ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សៀ ទីន រួមជាមួយ ក្រុមការងារបានទទួលការអញ្ជើញឲ្យចូលរួមក្នុងកម្មពិធីបិទវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលានាយទាហានសកម្ម ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងមានការចួលរួមពីយោធាចារ្យ នាយទាហាន នាយទាហានរង នៃសាលានាយទាហានសកម្មជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលយោធាចារ្យជំនាញបាញ់អាវុធខ្លីនេះត្រូវបានសាលានាយទាហានសកម្មរៀបចំឡើងក្នុងគោលបំណង បំពេញសមត្ថភាពដល់នាយទាហាន យោធាចារ្យ ដែលមិនទាន់បានឆ្លងវគ្គសិក្សាជំនាញបាញ់អាវុធខ្លី ក៏ដូចជាដើម្បីឱ្យសិក្ខាកាមមានសមត្ថភាពបំពេញភារកិច្ចបានល្អ តាមការចាត់តាំងរបស់សាលា និងដើម្បីពង្រឹង គុណភាព នាយទាហាន ជាយោធាចារ្យវ័យក្មេងសម្រាប់បន្តវេន។

វគ្គនេះបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់នៅ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏ទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធ ពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឱ្យគ្រូឧទ្ទេសនាមចំនួនពីរនាក់នៃកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ចូលរួមសហការ ជាមួយសាលានាយទាហានសកម្ម ដើម្បីរៀបចំបណ្តុះបណ្តាលដល់នាយទាហាន យោធាចារ្យសាលានាយទាហានសកម្មផងដែរ។

ក្នុងឱកាសនេះលោកវរសេនីយ៍ឯក សៀ ទីនបានកោតសរសើរចំពោះនាយទាហានគ្រប់គ្រងវគ្គដែលបានគ្រប់គ្រង វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ។លោកក៏បានកោតសរសើរចំពោះ យោធាចារ្យ និងគ្រូឧទ្ទេសនាម ដែលបានយកចិត្តទុកដាក់បង្វឹក បង្រៀន ដល់សិក្ខាកាមបានយ៉ាងម៉ត់ចត់ និងទៀតទាត់ល្អ ស្របតាមកម្មវិធីជាក់ស្តែង និងជាពិសេសអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបាន តាមដានស្តាប់ ការឧទ្ទេសនាមរបស់យោធាចារ្យនិងគ្រូឧទ្ទេសនាម ព្រមទាំងអនុវត្តមេរៀន ប្រកបដោយវិន័យ និងយកចិត្តទុកដាក់ខ្ពស់ រហូតបានបញ្ចប់វគ្គដោយជោគជ័យ៕សរន

នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អបអរសាទរចំពោះសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី(រូបថតក្រុមការងារ)