​ដោយៈ​សុផល​/ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អា​តនៃ​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាល​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា    ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ និង​អាជ្ញាធរ​មូលដ្ឋាន បានរៀបចំ​យុទ្ធនាការ​សម្អាត​បរិស្ថាន ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​។ ការរៀបចំ​ចលនា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក នួន ផា​រ័ត្ន អភិបាលរង​នៃ​គណៈ​អភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក កែន សេរី​រដ្ឋា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន លោក តុ​ប សុភ័ក រដ្ឋលេខាធិការ​នៃ​ក្រសួងទេសចរណ៍ រួម​ជាមួយនឹង​និយោជិត និយោជក​របស់​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ យុវជន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាង ៥០០ នាក់​។​

​លោក Bruce Kidner អគ្គនាយក​គ្រប់គ្រង​ស្តីទី និង​ជា​នាយក​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ​បាន​លើកឡើងថា នេះ​ជា​ចលនា​សម្អាត​លើក​ទី​ពីរ​ក្នុង​ឆ្នាំ​២០២២ ដែល​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រៀបចំ​ធ្វើ បន្ទាប់ពី​បានរៀបចំ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ខែកក្កដា កន្លងទៅនេះ ដើម្បី​ប្រារ​ពន្ធ​ទិវា​សម្អាត​បរិស្ថាន​ពិភពលោក ក៏ដូចជា​ចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​កិច្ចការពារបរិស្ថាន និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ឱ្យ​កាន់តែច្រើន​ពី​ប្រជាពលរដ្ឋ ដើម្បី​បរិស្ថាន​កាន់តែ​ប្រសើរ ក្រោម​សារ «​កម្ពុជា​ស្អាត កម្ពុជា​បៃតង​»​។ លោក​បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​ពេញចិត្ត​ជាខ្លាំង ដែល​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​ក្លាយជា​ចំណែក​មួយ​ក្នុង​គំនិត​ផ្ដួចផ្ដើម​មួយ​នេះ​។ លោក​បាន​ថ្លែងថា​៖ «​ខេ​ម​ប្រ៊ូ​វ ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ ដែល​បានរៀបចំ​ចលនា​សម្អាត​នេះ ដែលជា​សកម្មភាព​បំផុសស្មារតី​អំពី​ការគ្រប់គ្រង​កាកសំណល់​ប្រចាំថ្ងៃ ក៏ដូចជា​ជួយ​ដឹកនាំ​ឱ្យមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នូវ​ទម្លាប់​នៃ​ការ​ចោល​សំរាម​»​។​

​លោក​បាន​បន្តទៀតថា ការចូលរួម​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​រួមគ្នា​តែមួយ​របស់​ពួកយើង​ក្នុង​កិច្ចការ ពារ​បរិស្ថាន​។ «​យើងទាំងអស់គ្នា​សុទ្ធ​តែមាន​ភារកិច្ច​រៀងៗ​ខ្លួន ប៉ុន្ដែ​អ្វីដែល​ពួកយើង​មាន​រួមគ្នា គឺ​ការចូលរួម​ទទួលខុសត្រូវ​ក្នុងការ​អភិវឌ្ឍ​សង្គម​កាន់តែ​ប្រសើរ ប្រកបដោយ​ចីរភាព​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Bruce Kidner​។​លោក​ជឿជាក់ថា ការចូលរួម​របស់​យើងទាំងអស់គ្នា​ក្នុង​វិស័យ​បរិស្ថាន នឹង​នាំឱ្យមាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន មិន​ថា​តិច ឬ​ច្រើន​។​

​លោក នួន ផា​រ័ត្ន បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះ ចូលរួមចំណែក​ធ្វើឱ្យ​ទីក្រុង​យើង​ស្អាត​ក៏ដូចជា​ដើម្បី​បណ្តុះ​គំនិត​ប្រជាពលរដ្ឋ​រាជធាន​ភ្នំពេញ​ឱ្យ​ចូលរួម​ទាំងអស់ គ្នា ដើម្បី​ទទួលភ្ញៀវ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​អាស៊ាន ដែល​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ ឆ្នាំ​២០២៣ ខាងមុខនេះ​។​

 

