ដោយៈ គង់ហេង / កំពង់ចាមៈ ច្រាំងជាដៃទន្លេមេគង្គ ស្ថិតក្នុងភូមិទី ៤ ឃុំ / ស្រុក កោះសូទិន ដែលបានបាក់ស្រុត ប៉ះពាល់ដល់ផ្លូវសាធារណៈ និងលំនៅឋានរបស់ ប្រជាពលរដ្ឋ ហាក់បានធូរស្រាយ គឺនៅបាក់រេះៗ តិចៗ គិតមកដល់ថ្ងៃទី ១៩ កញ្ញានេះ។ ប៉ុន្តែអាជ្ញាធរ នៅរង់ចាំអ៊ុតមើល រដូវធ្លាក់ខ្យល់ខែកត្តិក នាខែក្រោយនេះម្តងទៀត។ប៉ុន្តែ ផ្ទះមួយខ្នង ក្នុងចំណោម ប្រាំបួន ខ្នង ត្រូវរុះរើចេញពីទីតាំងចាស់ ទៅសាងសង់ ឡើងវិញនៅទីតាំងថ្មី ក្នុងភូមិទី១១ ឃុំកោះសូទិន ដដែល ហើយនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នឹងធ្វើការរុះរើផ្ទះមួយខ្នងទៀត។

អ្នកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន បានប្រាប់ឱ្យដឹងថាៈ ច្រាំងដៃទន្លេមិនបានបាក់គំហុក ដូចកាលពីចុងខែសីហា គឺគ្រាន់តែបាក់រេះៗ តិចៗ ប៉ុណ្ណោះ។ ប៉ុន្តែខាងអាជ្ញាធរ បាននៅប្រចាំការទទួលព័ត៌មាន ពីច្រំាងបាក់ដដែល ពិសេសរង់ចាំមើលដល់ខែកត្តិក ធ្លាក់ខ្យល់ អាចនឹងបាក់ស្រុតម្តងទៀត។ ដោយឡែក ផ្ទះលោក ឡូត វណ្ណា ជាគ្រូបង្រៀន ចូលនិវត្តន៍ បានរុះរើចេញតាំងពីថ្ងៃទី ២ កញ្ញាជាងពីរសប្តាហ៍មុន យកទៅសង់ឡើងវិញ នៅភូមិទី១១ ឃុំកោះសូទិនដដែល ហើយនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ បានកំណត់ នឹងរុះរើផ្ទះគ្រួសារលោក ស៊ាង ឡេង បន្តទៀត។ បច្ចុប្បន្ន នៅសល់ផ្ទះប៉ះពាល់ច្រាំងបាក់ ចំនួន ប្រាំបី ខ្នងទៀត។

លោក ឡូត វណ្ណា វ័យ ៦៨ ឆ្នាំ ដែលបានរុះរើផ្ទះគេចចេញពីការបាក់ស្រុតច្រាំងទន្លេ ទៅសង់លើដីថ្មីក្នុងភូមិទី១១ ឃុំកោះសូទិនដដែល បានឱ្យដឹងថាៈ សរុបការចំណាយ ទាំងថ្លៃរុះរើ និងសង់ឡើងវិញ អស់ប្រហែល ៨.០០០ ដុល្លារ។ នេះបានការជួយយ៉ាង គគ្រឹកគគ្រេង ពីសំណាក់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ហើយ បានការជួយឧបត្ថម្ភពីសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំនួនមួយ លានរៀល និងពីខាងគ្រោះមហន្តរាយ ចំនួន ៥០ម៉ឺន រៀលទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ សីហាច្រាំងដៃទន្លេមេគង្គស្ថិតក្នុងភូមិទី៤ ឃុំ/ស្រុកកោះសូទិន បានបាក់ស្រុតប្រហែលជិត ១០០ ម៉ែត្រជម្រៅពី ១៥ ទៅ ២០ម៉ែត្រ បណ្តាលឱ្យប៉ះពាល់ដល់ផ្លូវបេតុង និងផ្ទះប្រជាពលរដ្ឋចំនួន ប្រាំបួន​ខ្នង ប្រឈមរុះរើ ចេញ ទៅតាំងទីលំនៅកន្លែងថ្មី៕/V