ដោយៈ ប.ខុន / ភ្នំពេញៈ ការធ្វើចរាចរលើផ្លូវស្ពានអាងទឹកតាម៉ុក ត្រូវបានបិទជាបណ្តោះអាសន្នហើយ បន្ទាប់ពីទឹកនៅអាងនេះបានឡើងដល់កម្ពស់ ៣,៩៧ ម៉ែត្រ ធ្វើឱ្យទឹកហូរកាត់ពីលើស្ពានកម្ពស់ ០,២០ ម៉ែត្ររួចមក។ កាលពីយប់មិញ មានភ្លៀងធ្លាក់ថែមច្រើនមកទៀត នៅគ្រប់ស្រុកក្នុងខេត្តឧត្តរមានជ័យ មានកម្រិតពី ៨០ ដល់ ១១៩ មីលីម៉ែត្រ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថាៈ ការធ្វើចរាចរលើផ្លូវស្ពានអាងទឹកតាម៉ុក ត្រូវបានបិទជាបណ្តោះអាសន្នហើយ កាលពីយប់ថ្ងៃទី១៩ កញ្ញា បន្ទាប់ពីទឹកនៅអាងនេះ បានឡើងដល់កម្ពស់ ៣,៩៦ ម៉ែត្រ ធ្វើឱ្យទឹកហូរកាត់ពីលើស្ពានរួចមក។

ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថាៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ទឹកបានឡើងថែមបន្តិចទៀត ដល់កម្ពស់ ៣,៩៧ ម៉ែត្រដោយមានទឹកហូរកាត់លើស្ពាន ប្រមាណជា ០,២០ ម៉ែត្រ សន្ទុះទឹកឡើងកើនតិច បានន័យថា អាចនឹងលែងឡើងថែមទៀតហើយ តែកាលពីយប់មិញ មានភ្លៀងរហូតដល់ព្រឹក មានបរិមាណទឹកភ្លៀងធ្លាក់កម្រិតពីជាង ៨០ ដល់ ១១៩ មីលីម៉ែត្រ ហើយពេលនេះ ផ្ទៃមេឃនៅតែងងឹត និងមានភ្លៀងរលឹមគ្រប់ស្រុក។

លោក ញឺន កួន បាននិយាយឱ្យដឹងទៀតថាៈ ប្រសិនបើទឹកឡើងដល់កម្ពស់ ៤,៥០ ម៉ែត្រនោះ ទឹកនឹងត្រូវលិចបង្កាន់ដៃស្ពានទាំងស្រុងស្រុកអន្លង់វែង ក៏មានការលិចលង់ដែរ។ ភ្លៀងធ្លាក់ជាង ៨០ មីលីម៉ែត្រ នៅត្រពាំងប្រាសាទកាលពីយប់មិញ ថ្ងៃទី២១ កញ្ញា ទើបហូរមកដល់អាងតាម៉ុក។ ការធ្វើចរាចរ ត្រូវបានបញ្ចៀសទៅផ្លូវកៅស៊ូ វាងប្រជុំជនអន្លងវែង ជាបណ្តោះអាសន្នហើយ៕/V