​សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨

1176
ចែករម្លែក

​ដោយ : វិបុល / ភ្នំពេញៈ​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨ ខែមិថុនា នេះ រួមមាន​ដូចតទៅ ៖

*​ជួប​កម្មករ​នៅថ្ងៃនេះ សម្តេច​តេ​ជោ​បង្ហាញ​ពី​មោទនភាព នៃ​នយោបាយ​ពង្រាយ​រោងចក្រ​

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ចំនួន ២១.៤៦៥​នាក់​មកពី​រោងចក្រ​ចំនួន ១៤ ស្ថិតនៅ​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។ នៅថ្ងៃនេះ​សម្តេច​តេ​ជោ​បានបង្ហាញ​ពី​មោទនភាព​នៃ​នយោបាយ​ពង្រាយ​រោងចក្រ ទៅតាម​បណ្តា​ខេត្ត ។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានបង្ហាញ​ពី​ការពេញចិត្ត​ជាមួយ​នយោបាយ​ពង្រាយ​រោងចក្រ​ទៅតាម​បណ្តា​ខេត្ត កំពង់​ទទួលជោគជ័យ​មួយ​ជំហាន​ធំ​ហើយ​ក្នុង​រយៈពេល ១៩ ឆ្នាំ​កន្លងទៅនេះ តាមរយៈ​នយោបាយ​ពង្រាយ​រោងចក្រ​ទៅតាម​មូលដ្ឋាន​ដែល​សម្តេច​បានដាក់​ចេញ តាំងពី​ឆ្នាំ ១៩៩៩ ។ សម្តេច​បាន​បន្តថា បើ​សម្តេច​មិន​ច្រឡំ​ទេ​នៅក្នុង ខែធ្នូ ឆ្នាំ ១៩៩៩ ដែលជា​ពេលវេលា​នៃ​ការបង្កើត​វេទិកា​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ពេលនោះ សម្តេច​ក៏បាន​សង្កត់​ថា​ត្រូវខិតខំ​ធ្វើយ៉ាងណា​ដោះស្រាយ ការងារ​ធ្វើ​ទាក់ទាញ​វិនិយោគ​តាម​បណ្ដា​ខេត្ត​នានា​តាម​លទ្ធភាព​ដែល​អាចធ្វើ ទៅបាន ។ ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដើម្បី​បម្រើ​ឲ្យ​ការពង្រាយ​រោងចក្រ នៅតាម​បណ្ដា​ខេត្ត ជាជាង​ប្រមូលផ្ដុំ​នៅតែ​ទីក្រុង​ភ្នំពេញ ។ គោលនយោបាយ​នេះ​មិនមែនជា​បញ្ហា​ប្រថុយប្រថាន​នោះទេ ៕

*​ក្រសួងការពារជាតិ​ច្រានចោល​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​

​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​២៨ ខែមិថុនា​នេះ បានចេញ​សេចក្ដី ថ្លែង ការណ៍ ច្រានចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៨​មិថុនា​នេះ​។​

​សេចក្ដីថ្លែងការណ៍​បាន​លើកឡើងថា របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស មានបំណង​ញុះញង់​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល មកលើ​មន្ត្រីជាន់ខ្ពស់​១២​រូប នៃ​កងកម្លាំង​ប្រដាប់ អាវុធ ព្រះរាជាណាចក្រ​កម្ពុជា ៕


*​កូនជ្រូក​រស់​ឡើងថ្លៃ​បន្តិច​ជា​ក្ដីសង្ឃឹម​ដល់​អ្នក​ចិញ្ចឹម

​បច្ចុប្បន្ន តម្លៃ​កូនជ្រូករ​ស់បាន​ឡើងថ្លៃ​បន្តិច​ធ្វើ​ឲ្យ​កសិករ​និង​អាជីវករ ដែល​ប្រកបការងារ​នេះ​មាន​ក្ដីសង្ឃឹម​ឡើងវិញ​។ ជាមួយគ្នា​នោះគេ​សង្កេតឃើញ​ទីតាំង​នៃ​ការ​ចែកចាយ​កូនជ្រូក​រស់ ច្រើនជាងគេ​គឺ​នៅ​ផ្សារ​ច្រេស ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង ដែលជា​កន្លែង​ទទួល​ទិញ​លក់​ចែកចាយ​ទូទាំងប្រទេស​។ ហើយ​កូនជ្រូក​មួយចំនួនធំ បាន​លួច​ឆ្លងដែន​នាំចូល​មកពី​ប្រទេស​វៀតណាម មក​លក់​ឲ្យ​ឈ្មួញ​ជា​ថៅកែ​នៅទីនេះ ហើយ​ថៅកែ​លក់​បន្ត​ឲ្យ​អាជីវករ ដើម្បី​យក​ដើរ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​ឬ កន្លែង​ខ្វៃ​កូនជ្រូក នៅ​រាជធានី​ភ្នំពេញ​ឬ​តាម​ខេត្ត​នានា ទាំង​កូនជ្រូក​ខ្មែរ​និង​វៀតណាម ៕

*​ជនសង្ស័យ​មួយក្រុម​ធាក់​ឲ្យ​ដួល​ប្លន់​យក​ម៉ូតូ​បានសម្រេច នៅ​ស្ទឹងមានជ័យ​២

​នារី ម្នាក់​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​ធាក់​ឲ្យ​ដួល​ប្លន់​យក​ម៉ូតូ​បានសម្រេច កាល​វេលា​ម៉ោង ២​និង​៣០​នាទី យប់ ឈានចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់ចំណុច ជិត​រោងចក្រ SL តាម​បណ្តោយ​ផ្លូវ​៣៧១ ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម