​ដោយៈ​សុផល​/​ភ្នំពេញ​៖​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ​និង​អ្នក ដំណើរ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស​(​គ​.​អ​.​ច​.​ទ​.)​បានលើកឡើង​ពី​យោបល់​ទាក់ទាញ​ពលរដ្ឋ​ថៃ​ដែល​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ឱ្យ​ចូលមក​ទស្សនា​ខេត្តសៀមរាប​ពិសេស​រមណីយដ្ឋាន​អង្គរ​។​

​ការលើកឡើង​នូវ​សំណើ​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​របស់​គណៈកម្មការ​អន្តរក្រសួង គ​.​អ​.​ច​.​ទ​.​កាលពី ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ក្រោម​អធិបតីភាព​លោក ថោង ខុន​រដ្ឋមន្ត្រីក្រសួង ទេសចរណ៍​និង​ជា​ប្រធាន គ​.​អ​.​ច​.​ទ​.​។​នេះ​បើ​យោងតាម​ប្រភព​ក្រសួងទេសចរណ៍​ដែល​បង្ហាញ​លើ​បណ្តាញ​សង្គម​
​នៅ​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០២២​។​

​ប្រភព​ដដែល​បាន​ស្រង់​ប្រសាសន៍​លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​ជា​អនុប្រធាន គ​.​អ​.​ច​.​ទ​. បាន​បញ្ជាក់ថា លោក​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​អំពី​យោបល់​មួយ​គឺ​សំណើ​ស្នើ​ទៅកាន់ រាជរដ្ឋាភិបាល​ដើម្បី​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ថៃ​ដែល​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​អាច​ឆ្លង​មក​ខេត្តសៀមរាប​ដែល ជា​ខេត្ត​ទី​២ (​បន្ទាប់ពី​ខេត្ត​ទី​១​ដែល​ជាប់​ព្រំដែន​)​ដោយ​គ្រាន់តែ​ប្រើប្រាស់​ត្រឹម​បណ្ណ​ព្រំដែន​ឬ​Border Pass (​មិនចាំបាច់​មាន​លិខិតឆ្លងដែន​)​។​ឧទាហរណ៍​ពលរដ្ឋ​ថៃ​ដែល​រស់នៅ​ខេត្ត​ស្រះកែវ​ពេល​ចូលមក​ខេត្តបន្ទាយមានជ័យ​ហើយ​អាច​ចូលមក​ខេត្តសៀមរាប​,​អ្នក​នៅ​ខេត្ត​សុ​រិ​ន្ទ្រ​ពេល​ចូលមក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អាច​ចូលមក​ខេត្តសៀមរាប​ទៀត​បាន​។​

​លោក ហោ សារុន បាន​ថ្លែងថា «​ប្រជាពលរដ្ឋ​ថៃ​ខ្លះ​គាត់​ចង់​មកលេង​ប្រាសាទអង្គរវត្ត​តែ​គាត់​អត់​មាន​លិខិត ឆ្លងដែន​។​ដូច្នេះ​បើ​គាត់​រស់នៅ​ខេត្ត​ជាប់​ព្រំដែន​គាត់​អាច​ស្នើសុំ​បណ្ណ​ព្រំដែន​នឹង​អាច​ចូលមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​បាន​ដូចគ្នា​»​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា ប្រសិនបើ​ការអនុវត្ត​យ៉ាង​ដូច្នេះ កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​បន្ថែម ពី​វិស័យ​ទេសចរណ៍ តាមរយៈ​ការ​ចូលមក​ទស្សនា ដោយផ្ទាល់​របស់​ភ្ញៀវទេសចរ ដែលជា​ប្រជាពលរដ្ឋ​ថៃ​រស់នៅ តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​។​

​គួរ​ជម្រាប​ថា ខេត្ត​របស់​ប្រទេស​ថៃ ដែល​ជាប់​ជាមួយ​ព្រំដែន​ប្រទេស​កម្ពុជា រួមមាន​៖ ខេត្ត​ឧ​ត្បុល​រាជធានី (Ubon Ratchathani) ជាប់​ជាមួយ​ខេត្តព្រះវិហារ​។​ខេត្ត​ស្រី​សាកេ​ត (Si Sa Ket) ជាប់​ជាមួយ​ខេត្តព្រះវិហារ​និង​ខេត្ត ឧ​ត្ត​រ​មានជ័យ​។ ខេត្ត​សុ​រិ​ន្ទ្រ (Surin) ជាប់​ជាមួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ខេត្ត​បុរីរម្យ (Buri Ram)​ជាប់​ជាមួយ​ខេត្ត ឧ​ត្ត​រ​មានជ័យ​និង​ខេត្តបន្ទាយមានជ័យ​។​ខេត្ត​ស្រះកែវ​(Sa Kaeo)​ជាប់​ជាមួយ​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត បាត់ដំបង​។​ខេត្ត​ចន្ទ​បុរី (Chanthaburi) ជាប់​ជាមួយ​ខេត្តបាត់ដំបង និង​ខេត្ត​បៃ​លិ​ន​។ ខេត្ត​ត្រាត (Trat) ជាប់​ជាមួយ​ខេត្ត​បៃ​លិ​ន បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកោះកុង​។​

​បច្ចុប្បន្ន​កម្ពុជា​-​ថៃ​កំពុង​អនុវត្ត​ការអនុញ្ញាតឱ្យ​មានការ​ចេញ​/​ចូល​រវាង​ប្រជាជន​ដែល​រស់​នៅជាប់​ព្រំដែន​ទាំងសងខាង​។ ប្រជាជន​ដែល​កាន់​បណ្ណ​ព្រំដែន អាច​ឆ្លងកាត់​ព្រំដែន​បាន​ដោយ​មិនចាំបាច់ មាន​លិខិតឆ្លងដែន​ឡើយ​។​ដើម្បី ទទួលបាន​បណ្ណ​ព្រំដែន​នេះ​ប្រជាពលរដ្ឋ​គ្រាន់​តែមាន​អត្តសញ្ញាណ​បណ្ណ​គឺអាច​ស្នើសុំ​បណ្ណ​ព្រំដែន​នេះ​បាន​៕​សរន / N

រូបថត(សកម្មភាពកិច្ចប្រជុំពេញអង្គ​របស់​គណៈកម្មការ​អន្តរក្រសួង គ​.​អ​.​ច​.​ទ​.​កាលពី ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ក្រោម​អធិបតីភាព​លោក ថោង ខុន​រដ្ឋមន្ត្រីក្រសួង ទេសចរណ៍​និង​ជា​ប្រធាន គ​.​អ​.​ច​.​ទ​.​។​នេះ​បើ​យោងតាម​ប្រភព​ក្រសួងទេសចរណ៍​ដែល​បង្ហាញ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០២២​។)