​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ស្វីស​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដ៏​ចម្រូងចម្រាស​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​កញ្ញា​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 របស់​សហរដ្ឋ​អាម៉េរិក​ចំនួន ៣៦ គ្រឿង​ក្នុង​តម្លៃ​ជាង ៦ ពាន់​លាន​ហ្វ្រង់​ស្វីស (៦,២ ពាន់​លាន​ដុល្លារ​)​។​

​អា​ម៉ា​ស្វីស​(Armasuisse) ដែល​ជា​ទីភ្នាក់ងារ​លទ្ធ​កម្ម​អាវុធ​របស់​ស្វីស បាន​និយាយថា “​នាយក​ផ្នែក​សព្វាវុធ​ជាតិ លោក ម៉ា​ទីន សុន​ដេ​រ៉េ​ច​ហ្គើ (Martin Sonderegger)​និង​អ្នកគ្រប់គ្រង​​កម្មវិធី F-35A របស់​ស្វីស លោក ដាកូ សា​វិក (Darko Savic) បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​នៅ​ថ្ងៃទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២២ នៅ​ទីភ្នាក់ងារ Armasuisse ក្នុង​ទីក្រុង​បឺន (Bern)”​។​

​ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា “​ជាមួយ​កិច្ចសន្យា​នេះ ការទិញ​យន្តហោះ F-35A​ចំនួន ៣៦ គ្រឿង​ត្រូវបាន​យល់ព្រម​តាម​កិច្ចសន្យា​”​។​

​ការជ្រើសរើស​ទិញ​យន្ត​ហោះ F-35 ដោយ​រដ្ឋាភិបាល​ស្វីសក្នុង​ខែមិថុនា ឆ្នាំ ២០២១ បាន​បង្ក​ឱ្យមាន​ភាពចម្រូងចម្រាស​មួយចំនួន​ជា​ពិសេស​ទាក់ទង​នឹង​ការចំណាយ​ហួសប្រមាណ​នៃ​កម្មវិធី​យន្ត​​ហោះ​ចម្បាំង​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​។​ប៉ុន្តែ​ការស៊ើបអង្កេត​របស់​សភា​ស្វីស​មិន​បាន​ចោទសួរ​អំពី​ការជ្រើសរើ​សទិញ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ទេ​។​

​រដ្ឋាភិបាល​និង​ស​ភាស្វី​សក៏បាន​កាត់​ផ្តាច់ការ​ធ្វើ​ប្រជាមតិ​លើ​ការទិញ​យន្តហោះ​នេះដែរ បើទោះបីជា​មាន​ហត្ថលេខា​គ្រប់គ្រាន់​ត្រូវ​បាន​ប្រមូល​ដើម្បី​ដាក់​បញ្ហា​នេះ​ដល់​អ្នកបោះឆ្នោត​ក៏​ដោយ​ដោយ​និយាយ​​ថា​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដូច្នេះ​ទេ មុនពេល​ការផ្តល់ជូន​របស់​ក្រុមហ៊ុន Lockheed Martin ត្រូវ​ផុតកំណត់​។​

​ប៉ុន្តែ​អ្នក​បោះឆ្នោត​ស្វីស​បាន​យល់ព្រម​យ៉ាង​ចង្អៀត​រួច​ទៅ​ហើយ​នៅក្នុង​ខែ​កញ្ញា​ឆ្នាំ ២០២០ ក្នុង​ការចំណាយ​ប្រាំមួយ​ពាន់​លាន​ហ្វ្រង់​ស្វីស​ដើម្បី​ជំនួស​កង​យន្តហោះ​ចាស់​របស់​ប្រទេស គឺ F/A-18 Hornets និង F-5 Tigers ។​

​យន្តហោះ F-35 នឹង​ត្រូវ​ចែកចាយ​នៅ​ចន្លោះ​ឆ្នាំ ២០២៧ និង​ឆ្នាំ ២០៣០​។​

​ស្វីស​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​ច្រើនឡើង ដែល​បាន​ជ្រើសរើស​យន្តហោះ​ប្រយុទ្ធ​ពហុ​តួនាទី​បំបាំងកាយ​នេះ រួមមាន បែលហ្ស៊ិក អង់គ្លេស ដា​ណឺ​ម៉ាក ហ្វាំង​ឡ​ង់ អ៊ីតាលី ក្រិក អាល្លឺម៉ង់ ហូ​ឡង់ ន័​រវែ​ស និង​ប៉ូឡូញ​៕

​ការជ្រើសរើស​ទិញ​យន្ត​ហោះ F-35 ដោយ​រដ្ឋាភិបាល​ស្វីសក្នុង​ខែមិថុនា ឆ្នាំ ២០២១ បាន​បង្ក​ឱ្យមាន​ភាពចម្រូងចម្រាស​មួយចំនួន​ជា​ពិសេស​ទាក់ទង​នឹង​ការចំណាយ​ហួសប្រមាណ​នៃ​កម្ម​​វិធី​យន្តហោះ​ចម្បាំង​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​