ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោកបានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae)មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ។ជំនួបបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២​​នៅបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងភូមិន្ទថៃក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការលើកទី២របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់សមភាគីមិត្ត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោកបានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae)មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ(រូបថតហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)

ប្រភពពីមន្រ្តីក្រុមការងារបានឱ្យដឹងថា ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែបានសម្តែង នូវក្តីសោមនស្សរីករាយប្រកបដោយកិត្តិយសក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតនិងបានរំឭកឡើងវិញអំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវការរបស់រូបលោកផ្ទាល់ នៅព្រះរាជាណាចក្រកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០២២កន្លងទៅ។លោកនាយឧត្តមសេនីយ៍ក៏បានកោតសរសើរអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេស​កម្ពុជានិយាយជារួមនិងនិយាយដោយឡែកអំពីការអភិវឌ្ឍសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទដែលកំពុងដំណើរការបោះជំហានជាក់ស្តែងទៅមុខគួរឱ្យកត់សម្គាល់។

ចំណែកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានលើកឡើងអំពីចំណងមិត្តភាពជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការ ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុង “ភាពជាដៃគូសន្តិភាព និងវិបុលភាព”និងបានចាត់ទុកថាដំណើរ ទស្សនកិច្ចលើកនេះគឺជាសក្ខីភាពនៃការបន្តរក្សានូវទំនាក់ទំនងដ៏ល្អជាប្រពៃណីនិងប្រកបដោយអត្ថន័យសម្រាប់កងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ ស្របពេលដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរ ក៏កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ទាំងក្នុងដំណាក់កាលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ និងដំណាក់កាលនៃការងើបឡើងវិញចេញពីវិបត្តិនេះ។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះសមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការងារទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននានាដូចជា ការកាប់ឈើខុសច្បាប់, ចរាចរណ៍គ្រឿងញៀននិងការជួញដូរមនុស្ស ក៏ដូចជាការរក្សាបាននូវទំនាក់ទំនងការងារជាប់ជាប្រចាំរវាងថ្នាក់ យោធភូមិភាគ និងកិច្ចសហការផ្ទាល់រវាងអង្គភាពជួរមុខ ទោះបីក្នុងអំឡុងពេលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ក៏ដោយ។ សំខាន់ផងដែរនោះ នៅចំពោះមុខស្ថានការណ៍ជាយថាហេតុនិងគ្រោះមហន្តរាយផ្សេងៗកងកម្លាំង នៃប្រទេសទាំងពីរតែងបានយកចិត្តទុកដាក់សហការនិងជួយគ្នាទៅវិញទៅមកយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវខ្ពស់។

មួយវិញទៀតសមភាគីទាំងពីរក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តខ្លឹមសារនៃ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-ToR”រវាងកងទ័ពជើងគោកទាំងពីរដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២២ កន្លងទៅនៅព្រះរាជាណាចក្រកម្ពុជារហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាក់ស្តែងជាច្រើនលើការងារមួយចំនួន ជាអាទិ៍៖ ការផ្លាស់ប្តូរអ្នកជំនាញ, ការផ្លាស់ប្តូរទស្សនកិច្ច,ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការលោតឆត្រមិត្តភាព និងការរៀបចំលំហាត់ហ្វឹកហ្វឺនរួម (Land Ex THACAM)។

សម្រាប់ទិសដៅទៅមុខសមភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំនិង សកម្មភាពកិច្ចសហប្រតិបត្តិការល្អក្នុងកម្រិតកងទ័ពជើងគោកនិងបណ្តាកងឯកភាពចំណុះស្របទៅតាមខ្លឹមសារនៃ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-TOR”រវាងកងទ័ពជើងគោកទាំងពីរសំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀតដែលជាមូលដ្ឋានមិនអាចខ្វះ បានដើម្បីការពារនិងកសាងប្រទេសជាតិទាំងពីរឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នានៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម៕សរន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោកបានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយលោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae)មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ(រូបថតហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត)