​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​កញ្ញា​ខណៈ​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល​បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​ថា​កំណើន​តម្រូវការ​ប្រេងឥន្ធនៈ​​នឹង​ថយចុះ ទោះបីជា​ការព្រួយបារម្ភ​អំពី​ការផ្គត់ផ្គង់​បាន​ថយចុះ នៅ​មុន​ពេល​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​ប្រេង​រុស្ស៊ី​ក្នុង​ខែធ្នូ​ក៏ដោយ​។​

​តម្លៃ​ប្រេង​ឆៅ​នាពេល​អនាគត​របស់​ទីផ្សារ Brent​សម្រាប់​ការទូទាត់​ខែ​វិច្ឆិកា​បាន​ធ្លាក់ចុះ ៤៦ សេន ឬ ០,៥​ភាគរយ មក​នៅត្រឹម ៩០,៨៩ ដុល្លារ​ក្នុង​មួយ​បារ៉ែល គិត​ត្រឹម​ម៉ោង ០៧៖០១ ម៉ោង​សកល​។​

​ប្រេង​ឆៅ​អនាគត​នៅ​ទីផ្សារ West Texas Intermediate (WTI)​របស់​អាម៉េរិក​សម្រាប់​ការ​ចែកចាយ​នៅ​ខែតុលា គឺ​ស្ថិតនៅ​តម្លៃ ៨៤,៤៦ ដុល្លារ​ក្នុង​មួយ​បារ៉ែល ពោលគឺ​ធ្លាក់ចុះ ៦៥ សេន ឬ ០,៨ ភាគរយ​។ ប្រេង​ជាប់កិច្ចសន្យា​នៅ​ទីផ្សារ WTI សម្រាប់​ខែ​តុលា​នឹង​ផុតកំណត់​នៅ​ថ្ងៃ​អង្គារ​ស្អែក ហើយ​កិច្ចសន្យា​សកម្ម​ខែវិច្ឆិកា​គឺ​ស្ថិតនៅ​តម្លៃ ៨៤,១២ ដុល្លារ គឺ​ធ្លាក់ចុះ ៦៤ សេន​។​

​ប្រេង​ជាប់កិច្ចសន្យា​ទាំងពីរ​បាន​កើន​ឡើង​ជាង​១​ដុល្លារ​កាលពី​ថ្ងៃ​ចន្ទ​។ កាលពី​សប្តាហ៍​មុន ប្រេង​ឆៅ​អនាគត​បាន​ធ្លាក់ចុះ​ជាង ១ ភាគរយ​ដោយសារ​ការព្រួយបារម្ភ​ថា ការដំឡើង​អត្រា​ការប្រាក់​ផ្សេងទៀត​ដោយ​ធនាគារកណ្តាល​អាម៉េរិក​អាច​ពន្យឺត​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។​

​ប្រាក់​ដុល្លារ​បាន​កើន​តម្លៃ​កាលពី​ថ្ងៃ​ចន្ទ ខណៈ​អ្នកវិនិយោគ​ត្រៀម​ខ្លួន​សម្រាប់​កិច្ចប្រជុំ​ធនាគារ​កណ្តាល​ពេញ​មួយ​សប្តាហ៍​ដែល​ប្រាកដ​ណា​ថា​នឹង​ឃើញ​ការចំណាយ​លើ​ប្រាក់​កម្ចី​កើនឡើង​ទូទាំង​ពិភព​​លោក ជាមួយនឹង​ហានិភ័យ​នៃ​ការកើនឡើង​ទំហំ​ចំណាយ​ដ៏​ធំ​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។ ​ប្រាក់​ដុល្លារ​អាម៉េរិក​កាន់តែ​រឹងមាំ​នឹង​ធ្វើឱ្យ​ទំនិញ​ដែល​តំណាង​ដោយ​ប្រាក់​ដុល្លារ​មាន​តម្លៃ​ថ្លៃ​ជាង​មុន​សម្រាប់​អ្នក​កាន់​រូបិយប័ណ្ណ​ផ្សេងទៀត​។​

​ថ្វីបើ​មាន​ការបារម្ភ​អំពី​ការធ្លាក់ចុះ​តម្រូវការ​ប្រេងឥន្ធនៈ​ក៏ដោយ ក៏ប៉ុន្តែ​ការព្រួយបារម្ភ​អំពី​ការផ្គត់ផ្គង់​កំពុង​ជួយ​ទប់​តម្លៃ​កុំឱ្យ​ធ្លាក់ចុះ​ខ្លាំង​។​

