ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក ប៊ូ វីរៈ បានបញ្ជាក់ថាៈ សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ នេះ សហព័ន្ធ បានត្រៀមដាក់ ៥ វិញ្ញាសា ឱ្យអត្តពលិក ២៥ រូប មកពី ៧ រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ប្រកួតប្រកួត គ្នា ។

អត្តពលិក ២៥ រូបខាងលើ សហព័ន្ធ បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ កីឡាករមកពីបណ្តាក្លិបនានា និងក្រុមជម្រើសជាតិ ដើម្បីសម្រួចនិងដុសខាត់សមត្ថភាព ឆ្ពោះទៅ ដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះដែរ សហព័ន្ធ ក៏បានត្រៀមមន្រ្តីបច្ចេកទេស សរុបចំនួន ៣៥ នាក់ និង ១០ នាក់ មកពីក្លិប Flamingo Jet Ski ប្រទេសថៃ មកជួយរៀបចំកីឡាជាតិ លើកទី៣ នេះដែរ។

លោក ប៊ូ វីរៈ បានបន្ថែមថាៈ កីឡាជាតិលើកទី៣នេះ គឺជាឱកាសឱ្យអត្តពលិកជម្រើស ជាតិ ដែលហ្វឹកហាត់ជាមួយគ្រូកម្រិតអន្តរជាតិនិងកីឡាករមកពីក្លិបក្នុងស្រុក និងមន្រ្តីបច្ចេក ទេស បានផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ជាពិសេសពិនិត្យមើលពីចំណុចខ្វះខាត ចំណុចខ្សោយ ដើម្បីធ្វើការកែប្រែឱ្យបានល្អប្រសើរ ត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ ទាំងកម្រិតតំបន់ និងអន្តរជាតិ នាពេលខាងមុខនេះ។

លោកអគ្គលេខាធិការ បានអះអាងថាៈ សហព័ន្ធ មានគម្រោងបើកវគ្គបណ្តុះបណ្តាលកម្រិតជាតិ និងអន្តរជាតិ ឱ្យបានច្រើនដង និងបញ្ជូនមន្រ្តីបច្ចេកទេស ទៅចូលរួមកាត់សេចក្តីការប្រកួតជាលក្ខណៈអន្តរជាតិទៀតផង។

ក្រៅពីការប្រកួតកម្រិតជាតិ ដូចជា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ កីឡាជាតិលើកទី៣ ឆ្នាំ២០២២ សហព័ន្ធ មានការប្រកួតកម្រិតទ្វីប ៤លើក ក្នុងមួយឆ្នាំ គឺការប្រកួត Jet Ski Pro Tour ជើងឯកតំបន់អាស៊ី នៅថៃ, ការប្រកួត Jet ski World cup និង World Series នាខែកក្កដា នៅទ្វីបអឺរ៉ុប ខែតុលា នៅសហរដ្ឋអាមេរិក ខែធ្នូ ការប្រកួតផ្តាច់ព្រ័ត្រ នៅប្រទេសថៃ និងការប្រកួត Aquabike world championship ធំជាងគេប្រចាំទ្វីបអឺរ៉ុប។

សម្រាប់ទីតាំងប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ ២០២២ ខាងមុខនេះ សហព័ន្ធ បានសម្រេចជ្រើសរើសយកឆ្នេរសុខា ខេត្តព្រះសីហនុ ដែលជាទីតាំងត្រៀមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ទៀតផង៕/V