ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិ មនុស្សចាស់ខេត្តបន្ទាយមានជ័យ បានថ្លែង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំរបសើការងារសមាគមនេះថាៈ ការជួយមនុស្សចាស់ លើសពីការផ្តល់អំណោយអាហារ សម្លៀកបំពាក់ ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជំរុញឱ្យសមាគមនេះ បន្តពង្រឹងលើការងាររចនាសម្ព័ន្ធ នៅមូលដ្ឋាន ផ្សព្វផ្សាយគោលការណ៍សំខាន់ៗ បន្តកៀរគជំនូយ និងពង្រឹងស្ថាប័នជាដើម ។ លោកក៏បានផ្តាំផ្ញើថា ការជួយមនុស្សចាស់ មិនមែនត្រឹមផ្តល់អំណោយសប្បុរស មានអាហារ សម្លៀកបំពាក់ ថ្នាំសង្កូវ ទីជម្រក ប៉ុណ្ណោះទេ ប៉ុន្តែត្រូវគាំពារនិងឧបត្ថម្ភគាំទ្រមនុស្សចាស់ ឱ្យដូចអ្វីដែលគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខ បានយកចិត្តទុកដាក់ បីបាច់ ក្នុងនោះ ត្រូវអប់រំកូនចៅជំនាន់ក្រោយ ឱ្យស្គាល់គុណឪពុកម្តាយ ជីដូនជីតា គ្រូបាធ្យាយ ជាមនុស្សចាស់ ស្គាល់គុណតម្លៃ គុណបំណាច់ និងស្នាដៃមនុស្សចាស់ ហើយក្មួយៗ ត្រូវបន្តវេន ជាដើម ។

ចំណែកលោក អោម ចន្ថា ទឺប្រឹក្សាក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការប្រតិបត្តិ សមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ បានលើកពីរបាយការណ៍សង្ខេប របស់សមាគម ក្នុងរយៈពេលចុងក្រោយនេះ ដោយបង្ហាញពីរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង តាមលក្ខន្តិកៈដែលទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ ដូចជា ក្រុមប្រឹក្សាភិបាល មាន ១៩រូប គណៈ:កម្មាធិការកិត្តិយស ១៩ រូប ព្រះសង្ឃ ១២ អង្គ គណៈកម្មាធិការប្រតិបត្តិ មាន៣១រូប និង ព្រះសង្ឃ ១២ អង្គ ។

ចំពោះការគ្រប់គ្រងមនុស្សចាស់ក្នុងខេត្ត មនុស្សវ័យចាស់ សរុបចំនួន ៦៦.០៧០ នាក់ / ស្រី ៣៧.៩៣៧ នាក់ ក្នុងនោះ អាយុ៦០-៦៩ឆ្នាំ ចំនួន ៤២.៤៩២ នាក់ / ស្រី ២៣.៦៧៤ នាក់ ។ អាយុ៧០-៧៩ឆ្នាំ ចំនួន ១៦.៩៧៦ នាក់ / ស្រី ៩.៩២៨ នាក់។ អាយុ៨០ឆ្នាំឡើង ចំនួន ៦.៦០២ នាក់ / ស្រី ៤.៣២៨ នាក់ និងមនុស្សចាស់គ្មានទីពឹង ចំនួន ៦៦៧ នាក់ ។

ចំពោះសកម្មភាពអនុវត្តការងាររបស់សមាគម មានរបស់ប្រធានក្រុមប្រឹក្សាភិបាល ការចូលរួមរបស់ព្រះសង្ឃ សកម្មភាពរបស់គណ:កម្មាធិការប្រតិបត្តិ ។ ចំពោះការងារ ហិរញ្ញវត្ថុ (គិតពីខែមីនា ដល់ខែសីហា ២០២២ ក្នុងនោះ ទឹកប្រាក់ចំណូលសរុប គិតទាំងការសន្យា គិតជាប្រាក់ដុល្លារអាម៉េរិក មាន ១២៨.៩៨៧,៥ ដុល្លារ ។ ចំណាយសរុបគិតជាដុល្លា ចំនួន ១៩.៣៧១,២៥ ដុល្លារ ។ ដូច្នេះ សមាគមមាន ការរីកចម្រើន គួរឱ្យកត់សម្គាល់ ក្នុងស្រទាប់មនុស្សវ័យចាស់ ពិសេសអ្នកគ្មានទីតាំង ។

តមក លោក ថោង ច័ន្ទរឹទ្ធី នាយករងរដ្ឋបាលសាលាខេត្ត បានអានសេចក្តីសម្រេច ស្តីពីការកែសម្រួលភារកិច្ច ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគម ដែលមានព្រះសង្ឃ ជាអធិបតី និងលោក អោម ចន្ថា ជាប្រធាន , លោក លី សុវណ្ណរឹទ្ធិ និងអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ជាអនុប្រធាន និងលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច ជាអនុប្រធានអចិន្ត្រៃយ៍៕/V