​អ្នកវិភាគ​នៅ ANZ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​ទីផ្សារ​នៅ​ចាំ​អ៊ុត​មើល​ការចាប់ផ្តើម​នៃ​ទណ្ឌកម្ម​អឺរ៉ុប​លើ​ប្រេង​រុស្ស៊ី​។ ខណៈ​ការផ្គត់ផ្គង់​ត្រូវ​បាន​រំខាន​នៅ​ដើម​ខែ​ធ្នូ​ទីផ្សារ​ទំនងជា​មិនឃើញ​ការឆ្លើយ​​តប​រហ័ស​ណាមួយ​ពី​អ្នក​ផលិត​នៅ​អាម៉េរិក​ទេ​”​។​

​អ្នកវិភាគ​បាន​និយាយថា ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​កូវី​ដ​១៩​នៅក្នុង​ប្រទេស​ចិន​ក៏​អាច​ផ្តល់​នូវ​សុទិដ្ឋិនិយម​មួយចំនួន​ផង​ដែរ​។​

​ចិន​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការទប់ស្កាត់​កូ​វីដ​នៅក្នុង​ទីក្រុង​ចេង​ទូ​ភាគ​និរតី​ដែលមាន​ប្រជាជន​ជាង ២១ លាន​នាក់​ដែល​បាន​ជួយ​បន្ធូរបន្ថយ​ការព្រួយបារម្ភ​អំពី​តម្រូវការ​របស់​អ្នកប្រើប្រាស់​ថា​ម​​ពល​លេខ ២ របស់​ពិភពលោក​។ ការនាំ​ចេញ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​របស់​ចិន​ក៏​បាន​ស្ទុះ​ងើប​ឡើងវិញ​ផងដែរ ដោយ​បន្ធូរបន្ថយ​ស្តុក​ក្នុងស្រុក​ខ្ពស់ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ចេញ​កូតា​ថ្មី​។​

​ទន្ទឹមនឹងនេះ នាយក​ប្រតិបត្តិ​សាជីវកម្ម​ប្រេង Kuwait Petroleum (KPC) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អតិថិជន​របស់​ខ្លួន​នៅតែ​ទាមទារ​បរិមាណ​ដដែល​ដោយ​គ្មាន​ការផ្លាស់ប្តូរ​។ លោក​បាន​និយាយថា បច្ចុប្បន្ន​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​មួយ​នេះ​ផលិត​ប្រេងបាន​ជាង ២,៨ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ស្រប​តាម​កូតា OPEC របស់ខ្លួន​។​

​ក្រុមហ៊ុន​ប្រេង Basrah បាន​និយាយថា ប្រតិបត្តិ​ការដឹកជញ្ជូន​និង​នាំចេញ​ប្រេង​ពី​ស្ថានីយ​ប្រេង​របស់​ក្រុមហ៊ុន Basrah នៅ​អ៊ីរ៉ាក់ បាន​វិល​មក​រក​អត្រា​ធម្មតា​វិញ​ហើយ​កាលពី​ថ្ងៃ​សៅរ៍ ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់​ពី​ត្រូវបាន​បញ្ឈប់​ដោយសារតែ​ការ​ធ្លាយ​ប្រេង​ដែល​ឥឡូវនេះ​ត្រូវបាន​ទប់​ជាប់​ហើយ​។​

​នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា ឃ្លាំង​ផ្ទុក​ប្រេង​នៅ​សមុទ្រ​ជ្រៅ​បុង​ហ្គា (Bonga) ចំនួន ២០០.០០០ បារ៉ែល​ក្នុង​មួយ​ថ្ងៃ​របស់​ក្រុមហ៊ុន Shell និង​នាវា​ដឹក​ប្រេង​គ្រោង​ធ្វើ​ការថែទាំ​នៅក្នុង​ខែ​តុលា នេះ​បើ​តាម​អ្នកនាំពាក្យ​និយាយ​កាលពី​ថ្ងៃអាទិត្យ​៕

តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​កញ្ញា ខណៈ​ការបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល​បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​ថា​កំណើន​តម្រូវការ​ប្រេងឥន្ធនៈ​នឹង​ថយចុះ