ដោយៈដេប៉ូ / មណ្ឌលគិរី៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាៈ «សហគមន៍យើងនីមួយៗ គួរមានស្បៀងអាហារ ហូបគ្រប់គ្រាន់ ជីវភាពកាន់តែល្អប្រសើរ។ នេះជាកត្តាសំខាន់ក្នុងការពារធនធានធម្មជាតិ»។

ការថ្លែងរបស់លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន បែបនេះ ធ្វើឡើង នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមជាអធិបតីភាពនៃការដាំស្ដារព្រៃឈើ ការក្លូនរុក្ខជាតិ រៀបចំថ្នាលបណ្ដុះកូនឈើ និងការពិនិត្យការចិញ្ចឹមពូជសត្វក្របី នៅលើផ្ទៃដីទំហំ ២០០ ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគីរី។

ក្នុងពិធីនេះ លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ វត្តមានប្រតិភូ នៅថ្ងៃនេះ ដើម្បីគោរពដឹងគុណ និងកោតសរសើរដល់មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ដែលជាទ័ពស្រួច លះបង់កម្លាំងកាយ ចិត្ត ពេលវេលា ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។

ក្រសួងបរិស្ថាន បានរៀបចំផែនការដាំស្ដារព្រៃឈើ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើនគម្របដីព្រៃ ឲ្យបានប្រសើរឡើង និងផ្តល់ជូនមន្ត្រីឧទ្យានុរក្សនូវចំណេះដឹង បទពិសោធន៍ក្នុងការធ្វើក្លូនរុក្ខជាតិ ក៏ដូចជាបច្ចេកទេសដាំដុះ និងថែទាំចម្ការឈើដាំ ព្រមទាំងការផ្សព្វផ្សាយចំណេះដឹង ជំនាញ បទពិសោធន៍ និងឱកាសការងារជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ឲ្យបានទូលំទូលាយ។

ការដាំស្តារ និងក្លូនរុក្ខជាតិអាកាស្សានេះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្កត់ធ្ងន់ថា ជាការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីបំពេញនូវសេចក្តីត្រូវការចំពោះមុខ បន្ថយសម្ពាធលើការប្រើប្រាស់ សម្ភារសំណង់ និងគ្រឿងសង្ហារឹមដែលធ្វើពីឈើធម្មជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការនៅក្នុងវិស័យឧស្សាហកម្មផងដែរ។

គួរបញ្ជាក់ថា ប្រភេទក្លូនឈើដែលដាំដុះពេលនេះ ជាប្រភេទឈើអាកាស្យា ចំនួន ១ម៉ឺនដើម ដាំនៅលើផ្ទៃដីទំហំ ៦,៥ ហិកតា។ សហគមន៍បានបណ្តុះកូនអាកាស្យាសាជាមេពូជចំនួន ៧.០០០ ដើម និងកូនអាកាស្យាចំនួន ១៧.០០០ ដើម ត្រូវបានដាំលើផ្ទៃដី ៨ ហិកតា និងព្រួសពូជស្មៅលើផ្ទៃដីទំហំ ៦ ហិកតា សម្រាប់ជាចំណីរបស់សត្វក្របីចំនួន ៦០ ក្បាល ដែលទទួលបានពីក្រសួងបរិស្ថាន ក្នុងនោះ បានយកទៅចិញ្ចឹមនៅស្នាក់ការកែររពៅ ចំនួន ១០ ក្បាល និងនៅស្នាក់ការខ្ទង់ចំនួន ៥០ ក្បាល ហើយបច្ចុប្បន្ន កើនបានចំនួន ២ ក្បាលបន្ថែម៕/V