ដោយៈ ប.ខុន / ភ្នំពេញៈ ក្រោយពីព្យុះទី១៤ បានដើរទៅឆ្ងាយ និងថយឥទ្ធិពលពីកម្រិត TY មកនៅត្រឹមកម្រិត STS ស្ថានភាពភ្លៀងធ្លាក់ ក្នុងប្រទេសកម្ពុជា នៅតែបន្តកើត មានដោយសារឥទ្ធិពលនៃជ្រលងប្រព័ន្ធសម្ពាធទាប ហើយភ្លៀងធ្លាក់ ក្នុងបរិមាណច្រើន បន្តកើតមានជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ខ្ពង់រាបភាគខាងជើង ។ ការធ្លាក់ភ្លៀង ច្រើនជោកជាំជាបន្តបន្ទាប់ ដោយសារនៅតំបន់ត្រូពិក ស្ថិតក្រោមឥទ្ធិពលបាតុភូត ឡានីណា ដែលបានកើតមានតាំងពីចុងឆ្នាំ២០២០ រហូតមកដល់ពេលនេះ នៅតែមាន ឥទ្ធិពលខ្ពស់ ដល់ទៅជាង ៩០ ភាគរយ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្លលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថាៈ ក្រោយពីព្យុះទី១៤ បានដើរទៅឆ្ងាយ និងថយឥទ្ធិពលពីកម្រិត TY មកនៅត្រឹមកម្រិត STS ស្ថានភាពភ្លៀងធ្លាក់ ក្នុងប្រទេសកម្ពុជា នៅតែបន្តកើតមាន ដោយសារឥទ្ធិពលនៃជ្រលង ប្រព័ន្ធសម្ពាធទាប ។ ភ្លៀងធ្លាក់ក្នុងបរិមាណច្រើន បន្តកើតមានជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ខ្ពង់រាប​ភាគខាងជើង។

អ្នកនាំពាក្យ ក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ក្រោយពីព្យុះទី១៤ រលាយនៅភាគឦសាន នៃប្រទេសជប៉ុនហើយ អាចនឹងមានព្យុះថ្មី មួយទៀត កើតមាន នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ហើយដើរចូលមកក្នុងសមុទ្រចិនខាងត្បូង បង្កឱ្យមានភ្លៀងធ្លាក់ ច្រើនថែមទៀត នៅអំឡុងក្រោយពេលបុណ្យភ្ជុំបិណ្ឌ ។ នៅក្រោយពេលបុណ្យភ្ជុំបិណ្ឌ មានព្យុះកើតមាន ជាបន្តបន្ទាប់ ហើយភាគច្រើន ដើរចុះមកក្រោម (ត្បូង)។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ តំបន់ត្រូពិក នៅពេលនេះ ស្ថិតក្រោម​ឥទ្ធិពលនៃបាតុភូធឡានីណា រហូតដល់ជាង ៩០​ ភាគរយ អូសបន្លាយរហូតទៅដល់ ខែវិច្ឆិកា ហើយបាតុភូត ឡានីណា កើតមានរយៈពេលវែង ជាប់រហូតដល់ជិត ៣ ឆ្នាំ ម្តងៗនេះ ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ បានកើតមានចំនួន បីលើក ដូចជា នៅ អំឡុងពីឆ្នាំ១៩៧៣ ដល់ ១៩៧៥ , លើកទី២ នៅអំឡុងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០១ និងលើកទី៣ ពីចុងឆ្នាំ២០២០ អាចនឹងអូសទៅដល់ចុងឆ្នាំ២០២២ ដែលជាឆ្នាំ ភាគច្រើន ពោរពេញទៅដោយគ្រោះមហន្តរាយទឹកជំនន់។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹង ស្តីអំពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលនៅក្នុងសប្តាហ៍នេះ នឹងរំកិលចុះឡើង នៅចន្លោះពីភាគខាងជើង ប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតី បក់ក្នុងល្បឿន ពីខ្សោយទៅបង្គួរ ឱ្យមានភ្លៀងធ្លាក់​ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ តំបន់ខ្លះ អាចមានភ្លៀងច្រើនលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សា សេ និងសីតុណ្ហភាព អតិបរមាមានពី ៣១ ទៅ ៣៣ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាព​អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះតំបន់ខ្លះ អាចមានភ្លៀងច្រើន​ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ​ ៣២ អង្សាសេ។ អាចមានភ្លៀងក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមស្ថានភាពធាតុអាកាស ដូចខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមអាជ្ញាធរដែនដី និងសាធារណជន ជ្រាបជាព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្ន ចំពោះជំនន់ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើន កន្លងមក និងភ្លៀងជាបន្តបន្ទាប់ បន្ថែមផ្ទួនៗ៕/V