​លោក កែន សេរី​រដ្ឋា បាន​មានប្រសាសន៍ថា ក្រសួងបរិស្ថាន​ដែលមាន​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ជា​សេនាធិការ បាន និង​កំពុង​រៀបចំ​កម្មវិធី​ចលនា​ប្រឡងប្រណាំង ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព លើ​វិស័យ​បរិស្ថាន​ដើម្បី​ការផ្លាស់ប្តូរ​ផ្នត់គំនិត​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យមាន​ការយល់ដឹង និង​ចូលរួម​ប្រតិបត្តិ​មេត្រី​បរិស្ថាន ក៏ ដូចជា​ជំរុញ​ឱ្យ​អាជ្ញាធរ​ភូមិ ឃុំ​-​សង្កាត់ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ក្នុងការ​រៀបចំ​ភូមិ ឃុំ​-​សង្កាត់​របស់ខ្លួន​ឱ្យមាន​អនាម័យ សោភ័ណភាព និង​បរិស្ថាន​ល្អប្រសើរ​ក្នុង​សហ គមន៍​មួយ ដែលមាន​ភាព​សុខដុម​ស្របតាម​បរិស្ថាន​របស់ខ្លួន​។ លោក​បាន​ចាត់ទុកថា កម្មវិធី​នេះ​គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែលជា​ការរួមចំណែក​ក្នុង​យុទ្ធនាការ​កម្ពុជា​ស្អាត កម្ពុជា​បៃតង ធ្វើឱ្យ​មាតុភូមិ​កម្ពុជា​យើង​ទទួលបាន​ភាព​ស្អាត និង​បៃតង​។​

 

​លោក តុ​ប សុភ័ក រដ្ឋលេខាធិកា​ក្រសួងទេសចរណ៍ បាន​ថ្លែងថា «​ស្អាត ជា​អភិក្រម​ថ្មី​នៅក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​របស់​យើង​ក្នុង​បរិបទ​ក្នុង និង​ក្រោយ​ជំងឺឆ្លង​កូ​វីដ​-១៩ ។ ក្នុងន័យនេះ ស្អាត​ដោយមាន​ទេសភាព​ស្រស់ត្រកាល ស្អាត​ដោយ​ភាព​ប្រណិត ស្អាត ដោយមាន​បរិស្ថាន​ល្អប្រសើរ ស្អាត​ដោយមាន​អនាម័យ ស្អាត​ដោយមាន​សុវត្ថិភាព ស្អាត​ដោយមាន​គុណភាព និង​ស្អាត​ដោយ​មានឱជារស​ឆ្ញា​ញ់​ពិសារ​។ ឯកឧត្ដម​បាន​គូសបញ្ជាក់​បន្ថែមថា​៖ «​ការរៀប​ចំនេះ ត្រូវ​ទាមទារ​ឱ្យមាន​ការគិតគូរ និង​គ្រប់គ្រង​ដោយ​ហ្មត់ចត់​នៅមុន​ពេល និង​អំឡុងពេល​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ក្នុង​ឆ្នាំ​២០២៣ ខាងមុខនេះ​»​។​

 

 

​ជាមួយគ្នានេះដែរលោកBruce Kidner បាន​បន្ថែមថាក្នុងនាម​ជា​ក្រុមហ៊ុនស្រា​បៀរនិង​ភេសជ្ជៈ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជាក្រុមហ៊ុន​បន្ត​ប្ដេជ្ញា​ដឹកនាំនិង​ប្រតិបត្តិ​អាជីវកម្ម​ប្រកបដោយ ការទទួលខុសត្រូវ និង​ដោយ​ចីរភាព និង​បន្ដ​ចូលរួមចំណែក​ដើម្បី​សង្គម​កាន់តែ​ប្រសើរ​ទាំង​ថ្ងៃនេះ និង​ថ្ងៃស្អែក​។ លោក​បាន​អះអាងថា តាមរយៈ​ព្រឹត្តិការណ៍​នេះ បានបង្ហាញ​ពី​ចក្ខុវិស័យ​រួមគ្នា​រវាង​វិស័យ​សាធារណៈ ឯកជន អង្គការ​សង្គម​ស៊ីវិល និង​ប្រជាជន​ក្នុងការ​ជំរុញឱ្យមាន​កា​រ​អភិវឌ្ឍ​ជា​ចីរភាព​។​លោក​បាន​ថ្លែង​បញ្ជាក់ ទៀតថា​៖ «ការរួប​រួមគ្នា​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និ​បង្កើត​អនាគត​រួមគ្នា​ដ៏​ប្រសើរ​សម្រាប់​យើងទាំងអស់គ្នា​»៕​PH