ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រ ធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំការប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលាខេត្តកំពង់ឆ្នាំង ដោយបានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ ដល់លោកអភិបាលក្រុង ស្រុក ជាពិសេស មេប៉ុស្តិ៍រដ្ឋបាល និងមេឃុំ ជាអ្នកគ្រ ប់គ្រងផ្ទាល់ នៅមូលដ្ឋាន ត្រូវតែបិទល្បែងស៊ីសង គ្រប់ប្រភេទ ពិសេសឡូតូ កន្ទុយលេខ និងអនឡាញជល់មាន់ ជាបន្ទាន់ តាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ។ ក្នុងនោះ ចំពោះអ្នកមានច្បាប់ ត្រូវធ្វើពាក្យស្នើសុំឡើងវិញ ដើម្បីរដ្ឋបាលខេត្ត ពិនិត្យ និងគ្រប់ជាក់ស្ដែង ។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល អធិការក្រុង ស្រុក អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណជាង ៣០០ នាក់ ។

លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តថាៈ ចំពោះការបង្ក្រាបល្បែង ស៊ីសងនេះ បើធ្វើមិនបាននោះ មេប៉ុស្តិ៍ មេឃុំ ត្រូវទទួលខុសត្រូវជាមួយ ស្រុក ក្រុង ហើយស្រុក ក្រុង ត្រូវទទួលខុសត្រូវ ជាមួយខេត្ត និងស្នងការខេត្ត។ ចំណែកខេត្ត នឹងត្រូវទទួលខុសត្រូវ ចំពោះមុខនាយករដ្ឋមន្ត្រី ។ ចំពោះបទល្មើសនេសាទ ក៏ដូចគ្នាដែរ ទីបញ្ជាការស្រាលទាំង ៥ កន្លែង ក្នុងខេត្ត ត្រូវតែដឹកនាំបង្ក្រាបឲ្យអស់មិនឲ្យសល់ឡើយ បើឃុំស្រុកណាធ្វើមិនបានគឺត្រូវទទួលខុសត្រូវចំពោះមុខប្រមុខរាជរដ្ឋាភិបាល ។

ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព អភិបាលក្រុង ស្រុក ត្រូវពង្រឹង ប៉ុស្តិ៍រដ្ឋបាល មេឃុំ និងប្រជាការពារ និងមេភូមិ ត្រូវមានប៉ុស្តិ៍ប្រចាំការ ២៤ម៉ោង នៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នា តាមវិទ្យុទាក់ទងគ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នា បង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា ចំពោះអ្នកមានស្នាដៃបង្ក្រាបបទល្មើសធំៗ រដ្ឋបាលខេត្ត និងផ្ដល់រង្វាន់ជូន។ ជំរុញការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងអត្ត សញ្ញាណប័ណ្ណហួសសុពលភាព ឲ្យបានទាន់ពេលវេលា មុនពេលចុះឈ្មោះបោះឆ្នោត សកល នៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។

ចំពោះការអភិវឌ្ឍភូមិឃុំ អភិបាលក្រុង ស្រុក ត្រូវជំរុញឲ្យមេភូមិ ធ្វើផែនទីនៅតាមភូមិ ក្នុងមួយអាទិត្យទៀត ត្រូវមានលទ្ធផល រាយការណ៍មកខេត្ត ហើយត្រូវធ្វើសួនច្បារ នៅតាមសាលាឃុំ និងសាលាស្រុក ឱ្យបានតាមការណែនាំកន្លងមក ។

ការដោះស្រាយទំនាស់នានា នៅតាមមូលដ្ឋាន ក្នុងឆ្នាំនេះ យើងរួមគ្នាដោះស្រាយបាន ជាង ៨០០ រឿង ក្នុងនោះ ១០០ រឿង កំពុងដោះស្រាយ និង ១៣០ រឿង មិនទាន់ដោះ ស្រាយ ដូច្នេះត្រូវតែជំរុញការដោះស្រាយទំនាស់ នៅសល់នេះ ឲ្យអស់នៅថ្ងៃទី៣០ ខែវិច្ឆិកា សំណុំរឿងដែលដោះស្រាយមិនចេញ ត្រូវបញ្ជូនទៅតុលាការ ។

ការត្រៀមផែនការដោះស្រាយគ្រោះមហន្តរាយ លោក បានកំណត់ឲ្យថ្នាក់ឃុំ ត្រូវមានអង្ករស្តុកទុក ក្នុង ១ឃុំ ៥ តោន, ថ្នាក់ស្រុក ៥០ តោន និងថ្នាក់ខេត្ត ត្រូវមាន ៤០០ តោន។ ក្នុងនោះ រដ្ឋបាលខេត្ត នឹងជួយក្នុងមួយឃុំ មួយតោន នៅ ៤ តោនទៀត ថ្នាក់ឃុំ ត្រូវស្វែងរកពីក្រុមការងារ និងពីសប្បុរសជន។

ចំពោះផែនការបុណ្យអុំទូក ថ្នាក់ខេត្ត នឹងប្រជុំពិភាក្សា ជាមួយថ្នាក់ស្រុក រៀបចំធ្វើនៅ មាត់ទន្លេ ក្រុងកំពង់ឆ្នាំង។ ដូច្នេះតាមស្រុក ត្រូវជួសជុលទូក សម្រាប់អុំប្រណាំងឡើងវិញ តាមមន្ទីរ អង្គភាព ត្រូវរៀបចំធ្វើប្រទីបបណ្តែត តាំងភ្លើងបំភ្លឺ និងបាញ់កាំជ្រួច អបអរសាទរ ក្នុងនោះ លោក សៅ សុខា បានជួយឧបត្ថម្ភដល់ខេត្ត ចំនួន ២០០ លានរៀល។ ដោយឡែក ការរៀបចំតំបន់ត្រជាក់ នៅក្នុងក្រុងកំពង់ឆ្នាំង ប្រគល់ជូនលោក សាន់ យូ អភិបាលរងខេត្ត ជាអ្នកគិតគូររៀបចំជាក់ស្ដែង ។

នៅក្នុងកិច្ចប្រជុំនេះដែរ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឧបត្ថម្ភដល់ លោក មេឃុំ ទាំង ៧១ ឃុំ សង្កាត់ ក្នុង១នាក់ៗ ៥ ម៉ឺនរៀល , ឧបត្ថម្ភដល់ទីបញ្ជាការ ស្រាលបង្ក្រាបបទល្មើសនេសាទ៥ គោលដៅ ក្នុង១គោលដៅៗ ១ ពាន់ដុល្លារ, ឧបត្ថម្ភ ដល់ស្នងការនគរបាលខេត្ត រៀបចំប្រព័ន្ធវិទ្យុទាក់ទង ជាមួយភូមិឃុំ ១ម៉ឺនដុល្លារ ៕/V