ដោយ៖​លោក ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញ៖អស់​រយៈកាល​ជាង​ពីរ​ទសវត្សរ៍​មកនេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានធ្វើ​ការស្ទង់មតិ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដើម្បី​បង្កើន​ការយល់ដឹង​កាន់តែ​ប្រសើរឡើង​អំពី​តម្រូវការ ចំណាប់អារម្មណ៍ និង​ទស្សន​យល់ឃើញ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ សូម​អរគុណ​ចំពោះ​ជំនួយ​សប្បុរស​ពីទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ កាលពី​ខែសីហា ឆ្នាំ ២០២១ ដែល​បង្កលក្ខណៈ​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ពង្រីក​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសំខាន់​របស់ខ្លួន ក្នុងការ​គាំទ្រ​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ជាពិសេស​ទាក់ទង​នឹង​ការអភិវឌ្ឍ​ការយល់ដឹង​ឲ្យ​កាន់តែ​ប្រសើរឡើង​អំពី​ស្ថានភាព​សុខភាព និង​សុខុមាលភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ គិត​ត្រឹម​ខែសីហា ឆ្នាំ ២០២២​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ប្រមូល​ព័ត៌មាន​ពី​អ្នក​រស់រានមានជីវិត​ពី​ខ្មែរក្រហម​ច្រើនជាង ៣​ម៉ឺន​នាក់​។ ខាងក្រោម​នេះ​បង្ហាញ​អំពី​ការសង្កេត​បឋម​មួយចំនួន​ដែល​ប្រមូលបាន​ពី​ការងារ​នេះ​។​

​ប្រហែលជា​គ្មានអ្វី​ចម្លែក​ទេ ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រកឃើញ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ភាគច្រើន​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ លើកឡើង​ពី​កត្តា​ហិរញ្ញវត្ថុ​ជា​បញ្ហា​ប្រឈម​ចម្បង ក្នុងការ​សម្រេចចិត្ត​មិន​ស្វែងរក​ការព្យាបាល ផ្នែក​ភាព​សុខភាព​ផ្លូវចិត្ត ឬ​រាងកាយ ពិការភាព ឬ​ជំងឺ​ផ្សេងៗ​របស់ខ្លួន​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏បាន​រកឃើញ​បន្ថែមទៀតថា ក្នុងចំណោម​ស្ថានភាព​សុខភាព​ផ្លូវកាយ ឬ​សុខភាព​ផ្លូវចិត្ត​ដកស្រង់​ចេញពី​ការ​ស្ទាប់ស្ទង់​មតិ​អ្នក​រស់រានមានជីវិត​ខ្មែរក្រហម​បានបង្ហាញ​ថា ជំងឺលើសឈាម និង​ជំងឺ​ក្រពះ​ពោះវៀន បន្ត​តាម​លំដាប់​ដោយ​ជំងឺគ្រុនចាញ់ ជំងឺផ្លូវចិត្ត និង​ជំងឺ​បេះដូង គឺជា​កត្តា​ដ៏​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ​បំផុត និង​ជា​កត្តា​ធ្វើ​ឲ្យ​ស្ថានភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចុះខ្សោយ​។ ខណៈដែលមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ក្នុងការ​អភិវឌ្ឍ​ការយល់ដឹង​អំពី​បញ្ហា​សុខភាព​ទាំងនេះ គឺ​គួរឱ្យ​កត់សម្គាល់ថា​ស្ថានភាព​ទាំងនេះ​ស្របគ្នា​នឹង​ការសង្កេត​បឋម​លើ​ការចងចាំ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ធ្វើការ​ស្ទាប់ស្ទង់​មតិ​ចំនួន ៨៧(%)​ភាគរយ​បង្ហាញថា​មាន​ផល​លំបាក នៅតែ​នឹក​តែ​នឹកឃើញ​អំពី​បទពិសោធ​ន៏​ដែល​ធ្លាប់បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​ដល់​បច្ចុប្បន្ន​។ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ២៥(%)​ភាគរយ​ទៀត​លើកឡើងថា​ខ្លួន​នៅតែ​យល់​សុ​បិ​ន្ត​អាក្រក់​នៃ​រឿងរ់៉ាវ​ដែល​ជួបប្រទះ​ក្នុងសម័យ​ខ្មែរក្រហម បើទោះបីជា​របប​ខ្មែរក្រហម​បានបញ្ចប់​ជាង​សែសិប​ឆ្នាំកន្លងមក​ក៏ដោយ​។​

​ចុងក្រោយមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​រកឃើញថា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ជ្រើសរើស​ការប្រើប្រាស់​ថ្នាំពេទ្យ​ជា​វិធីសាស្ត្រ​ចម្បង​សម្រាប់​ព្យាបាល​ជំងឺ​ប្រចាំកាយ ឬ​បញ្ហា​សុខភាព​ណាមួយ​ដែល​កើតឡើង​មិនបាន​ព្រៀងទុក ច្រើនជាង​ស្វែងរក​សេវា​សុខភាព​នៅ​មន្ទីរពេទ្យ​សាធារណៈ ឬ​មន្ទីរ​សម្រាក់​ព្យាបាល​ឯកជន​។ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ពឹង​ផ្អែកលើ​ការប្រើប្រាស់​ថ្នាំពេទ្យ ដើម្បី​បំពេញតម្រូវការ​ថែទាំ​សុខភាព ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញថា កត្តា​ខ្វះខាត​ធនធាន​ហិរញ្ញវត្ថុ​មិនមែនជា​បញ្ហា​ទាំងស្រុង​នោះទេ ប៉ុន្តែ​លទ្ធភាព​ទទួលបាន​ការ​ថែទាំ​សុខភាព​សម្រាប់​អ្នក​រស់រានមានជីវិត​ម្នាក់ៗ ទទួលរង​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​លក្ខខណ្ឌ​ភូមិសាស្ត្រ ឬ​ប្រព័ន្ធ​អង្គការ​សង្គម​ផ្សេងទៀត​។​

