ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត បានបើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក របស់ខេត្តកំពង់ឆ្នាំង។

ពិធីនេះ បានធ្វើឡើងនៅសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី សំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងឃុំ និងអង្គការសង្គមស៊ីវិល នៅក្នុងខេត្តផងដែរ ។

បន្ទាប់ពីមតិស្វាគមន៍របស់លោក សុខ សុន្ធី អភិបាលរងស្រុក ពាក់ព័ន្ធនឹងស្ថានភាពនានារបស់ស្រុក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុករួចមក លោក អម សុភា បានមានប្រសាសន៍ថាៈ វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក របស់ខេត្តកំពង់ឆ្នាំង នាពេលនេះ គឺដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។

អភិបាលរងខេត្ត ក៍បានជំរុញឱ្យអង្គសិក្ខាសាលាទាំងអស់ បន្តតាមដាននូវបទបង្ហាញ ដើម្បីពិភាក្សាឱ្យបានផុលផុស និងស៊ីជម្រៅ ធ្វើការវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្ដល់យោបល់លើគម្រោងសកម្មភាពជាអាទិភាព ដែលមិនទាន់មានការសន្យាគាំទ្ររបស់កម្មវិធីវិនិយោគខេត្ដ ក្រុង ស្រុក និងធ្វើការប្រមើលមើលពីសក្ដានុពលធនធានក្នុងមន្ទីរជំនាញ និងលទ្ធភាពធនធានផ្សេងៗ ដែលបានពីថ្នាក់ជាតិ តាមរយៈក្រសួង ឬធនធានពីអង្គការជាតិ អន្ដរជាតិ សប្បុរសជន និងពីប្រភពផ្សេងៗ ហើយធ្វើការវិភាគពីសូចនាករ ព្យាករណ៍ពីសកម្មភាពដែលនឹងត្រូវវិនិយោគ នាពេលអនាគត ដើម្បីគាំទ្រគម្រោងវិនិយោគខេត្ដ ក្រុង ស្រុក ដែលបានលើកឡើង ក្នុងវេទិកាពិគ្រោះយោបល់ នាឱកាសនេះ និងសំណូមពរដល់អង្គការជាតិ អន្ដរជាតិ សមាគមទាំងអស់ដែលជាដៃគូអភិវឌ្ឍន៍ សូមពិនិត្យ លើគម្រោងសកម្មភាពជាអាទិភាព ដែលបានលើកឡើងសម្រាប់កម្មវិធីវិនិយោគខេត្ដ ក្រុង ស្រុក និងតារាងម៉ាទ្រិចគម្រោងជាអាទិភាពក្រុង ស្រុក៕/V