ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ ២០២២ បានរៀបចំ​ពិធី​បើក​សិក្ខាសាលា ផ្សព្វផ្សាយ​អំពី​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​នៅ​កម្ពុជា ក្រោម​អធិបតីភាព​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​លោក​រដ្ឋមន្ត្រី​បាន​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​ឯកជន​ផ្នែក​កសិកម្ម រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ដល់​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​បាន​ស្វែងយល់ និង​ពង្រីក​សកម្មភាព​កសិក​ម្ម​អភិរក្ស​និង​ប្រពលវប្បកម្ម​និរន្តរភាព​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​

​លោក​បាន​បន្តថា សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​គឺជា​បុ​រេ​លក្ខខណ្ឌ​ដ៏​ចម្បង និង​សំខាន់បំផុត​សម្រាប់​កសាង​ខឿនសេដ្ឋកិច្ច និង​អភិវឌ្ឍ​ប្រទេសជាតិ​។ កំណើនសេដ្ឋកិច្ច​កម្ពុជា ជាង​ពីរ​ទសវត្សរ៍​កន្លងមក​ទទួលបាន​ក្នុង​រង្វង់​ជាង​៧%​ក្នុង​មួយឆ្នាំ ប៉ុន្តែ​ដោយសារ​វិបត្តិ​ជា​សាកល​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​យើង​មានការ​ធ្លាក់ចុះ​ក្នុង​អត្រា -៣,១% នៅ​ឆ្នាំ​២០២០ និង​បានធ្វើឱ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​។ ទោះជា​យ៉ាងណា ដោយសារ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​បង្វែរ​វិបត្តិ​ឱ្យទៅជា​ឱកាស បានធ្វើឱ្យ​កម្ពុជា​សម្រប​ខ្លួន​ទៅនឹង​ប្រក្រតីភាព​ថ្មី ហើយ​រំពឹងថា​កំណើន​សេដ្ឋកិច្ចជាតិ​អាច​សម្រេចបាន​ក្នុង​អត្រា​៥,៤% ក្នុង​ឆ្នាំ​២០២២​នេះ ទោះបី​មានការ​ទទួលរង​នូវ​ផលប៉ះពាល់​បន្ថែម​ពី​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ក៏ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។

​លោក​បាន​បន្តថា ក្នុង​បរិការណ៍​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានកំណត់​យក​ចក្ខុវិស័យ​ប្រែក្លាយ “​កសិកម្ម​កម្ពុជា ជា​កសិកម្ម​ទំនើប​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដែល​នាំ​ដល់​ការកើនឡើង​ប្រាក់ចំណូល​គ្រួសារ​កសិករ វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​នៃ​ការកាត់បន្ថយ​រហោស្ថាន​កម្ម ការគ្រប់គ្រង​ដី ធនធាន​ព្រៃឈើ និង​ជលផល​ប្រកបដោយ​ចីរភាព និង​ភាត​រៈ​បរិស្ថាន រួមទាំង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ស្ថាប័ន សេវា​គាំទ្រ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម​”​។​

​លោក​បាន​បន្តថា ចក្ខុ​វិស័យនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​បាន​រយៈ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​កសិក​រ​ទៅជា​ក​សិ​-​ពាណិជ្ជករ​ប្រកបដោយ​ភាព​វៃឆ្លាត​ក្នុង​បរិបទ​នៃ​បច្ចេកវិទ្យា​ឌីជីថល ដែលជា​កាលានុវត្តភាព​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដើម្បី​ធានាបាន​ការផ្គត់ផ្គង់​ប្រព័ន្ធ​ស្បៀង ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ការប្រកួតប្រជែង ជាពិសេស​ក្នុង​វិបត្តិ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩​នេះ​។

​លោក​បន្ថែមថា កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​មាន​តួនាទី​សំខាន់​ក្នុងការ​បង្កើន​ភាព​ធន់​ទ្រាំ​នៃ​ប្រព័ន្ធ​ផលិតកម្ម​ដោយសារ​សម្ពាធ​ជីវៈ និង​អជីវៈ ព្រមទាំង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដូចជា​ជួយ​កម្ចាត់​ស្មៅ កែប្រែ​ស្ថានភាព​ដី និង​ទប់ស្កាត់​ការហូរ​ច្រោះ​ដី​ជាដើម ហើយ​យន្ត​ការដែល​បាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​គឺ​តាមរយៈ​បង្កើតជា​វេទិកា​ថ្នាក់ជាតិ​មួយ​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” សម្រាប់​ផ្តល់​ការគាំទ្រ និង​សម្របសម្រួល​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមានៈ អង្គភាព​ស្រាវជ្រាវ គ្រឹះស្ថាន​អប់រំ គ្រឹះស្ថាន​ហិរញ្ញវត្ថុ អ្នកផ្តល់​ពូជ​ដំណាំ សហគមន៍​កសិកម្ម អ្នកផ្តល់​សេវាកម្ម​គ្រឿងយន្ត​កសិកម្ម និង​ដៃគូ​អភិវឌ្ឍន៍​។​ល​។ អាច​ប្រាស្រ័យ​ទាក់ទង​គ្នា សហការគ្នា ដើម្បី​លើកកម្ពស់​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​នៅ​កម្ពុជា តាមរយៈ​ការស្រាវជ្រាវ ការផ្សព្វផ្សាយ​ចំណេះដឹង ការសម្របសម្រួល និង​ការ​ចងក្រង​បណ្តាញ​ការងារ ឱ្យមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ប្រកបដោយ​ប្រសិទ្ធ​ផល​។
​ជា​លទ្ធផល តាមរយៈ​ការសម្របសម្រួល​ដោយ​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បានធ្វើឱ្យ​ផ្ទៃដី​អនុវត្ត​តាមបែប​កសិក​ម្ម​អភិរក្ស​នៅតាម​បណ្តា​ខេត្ត​គោលដៅ រួមមាន​ខេត្តបាត់ដំបង (​ស្រុក​រតនៈមណ្ឌល ស្រុក​បាណន់ និង​ស្រុក​សង្កែ​) ខេត្តកំពង់ធំ (​ស្រុក​សន្ទុក​) និង​ខេត្តព្រះវិហារ (​ស្រុក​រវៀង​) មាន​ចំនួន​កើនឡើង​គួរឱ្យ​ចាប់អារម្មណ៍ គឺមាន​ផ្ទៃដី​ប្រមាណ​៥០០ ហិកតា​នៅ​ឆ្នាំ​២០១៩ កើនឡើង​ដល់ ១ ៣៩៣​ហិកតា​នៅ​ឆ្នាំ​២០២០ និង​ជាង​២ ០០០​ហិកតា នៅ​ឆ្នាំ​២០២១​នេះ​។ N