​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នក​ចម្បាំង​ប្រឆាំង​នឹង​រដ្ឋប្រហារ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​បាន​ដើរ​ល្បាត​តាម​ភូមិ​ឆេះ​ម៉ត់​មួយ​បន្ទាប់​ពី​អ្វី​ដែល​ពួកគេ​និយាយថា​ជា​ការវាយប្រហារ​សងសឹក​​ដោយ​ទាហាន​រដ្ឋាភិបាល ដែល​កំពុង​ព្យាយាម​បង្ក្រាប​ចលនា​តស៊ូ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំមុន​។​

​ដំបូល​ប្រក់​ស័ង្កសី ធ្នឹម និង​ចង្ក្រាន​ចម្អិន​អាហារ គឺជា​របស់​នៅ​សេសសល់​ពី​ផេះផង់​នៅក្នុង​ភូមិ​មួយ​នៃ​តំបន់​សា​ង៉ែ​ង (Sagaing) ភាគ​ពាយព្យ​ប្រទេស ជា​តំបន់​មួយ​ដែល​ឃើញ​មាន​ការប្រយុទ្ធ​​គ្នា​យ៉ាង​ខ្លាំងក្លា​បំផុត​ប្រឆាំង​នឹង​ការដណ្តើម​អំណាច​របស់​យោធា​។​

​វីដេអូ​ដ៏​កម្រ​មួយ ដែល​ទទួល​បាន​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP​បានបង្ហាញ តំបន់​នេះ​គឺ​ពោរពេញ​ដោយ​អំពើ​ហិង្សា​និង​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​ដោយ​ទាហាន​រដ្ឋាភិបាល​កងជីវពល​គាំទ្រ​​យោធា និង​ក្រុម​យុទ្ធជន​ប្រឆាំង​រដ្ឋប្រហារ កន្លែង​ដែល​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវបាន​កាត់​ជា​ប្រចាំ​ដោយ​អាជ្ញាធរ​។​

​លោក វីន សូ (Win Soe)​បាន​និយាយថា កងទ័ព​រដ្ឋាភិបាល​បាន​នាំមក​នូវ​ការបំផ្លិចបំផ្លាញ​ដល់​ភូមិ​របស់​គាត់​ឈ្មោះ ថា​រី​យ៉ាកូ​ណេ (Tharyarkone) ស្ថិតនៅ​ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ​​ពី​ភាគ​ខាងលិច​ទីក្រុង​ធំ​ទី​ពីរ​របស់​មី​យ៉ាន់​ម៉ា គឺ ម៉ាន​ដា​ឡៃ (Mandalay) កាលពី​ចុងខែ​មុន​។​

​លោក​បាន​និយាយថា “​ទាហាន​បាន​មក​ភូមិ​របស់​យើង​តាម​ផ្លូវ​ត្រឡប់​ទៅ​ជំរំ​របស់​ពួកគេ​វិញ​”​។​

​លោក វីន សូ បាន​និយាយថា “​មិន​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ទី​នេះ​ទេ ហើយ​ពួកគេ​គ្រាន់តែ​មក​បំផ្លាញ​វត្ថុ​ផ្សេងៗ ពួកគេ​បាន​ដុត​ផ្ទះ​ចំនួន ៦០ ខ្នង​នៅក្នុង​ភូមិ​របស់​យើង​”​។​

​ក្រុមយុវជន​រាប់សិប​នាក់ ដែល​ខ្លះ​អស់កម្លាំង​ក្នុង​សមរភូមិ ពាក់​ស្រោមជើង​បាល់ទាត់ និង​ស្បែកជើង​ប៉ា​តា ខ្លះ​ទៀត​ស្លៀក​ខោខ្លី និង​ពាក់​ស្បែកជើង​កវែង បាន​មក​ដល់​ដើម្បី​ស្ទង់​មើល​សំណល់​ដែល​ឆេះ​នៅ​ក្នុងភូមិ ខណៈ​ពួកគេ​ដើរល្បាត​ក្នុងភូមិ​តាមដាន​ពីក្រោយ​កងកម្លាំង​យោធា​។​

​អង្គភាព​នេះ​គឺជា​ផ្នែក​មួយ​នៃ “​កងកម្លាំង​ការពារ​ប្រជាជន​” ក្នុងស្រុក (PDF) ដែល​អង្គភាព​រាប់សិប​នាក់​បាន​បង្កើន​នៅក្នុង​តំបន់​សា​ង៉ែ​ង​និង​ទូទាំង​ប្រទេស ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​យោធា​ក្នុង​ការប៉ុនប៉ង​លុបចោល​រដ្ឋប្រហារ​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។​

​យោង​តាម​អ្នកវិភាគ​មួយចំនួន​បាន​ឱ្យដឹងថា ជារឿយៗ​ប្រដាប់​ដោយ​អាវុធ​កែច្នៃ​និង​ចំណេះដឹង​អំពី​ភូមិសាស្ត្រ ក្រុម​នេះ​បានធ្វើឱ្យ​យោធា​ភ្ញាក់ផ្អើល​ជាមួយនឹង​ប្រសិទ្ធភាព​របស់​ពួកគេ​។​

​របប​យោធា​បាន​ឆ្លើយតប​ជាមួយនឹង​ការវាយលុក​មួយ ដែល​ក្រុម​សិទ្ធិ​មនុស្ស​និយាយថា រួម​មាន​ការបំផ្លាញ​ភូមិ​នានា ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ និង​ការវាយប្រហារ​តាម​អាកាស​លើ​ជន​ស៊ីវិល​។​

​កាលពី​ខែ​ឧសភា ទីភ្នាក់ងារ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ UNOCHA បាន​និយាយថា ផ្ទះ​ស៊ីវិល​ជាង ១២.០០០ ខ្នង ត្រូវ​បាន​ដុត​បំផ្លាញ ឬ​វាយ​កម្ទេច ចាប់តាំងពី​រដ្ឋប្រហារ​។​

​យោធា​បាន​ចោទប្រកាន់​អ្នក​ប្រយុទ្ធ PDF ដែល​ខ្លួន​ប្រកាសថា​ជា “​ក្រុម​ភេរ​វករ​” ថា​បាន​ដុត​ផ្ទះ​ទាំងនោះ ហើយ​និយាយ​ថា យុទ្ធនាការ​ធ្វើឃាត​របស់​ពួកគេ​បាន​សម្លាប់​មនុស្ស​រាប់​រ​យ​នាក់ រួមទាំង​ព្រះសង្ឃ គ្រូបង្រៀន និង​បុគ្គលិក​ពេទ្យ​៕

​កងកម្លាំង​ប្រឆាំង​យោធា​កំពុង​ល្បាត​ក្នុង​ភូមិ​ថា​រី​យ៉ាកូ​ណេ ក្រោយ​ការដុត​បំផ្លាញ​ពី​សំណាក់​ទាហាន​រដ្ឋាភិបាល