ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ស៊ីង សានទីង (ហៅឆាង ឆឹង) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីពិនិត្យលើស្ថានភាពទីតាំងអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ការស្នាក់នៅ និងការបម្រើការងាររបស់ជនបរទេស ព្រមទាំងស្រាវជ្រាវស៊ើបអង្កេតបទល្មើស បង្ខាំងមនុស្សដោយខុសច្បាប់ ធ្វើទារុណកម្ម និងបទល្មើសជួញដូរមនុស្ស។

ទីតាំងដែលចុះត្រួតពិនិត្យខាងលើនេះ គឺមានជនជាតិបរទេសស្នាក់នៅជិត ៥០០នាក់ និងមាន ៤សញ្ជាតិ។

ប្រតិបត្តិការចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានរកឃើញ និងកំណត់បានបទល្មើសចំនួន ០៦បទល្មើសផ្សេងគ្នាដូចជា ៖ បទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំង និងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស ព្រមទាំងបើកការស៊ើបអង្កេតបទល្មើស សម្អាតប្រាក់ ស្របសំអាងនៃបទល្មើសល្បែងស៊ីសងខុសច្បាប់ និងបទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស៕