​ការទទួលបាន​សេវា​សុខភាព​អាច​កំណត់​តាម​វិធី​ផ្សេងៗ​គ្នា – ពី​ការ​ចែកចាយ ឬ​ផ្ដល់​សេវា​ពិនិត្យ​សុខភាព ធនធាន​ផ្សេងៗ និង​សម្ភារៈ​បរិក្ខារ​ទៅតាម​តម្រូវការ​ផ្ទាល់​នៃ​ប្រជាជន ដូចជា​កញ្ចប់​សេវា​ធានារ៉ាប់រង ការយល់ដឹង​អំពី​ការថែទាំ​សុខភាព និង​ប្រាក់ចំណូល​។ ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​នូវ​សេវា​ថែទាំ​សុខភាព​អាចធ្វើ​បាន​។ ជា​លទ្ធផល​ចុងក្រោយ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព និង​សុខុមាលភាព​របស់​អ្នក​រស់រានមានជីវិត​ពី​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ មិន​ផ្ដោត​ចម្បង​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នោះទេ ប៉ុន្តែ​ផ្ដោតលើ​សំណួរ​ថា តើ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ការទទួលបាន​សេវា​ថែទាំ​សុខភាព​មាន​ភាពងាយស្រួល ការជឿជាក់ និង​អាច​ទុកចិត្តបាន​។​

​ការងារ​ស្រាវជ្រាវ​របស់មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅក្នុង​វិស័យនេះ​គឺ​មិនបាន​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ ការរកឃើញ​ទាំងនេះ​គឺមាន​លក្ខណៈ​ជាការ​ស្រាវជ្រាវ​កម្រិត​ប​ឋ​ម​។ ទោះយ៉ាងណា​ក៏ដោយ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លើកឡើង​នូវ​សំណួរ និង​ការជាប់​ពាក់ព័ន្ធ​ជាច្រើន ដែលមាន​សារៈសំខាន់​ពាក់ព័ន្ធ​នឹង​ការងារ​ដែល​កំពុង​បន្ត និង សក្តានុពល​នាពេល​អនាគត​ក្នុង​កិច្ចសហការ​ជាមួយ​សហគមន៍​អ្នក​រស់រានមានជីវិត​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​ប្រទេស​ក្រោយ​ជម្លោះ​ផ្សេងទៀត​។​

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បន្តការងារ​របស់ខ្លួន​នៅក្នុង​វិស័យនេះ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និ​ឹ​ង​ចែករំលែក​ការរកឃើញ និង​អនុសាសន៍ ជាមួយ​សាធារណៈជន មិន​ត្រឹមតែ​ការបង្ហាញ​អំពី​ស្ថានភាព​លំបាក បញ្ហា​ប្រឈម និង​ឧបសគ្គ​នៃ​ការទទួលបាន​សេវា​សុខភាព និង​សេវា​សង្គម​សំខាន់ៗ​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ប៉ុណ្ណោះ​ទេ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​បង្ហាញ​ផ្នែក​ដែល​អាចធ្វើ​ឲ្យ​ប្រសើរឡើង​បាន ក្នុង​ផ្ន្​ត់​គំនិត​របស់​សហគមន៍​អន្តរជាតិ លើក​យុត្តិធម៌​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​នៅក្នុង​សង្គម​ក្រោយ​ជម្លោះ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។​
_____________________________

លោក ឆាំង យុ ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ បេសកម្ម​របស់​មជ្ឈមណ្ឌល​កម្ពុជា​ផ្តោតលើ​ការចងចាំ និង​ការស្វែងរក​យុត្តិធម៌ ជួយ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​ក្នុងការ​ស្វែងរក​ការពិត ដែលជា​ការបង្រួបបង្រួម​ជាតិ​ពិតប្រាកដ​។ ក្នុងចំណោម​ការរួមចំណែក​ជាច្រើន​ចំពោះ ការពិត និង​យុត្តិធម៌ លោក ឆាំង យុ បានផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​សាលាក្តី​ខ្មែរក្រហម​ក្នុងនាម​ជា​សាក្សី​រស់​ចំពោះ​អំពើ​ប្រល័យពូជសាសន៍ និង​បាន​បង្កើត​កម្មវិធី​អប់រំ​អំពី​អំពើ​ប្រល័យពូជសាសន៍​ទូទាំងប្រទេស​ដោយមាន​កា​រ​គាំទ្រ​ពី​មូលដ្ឋាន​យ៉ាងរឹងមាំ និង​បាន​បង្កើត​មជ្ឈមណ្ឌល​ឯកសារ​អំពី​អំពើ​ប្រល័យពូជសាសន៍​ក្នុង​តំបន់​ចំនួន​ប្រាំមួយ រួមទាំង​បណ្ណាល័យ​សម្ដេចម៉ែ ដើម្បី​ជួយ​សម្រួល​ដល់​ការស្រាវជ្រាវ និង​លើកកម្ពស់​ដល់​ការផ្សះផ្សា​ជាតិ​។​

​រូបថត​មួយចំនួន​របស់​កម្មាភិបាល​ខ្មែរក្រហម​:

រូបថតមួយចំនួនរបស់កម្មាភិបាលខ្មែរក្រហម:

https://photos.app.goo.gl/qQVdCaLfwRcVdGjk9

រូបថតមួយចំនួនរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងក្រុមអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា:

https://photos.app.goo.gl/bAeUjN1WN45tWFvR8