ដោយៈសុក្ខារិន/ពោធិ៍សាត់៖លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងលោកស្រី បាននាំយកចង្ហាន់ និងបច្ច័យប្រគេន​ព្រះសង្ឃនិងចូលរួមបុណ្យកាន់បិណ្ឌ៩ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តពុទ្ធារាមហៅ វត្តភូមិស្ទឹង នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២។

ក្នុងឱកាសនេះលោក ស៊ុយ សែមបានទូលប្រគេននិងជម្រាបជូន នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេបានគិតគូរ​និង យកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌ៩នៅវត្តភូមិស្ទឹងនេះក្រៅពីចង្ហាន់លោក ស៊ុយ សែម និងលោកស្រីបានប្រគេន អង្ក មី ភេសជ្ជៈ ទឹកបរិសុទ្ធ ត្រីខកំប៉ុង និងបច្ច័យមួយចំនួនធំរៀល។ប្រគេនបច្ច័យព្រះសង្ឃ,ជូនលោកតាលោកយាយ ជាង៣០០នាក់នូវក្រណាត់ស សាប៊ូនិងថវិកា និងជូនថវិកាដល់កងកម្លាំងប្រដាប់អាវុធប្រមាណជាង៣០នាក់ផងដែរ ៕សរន