ដោយៈ សុផានីតា / កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ដល់លោកអភិបាលថ្មីស្រុកបូទុមសាគរ ចាំបាច់ទប់ស្កាត់ និងពង្រឹងការលើកកម្ពស់គ្រប់គ្រងថែរក្សាការពារដីព្រៃក្នុងតំបន់អភិរក្ស។ ការដាស់ស្មារតីរបស់លោកស្រី អភិបាលខេត្តកោះកុង នៅពេលនេះ ធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែងលោក ក្រូច បូរីសីហា ជាអភិបាលថ្មីស្រុកបូទូមសាគរ ជំនួសលោក ហាក់ ឡេង ដែលឡើងទៅកាន់តំណែងអភិបាលរងខេត្តកោះកុង កន្លងទៅថ្មីៗនេះ។

លោកស្រី មិថុនា ភូថង បានគូសបញ្ជាក់ទៀតថាៈ ការពង្រឹងការគ្រប់គង និងការការពារធនធានធម្មជាតិ ដោយសារភូមិសាស្ត្រខេត្តកោះកុង គ្របដណ្ដប់ភាគច្រើនដោយតំបន់ការពារអភិរក្ស ហើយតែងតែទទួលរងនូវការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានកាន់កាប់ដីព្រៃដីដោយខុសច្បាប់។ ហេតុដូច្នេះ លោកអភិបាលថ្មីស្រុកបូទូមសាគរ ត្រូវលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារ ធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ ដោយខិតខំពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ឱ្យបានជាប់ជាប្រចាំ។ ជាពិសេសបន្តបង្កើនការផ្សព្វផ្សាយអប់រំ បំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

ក្រៅពីការណែនាំឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិ លោកស្រី អភិបាលខេត្តកោះកុង ក៏ដាក់បទបញ្ជាផ្ទាល់មាត់ទៅកាន់អាជ្ញាធរសមត្ថកិច្ចស្រុកបូទុមសាគរ និងបណ្តាក្រុងស្រុកផ្សេងៗទៀត អនុវត្តការបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ឱ្យអស់ និងម៉ឺនម៉ាត់បំផុត តបនឹងបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ចៀសវាងប្រជាពលរដ្ឋបន្តរងគ្រោះព្រោះការញៀនល្បែង។ រីឯការផ្តល់សេវារដ្ឋបាលសាធារណៈ ក៏ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ ប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់លើបែបបទរដ្ឋបាល ព្រមទាំងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវានានា កាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។

បញ្ហាទាំង ៣ចំណុចនេះ ត្រូវបានលោក ក្រូច បូរីសីហា អភិបាលថ្មីស្រុកបូទូមសាគរ បានប្តេជ្ញាចិត្តពុះពារអនុវត្តការងារដោយឈរលើស្មារតីទទួលខុសត្រូវលើតួនាទីតំណែងរបស់ខ្លួនដែលត្រូវបានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកោះកុង ផ្តល់ទំនុកចិត្តមកអោយខ្លួន។

លោកអភិបាលស្រុកបូទុមសាគរ បានថ្លែងថាៈ រាល់សំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ លោកនឹងតាមដានពិនិត្យចំពោះការផ្តល់សេវារដ្ឋបាលសាធារណៈ ដោយធ្វើយ៉ាងណាលឿនឆាប់រហ័ស ទាន់ពេលវេលា និងតម្លាភាព ចៀសវាងការថ្នាំងថ្នាក់ណាមួយរបស់ពលរដ្ឋមូលដ្ឋាន។ ម៉្យាងទៀត លោកប្រឹងប្រែងដោះស្រាយវិវាទបញ្ហានានាត្រឹមតែថ្នាក់មូលដ្ឋានប៉ុណ្ណោះ ដោយសំដៅកាត់បន្ថយការប្តឹងផ្តល់ទៅកាន់តុលាការ ដោយពួកគាត់អាចចំណាយពេលវេលា និងថវិកា ជាដើម ក្នុងន័យជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម និងភាពសុខុដុមរមនា ឆ្លើយតបនឹងគោលការណ៍ដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕/V