ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ ថវិកា​មូលនិធិ​កីឡា​កងយោធពល​ខេមរភូមិន្ទ​បន្ថែមចំនួន​ជាង​១៦២​លាន​រៀល​ដែល​ទទួល បាន​ពី​ព្រឹត្តិការណ៍​កីឡា​កងយោធពល​ខេមរភូមិន្ទ​អបអរសាទរ​ទិវា​បុណ្យជាតិ ៧​មករា ត្រូវបាន​ក្រុម​ជំនួយការ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​សម្រាប់ ទ្រទ្រង់ សកម្មភាព​សមាគម​អតីតយុទ្ធជន​កម្ពុជា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​សម្តែង​នូវ​មោទនភាព និង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការរួមចំណែក​ដ៏​ថ្លៃថ្លា របស់​ឯកឧត្តម មេបញ្ជាការ​កងទ័ពជើងគោក ដែលជា​និច្ចកាល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​លើកស្ទួយ​កម្រិតជីវភាព​របស់​បង​បងប្អូន អតីតយុទ្ធជន​គ្រប់ពេលវេលា​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន បាន​មានប្រសាសន៍ បន្ថែមថា​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​ប្រមុខ រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​និង​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​យកចិត្តទុកដាក់​គិតគូ​អំពី​សុខទុក្ខ​និង​ការរស់នៅ​របស់​អតីតយុទ្ធជន​តាមរយៈ​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ការសាងសង់​ផ្ទះ​ថ្មី​ជូន​អតីតយុទ្ធជន ការដោះស្រាយ​ជីវភាព​លំបាក​ខ្វះខាត ការបើកប្រាក់​បេឡា​មរណ​សង្គ្រោះ​និង​ថវិកា​ធានារ៉ាប់រង​សង្គម​និង​សកម្មភាព​ជាច្រើន​ទៀត​សំដៅ​លើកកម្ពស់​សុខមាលភាព ជីវភាព​រស់នៅ និង​កិត្តិយស​របស់​អតីតយុទ្ធជន​។​

​សូមបញ្ជាក់ថា ថវិកា​ចំនួន​១៦២.៣១៨.៨០០​រៀល​នេះ គឺជា​ថវិកា​ជំហាន​ទី​២ ដែល​បានទទួល​ពី​ព្រឹត្តិការណ៍​កីឡា​កងយោធពល​ខេមរភូមិន្ទ អបអរសាទរ​ទិវា​បុណ្យជាតិ ៧​មករា បាន​ប្រគល់ជូន​មូលនិធិ​ទ្រទ្រង់​សកម្មភាព​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​៕​សរន​ / N