ដោយៈបូកគោ / កំពត: ភ្ញៀវទេសចរជាតិដែលឡើងទៅកម្សាន្តនៅរមណីយដ្ឋានបូកគោ អំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ ភាគច្រើនស្លៀកពាក់បែបប្រពៃណី និងមានចង្ហាន់ ព្រមទាំងទេយ្យទានផ្សេងៗ យកទៅប្រគេនព្រះសង្ឃគង់ក្នុងវត្តសំពៅប្រាំ។

ព្រះសង្ឃ គង់ចាំព្រះវស្សានៅទីនោះ បានបញ្ជាក់ថាៈ ចង្ហាន់សម្បូរតែថ្ងៃសៅរ៍-អាទិត្យពេលភ្ញៀវមកកម្សាន្ត ព្រោះទីអារាមនេះ មិនមានពុទ្ធបរិស័ទចំណុះជើងវត្ត កាន់វេនដូចកន្លែងដទៃទេ។

កញ្ញា សែង ស្រីលីន ទេសចរមកពីខេត្តតាកែវបានរៀបរាប់ថាៈ នេះជាលើកទីប្រាំមួយ ដែលនាងបានយកចង្ហាន់ និងទេយ្យទានផ្សេងៗឡើងមកប្រគេនព្រះសង្ឃ នៅវត្តសំពៅប្រាំក្នុងចំណោមដំណើរមកកាន់ខេត្តកំពតជាច្រើនលើក។ ទីអារាមនេះ ជាតំបន់ទេសចរណ៍សាសនា មានប្រវត្តិកាលយូរលង់មកហើយ និងជាកន្លែងស័ក្តិសិទ្ធិ គួរជាទីសក្ការ:។

តាមការកត់សម្គាល់ឃើញថា ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ញៀវខ្មែរដែលឡើងមកលេងលើភ្នំបូកគោ ភាគច្រើន ស្លៀកសម្លៀកបំពាក់ប្រពៃណី ហើយឆ្លៀតយកចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសំពៅ ៥ ទៀតផង។

កញ្ញា ស្រីលីន បានបន្តថាៈ សម្រាប់ឆ្នាំនេះខុសពីរដូវកាលកាន់បិណ្ឌពីរឆ្នាំមុន ដោយប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ បានមកវត្តច្រើនកុះករ ព្រោះវិបត្តិកូវីដ-១៩ បានធូរស្បើយឡើងវិញ។

ចំណែកព្រះសង្ឃគង់នៅវត្តសំពៅប្រាំ បានមានសង្ឃដីកាថាៈ វត្តសំពៅប្រាំ មានព្រះសង្ឃគង់ចាំព្រះវស្សាចំនួនប្រាំបីអង្គ។ វត្តនេះមិនមានវេនកាន់បិណ្ឌទេ ហើយចង្ហាន់សម្បូរតែថ្ងៃសៅរ៍-អាទិត្យ ដែលបានមកពីទឹកចិត្តជ្រះថ្លារបស់ភ្ញៀវទេសចរ។ ចំណែកពុទ្ធបរិស័ទចំណុះជើងវត្តមិនសូវឡើងមកច្រើនទេ។

សូមបញ្ជាក់ថា វត្តសំពៅប្រាំ មានទីតាំងលើភ្នំបូកគោ ស្ថិតនៅខាងក្រោយសណ្ឋាគារសុខាអូតែល។ វត្តនេះមានអាយុកាលយូរឆ្នាំមក ហើយ ព្រមទាំងមានចេតីយ៍សម្តេចព្រះបាទមុនីវង្ស សាងសង់ក្នុងឆ្នាំ១៩២៤ទៀតផង៕/V