ជប៉ុន​៕​សរន