អាជ្ញាធរខេត្ត​កែប​បើក​យុទ្ធនា​ការដាំ​ដើមត្នោត​លម្អ​ក្រុង​

2364
ចែករម្លែក

​កែប​៖ ក្នុង​បំណង​បង្កើន​សោភ័ណភាព និង​លម្អ​បរិស្ថាន​ក្រុង ស្រប​ពេលដែល​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​ពីរ នឹង​ឈានចូល​មកដល់​នា​ចុងឆ្នាំ​២០១៧ ខាងមុខ អាជ្ញាធរខេត្ត​កែប បាន​បើក​យុទ្ធនាការ​ដោំ​ដើមត្នោត​ជា​ប្រភេទ​រុក្ខជាតិ​កេរ​ម៌​តក​ខ្មែរ នៅ​បណ្តា​ទីតាំង​សំខាន់ៗ​មួយចំនួន​ទូទាំង​ក្រុងកែប​។​

​លោក​ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថា ក្នុង​ដំណើរ​ចុះ​ពិនិត្យមើល​សកម្មភាព​ស្ថាបនា​ផ្លូវ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​បាន​នាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ដាំ​ដើមត្នោត​អម​សងខាង​ផ្លូវជាតិ​លេខ​៣៣​អា ដែល​កំពុងដំណើរការ​ស្ថាបនា​យ៉ាង​សស្រោកសស្រាំ​នោះ​។ ជា​លទ្ធផល​ពេញ​រយៈពេល​មួយ​ព្រឹក ត្នោត​ចំនួន​២២​ដើម​ត្រូវបាន​ដាំ​រួចរាល់​។​

​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា​ការដាំ​នេះ​មិនបាន​កម្រិត​គម្លាត​គ្នា​ពី​ត្នោត​មួយ​ដើម​ទៅមួយ​ដើម​នោះឡើយ ដោយ​ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្តែង និង​មិន​ដាំ​តម្រាបជួរ​ជាមួយ​ដើមឈើ​ដែល​បាន​ដាំ​កន្លងមក​ទេ គឺ​ចន្លោះ​រវាង​ដើមឈើ និង​របង​ដី​ភូមិឋាន​អម​សងខាង​ផ្លូវ​។​

​លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប បាន​មានប្រសាសន៍ថា ដើមត្នោត​ត្រូវបាន​កំណត់​ជា​កេរ​ម៌​តក​ខ្មែរ​យូរលង់​ណាស់​មកហើយ​។ ដូច្នេះ​ការដាំ​ឡើងវិញ នូវ​ប្រភេទ​រុក្ខជាតិ​សម្គាល់​សម្បត្តិ​កេរដំណែល​នេះ ជា​រឿង​សំខាន់ ដើម្បី​បញ្ចៀស​ពី​ការបាត់បង់​ដែលនាំឱ្យ​អ្នកជំនាន់ក្រោយ មិនបាន​ស្គាល់​នោះ​។

​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា​ការដាំ​ដើមត្នោត​នេះ អាជ្ញាធរ​នឹង​បន្តធ្វើ​ដោយ​ជ្រើសរើស​ទីតាំង​សំខាន់ៗ​ក្នុង​ក្រុង ព្រោះ​រុក្ខជាតិ​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​បង្កើន​សោភ័ណភាព និង​លម្អ​បរិស្ថាន​ផងដែរ​។​

​សូមបញ្ជាក់ថា​នា​ចុងឆ្នាំ​២០១៧ ដ៏​ខ្លី​ខាងមុខ អាជ្ញាធរខេត្ត​កែប សហការ​ជាមួយ​ក្រសួងទេសចរណ៍​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​ពីរ បន្ទាប់ពី​ទទួលជោគជ័យ​ក្នុង​ជុំទីមួយ​កាលពី​ឆ្នាំ​២០១៣​។ ដូច្នេះហើយ​ទើប​អាជ្ញាធរខេត្ត​មមាញឹក ចំពោះ​ការបង្កើត​សមិទ្ធផល​សំខាន់ៗ​នានា ពិសេស​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ និង​សោភ័ណភាព របៀបរៀបរយ​ក្នុង​ក្រុង​បំណង​ដណ្តើមយក​ភាពជោគជ័យ​បន្ថែមទៀត​៕​ ដោយ៖ បូកគោ

ទីតាំងផ្សាយពាណិជ្ជកម្ម