​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម៉ូតូ​ហោះ ដែល​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​រហូត​ដល់ ៤០​នាទី​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុង​សប្តាហ៍​នេះ​នៅ​​ឯ​ពិព័រណ៍​យានយន្ត​អាម៉េរិក​ខាងជើង​នៅ​ទីក្រុង​ដេ​ត្រ​យ (Detroit)​។​

​ម៉ូតូ​ហោះ​នេះ​គឺជា​ស្នាដៃ​របស់​ក្រុមហ៊ុន Aerwins ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ដេ​ឡាវែ (Delaware) ដែល​ផលិត​ដ្រូ​ន​និង​យានយន្ត​គ្មានម​នុស្ស​បើក​។​

​ទោះបី​វា​ធ្វើឱ្យ​គេ​នឹកឃើញ​ដល់​ម៉ូតូ​ហោះ Jetsons ហោះ​ឡើង​ខ្ពស់​នៅ​ពីលើ​ផ្លូវ​ដែល​ស្ទះ​ក្នុង​ទីក្រុង​ញូវយ៉ក​ក៏ដោយ ក៏​អ្នក​ប្រហែលជា​នឹង​មិន​បាន​ជិះ​ម៉ូតូ​ហោះ​នេះ​ចេញ​ទៅ​អាកាសយានដ្ឋាន​ច​ន​អេ​ហ្វកេ​ណ្ណី​ឌី​ឆាប់ៗ​នោះទេ​។​

​បច្ចុប្បន្ន​ម៉ូតូ​ហោះ​ឈ្មោះ Xturismo មានតម្លៃ ៧៧៧.០០០ ដុល្លារ ទោះបីជា​ក្រុមហ៊ុន Aerwins និយាយថា ខ្លួន​នឹង​អភិវឌ្ឍ​ម៉ូ​ដែល​តូច​ជាង​នេះ​នៅ​ឆ្នាំក្រោយ ក៏ដូចជា​ម៉ូ​ដែល​អគ្គិសនី​ទាំងស្រុង​នៅ​ឆ្នាំ ២០២៥ ដើម្បី​លក់​ក្នុង​តម្លៃ​ប្រហែល ៥០.០០០ ដុល្លារ​ក៏​ដោយ​។​

​លោក ថា​ដ ស្កុត (Thad Scott) ដែល​ជា​សហប្រធាន​នៃ​កម្មវិធី​ពិព័រណ៍​យានយន្ត បាន​ជិះ​ម៉ូតូ​ហោះ​នេះ​សម្រាប់​ការសាកល្បង​នាពេល​ថ្មីៗ​នេះ​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​អាយុ ១៥ ឆ្នាំ ហើយ​ខ្ញុំ​ដូច​ទើបតែ​ចេញ​ពី​រឿង Star Wars ហើយ​ខ្ញុំ​បាន​លោត​ជិះ​លើ​ម៉ូតូ​របស់​ពួកគេ​។ ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់​”​។​

“​វា​អស្ចារ្យ​។ វា​ពិតជា​រំភើប​ណាស់​។ វា​មិន​គ្រោះថ្នាក់​ទេ វា​ស្រួល​ចុះចត​និង​ហោះហើរ​។ វា​មិន​មាន​ការ​កន្ត្រាក់​ទេ វា​ពិតជា​រលូន​ណាស់ ហើយ​ខ្ញុំ​មិន​អាច​ទ្រាំ​ចាំ​ថ្ងៃ​អនាគត​បានទេ​”​។​

​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Aerwins លោក ស៊ូ​ហី កូម៉ាត់​ស៊ូ (Shuhei Komatsu) គឺ​ចូល​ចិត្ត​ភាពយន្ត Star Wars តាំងពីក្មេង​។​

​លោក​កូម៉ាត់​ស៊ូបាន​ប្រាប់​កាសែត Detroit News ថា “​ខ្ញុំ​ចង់​បង្កើត​អ្វីមួយ​ឱ្យ​លេច​រូបរាង​ពិតប្រាកដ​ចេញពី​ភាពយន្ត​នេះ​។ វា​ជា​ម៉ូតូ​ហោះ​សម្រាប់​តួអង្គ Dark Side”៕

ម៉ូតូ​ហោះ Xturismo មានតម្លៃ ៧៧៧.០០០ ដុល្លារ​