ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែកញ្ញា​ថាៈ សម្ពាធ ខ្ពស់​នៅលើ​ប្រទេស​ចិន បាន​រុញច្រាន​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ ) ឱ្យ​រំកិល​ចុះមក ក្រោម (​ត្បូង​) អូសបន្លាយ​កៀក​មកលើ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន កម្ពុជា​។ នៅ​ដំណាលគ្នា​នេះ ខ្យល់មូសុង​និរតី បក់​មក​ក្នុង​ល្បឿន​ពី​ខ្សោយ​ទៅ​បង្គួរ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ហើយ​បណ្តា​ខេត្ត​នៅក្នុង​ភូមិសាស្ត្រ ជាប់​នឹង​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ភាគ​ឦសាន អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ​។​

​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង នៅក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ក្នុងនោះ ផ្នែក​មួយចំនួន នៃ​បណ្តា​ខេត្ត​នៅក្នុង​ភូមិសាស្ត្រ ជាប់​នឹង​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង​សាធារណជន បន្ត​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជំនន់​ដែល​អាច​កើត​មកពី បរិមាណ​ទឹកភ្លៀង​ច្រើន​ហួស​កម្រិត (Overflow ) និង​ជំនន់​ទឹកភ្លៀង ( Flash Flood ) ដែល​នឹង​បន្ត​ធ្លាក់​បន្ថែម​ថ្មី ផ្ទួនៗ​ទៀត ជាពិសេស នៅក្នុង​ភូមិសាស្ត្រ នៃ​តំបន់​ជាប់​ជួរ​ភ្នំ , ទំនាប​ជាប់​ក្បែរ​ផ្លូវទឹក និង​ភូមិសាស្ត្រ ជាប់​ព្រំដែន​ថៃ ៕ V / N