​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​កញ្ញា​បាន​បដិសេធ​ថា​កងកម្លាំង​របស់​ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ​​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន ហើយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​គៀវ​ថា​បាន​ប្រឌិត​ការ​រក​ឃើញ​របស់​ខ្លួន​អំពី​ផ្នូរ​ដ៏​ធំ​នៅក្នុង​ទឹកដី​ដែល​ដណ្តើម​បាន​មក​វិញ​។​

​នៅក្នុង​ឧបទ្ទវហេតុ​ចុងក្រោយ​ដែល​ជំរុញ​ឱ្យ​មាន​ការបារម្ភ​អំពី​គ្រោះអាសន្ន​អា​តូ​ម៉ិក អ៊ុយ​ក្រែន​បាន​និយាយ​ថា​គ្រាប់​រ៉ុក្កែត​រុស្ស៊ី​បាន​ធ្លាក់​កៀកៗ​នឹង​ស្ថានីយ​ថាមពលនុយក្លេអ៊ែរ​នៅ​ភាគ​​ខាងត្បូង​អ៊ុ​យក្រែន​។​

​អ៊ុយ​ក្រែន​បាន​ដណ្តើម​យក​ទីក្រុង​អ៊ី​ហ្ស៊ី​យ៉ូម (Izyum)​និង​ទីក្រុង​ផ្សេងទៀត​នៅ​ភាគ​ខាងកើត​ក្នុង​ខែ​នេះ ដោយ​ធ្វើឱ្យ​ខូច​ផ្លូវ​ផ្គត់ផ្គង់​របស់​វិមាន​ក្រឹម​ឡាំង​និង​នាំមក​នូវ​ការអះអាង​ថ្មីៗ​អំពី​អំពើ​ឃោរឃៅ​​របស់​រុស្ស៊ី​ជាមួយនឹង​ការ​រក​ឃើញ​ផ្នូរ​រាប់សិប​ដែល​ខ្លះ​មាន​សាកសព​ជាច្រើន​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov)​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា “​ទាំងនេះ​គឺជា​ការ​កុហក​។​មូ​ស្គូ​នឹង​ក្រោកឈរឡើង​ការពារ​សេចក្តី​ពិត​នៅក្នុង​រឿង​​នេះ​”​។​

​ការប្រយុទ្ធ​គ្នា​នៅ​ភាគ​ឦសាន​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង ហើយ​អ្នកកាសែត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP បានឮ​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​ដាក់គ្នា​នៅ​សមរភូមិ​មុខ​នៃ​ទីប្រជុំជន​គូ​ពី​យ៉ានស៍ (Kupiansk) កាលពី​ថ្ងៃ​ចន្ទ ខណៈ​ជន​ស៊ីវិល​ដែល​រងរបួស​ផ្លូវចិត្ត​បាន​ធ្វើដំណើរ​ចេញពី​ទីប្រជុំជន​នេះ ដែល​ឥឡូវ​ភាគច្រើន​គឺ​ស្ថិត​ក្នុង​ដៃ​របស់​អ៊ុ​យក្រែន​៕

​អ្នកជំនាញ​កំពុង​គាស់​យកសា​កសណ​នៅ​ផ្នូរ​ជាច្រើន​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​អ៊ី​ហ្ស៊ី​យ៉ូម​