​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​សកល​កំពុង​ភ្នាល់​លើ​ប្រទេស​វៀតណាម​ជា​ទិសដៅ​ផលិតកម្ម​បន្ទាប់​របស់​ពួកគេ​ដោយ​ប្រទេស​នេះ​ត្រូវបាន​ចាត់​​ទុក​ថា​ត្រៀមខ្លួន​រួច​ជាស្រេច​សម្រាប់​ការជំរុញ​នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​បន្ទះ​ឈីប​ដ៏​មាន​តម្លៃ​។​

​វេបសាយ Nikkei Asia បាន​រាយការណ៍​កាលពី​ខែ​មុន​ថា ក្រុមហ៊ុន Synopsys របស់​អាម៉េរិក ដែលជា​ក្រុមហ៊ុន​សូ​ហ្វ​វែរ​ចនាប​ន្ទះ​ឈីប​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​គ្រោង​នឹង​វិនិយោគ​និង​​បង្វែរ​ការបណ្តុះបណ្តាល​វិស្វករ​របស់​ខ្លួន​មក​ក្នុង​ប្រទេស​វៀតណាម​។​

​ក្រុមហ៊ុន​នឹង​បណ្តុះបណ្តាល​វិស្វករ​និង​ផ្តល់​អាជ្ញាប័ណ្ណ​សូ​ហ្វវែស​ម្រាប់​មជ្ឈមណ្ឌលរ​ចនាប​ន្ទះ​ឈី​ប​នៅ​សួន​បច្ចេកវិជ្ជា​ខ្ពស់​សាយ​ហ្គ​ន (Saigon Hi-Tech Park)​។​

​ក្រុមហ៊ុន Synopsys មាន​ការិយាល័យ​ចំនួន​ពីរ​នៅ​ទីក្រុង​ហូជីមិញ​និង​ទីក្រុង​ដា​ណា​ង ដែល​មាន​បុគ្គលិក​ជាង ៤០០ នាក់ ហើយ​គ្រោង​នឹង​បន្ថែម​បុគ្គលិក ៣០០-៤០០ នាក់​ទៀត​។​

​កាលពី​ខែ​មុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Samsung Electronics របស់​កូរ៉េ​ខាងត្បូង លោក រ៉ូ ថេ​មូន (Roh Tae-moon) បាន​ប្រាប់​នាយករដ្ឋមន្ត្រី ផាំ មិញ ឈិញ (Pham Minh Chinh) ថា​ក្រុមហ៊ុន​របស់លោក​កំពុង​ធ្វើ​ការសាកល្បង​ផលិត​បន្ទះ BGA នៅ​រោងចក្រ​របស់ខ្លួន​នៅ​ខេត្ត​ថៃ​ង្វៀន (Thai Nguyen) ភាគ​ខាងជើង ហើយ​នឹង​ចាប់ផ្តើម​ផលិតកម្ម​ពាណិជ្ជកម្ម​នៅ​ខែ​កក្កដា ឆ្នាំ ២០២៣​។​

​ក្រុមហ៊ុន Samsung ដែល​ជា​អ្នកវិនិយោគ​ផ្ទាល់​ពី​បរទេស​ធំ​បំផុត​នៅក្នុង​ប្រទេស​វៀតណាម បាន​សង់​រួច ៨៥ ភាគរយ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​របស់​ខ្លួន​នៅក្នុង​ប្រទេស​ហើយ​សង្ឃឹមថា​​នឹង​សង់​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​នេះ​។​

​ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយទៀត​គឺ Amkor Technology កាលពីដើមឆ្នាំ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​បន្ទះ​ឈីប (semiconductor) តម្លៃ ១,៦ ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​បាក់​និ​ញ (Bac Ninh) ភាគ​ខាងជើង​។​

Amkor ដែលជា​អ្នក​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​អេឡិចត្រូនិក​កំពូលៗ​ដូចជា Qualcomm, Samsung និង NVIDIA នឹង​បើក​រោងចក្រ​នៅ​ចុង​ឆ្នាំ​ក្រោយ​។​

​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ផ្សេងទៀត ដូចជា​ក្រុមហ៊ុន​យក្ស Intel របស់​សហរដ្ឋ​អាម៉េរិក និង​ក្រុមហ៊ុន Renesas Electronics របស់​ជប៉ុន​បាន​ស្ថិត​នៅក្នុង​ប្រទេស​វៀតណាម​ជាច្រើន​​ឆ្នាំ​មកហើយ​។​

​លោក ម៉ៃ​ឃើ​ល កូកា​ឡារី (Michael Kokalari) ប្រធាន​សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន​វិនិយោគ VinaCapital បាន​និយាយថា ការផលិត​បន្ទះ​ឈីប​នៅ​វៀតណាម​បង្ហាញ​សញ្ញា​ថា ក្រុមហ៊ុន​បរទេស​កំពុង​គាំទ្រ​វិស័យ​ផលិតកម្ម​របស់​ប្រទេស​និង​ជំរុញ​ឱ្យ​មាន​ការកើនឡើង​ការផលិត​នៅទីនេះ​។​

​លោក​បាន​និយាយ​នៅក្នុង​កំណត់ត្រា​ថ្មីៗ​នេះ​ថា “​ការលើកទឹកចិត្ត​ចម្បង​សម្រាប់​ក្រុមហ៊ុន​នានា​ក្នុង​ការបង្កើត​រោងចក្រ​បច្ចេកវិជ្ជា​ខ្ពស់​នៅក្នុង​ប្រទេស​វៀតណាម​រួមមាន កម្លាំង​ពលកម្ម​មាន​ជំនាញ​ខ្ពស់ ប្រាក់​ឈ្នួល​ទាប​របស់​វៀតណាម និង​ទីតាំង​ភូមិសាស្ត្រ​របស់​ប្រទេស​នេះ​ស្ថិតនៅ​ជិត​ខ្សែសង្វាក់​ផ្គត់ផ្គង់​បច្ចេកវិជ្ជា​ខ្ពស់​នៅ​អាស៊ី​”​។​

​លោក​បន្តថា នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ទស្សនវិស័យ​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​វៀតណាម​៕