​ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣(​ខេ​ម​សុស​,CAMSOC) បានចាត់ទុក​អ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games​ព្រោះ​គេ​គឺជា​មនុស្ស​ដ៏​សំខាន់​ដើម្បី​គ្រប់គ្រង និង​ដឹកនាំ​សកម្មភាព​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​ប្រកបដោយ​ស្នាមញញឹម​និង​កិត្តិយស​ជាតិ​ក្នុងនាម ជា​ម្ចាស់ផ្ទះ​។​នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ខេ​ម​សុស​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ត្រួតពិនិត្យ​វឌ្ឍន ភាព​ការងារ​របស់​គណៈកម្មកា​រ​អ្នកស្ម័គ្រចិត្ត ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។​


កិច្ចប្រជុំ​នេះ​បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​អ្នកស្ម័គ្រចិត្ត​ដែល​បានរៀបចំ​ផែនការ​កាលវិភាគ​និង​ការបែងចែក​រចនាសម្ព័ន្ធ​មាន​លក្ខណៈ​ច្បាស់លាស់​និង​គ្រប់​ជ្រុងជ្រោយ ក្រោម​ការដឹកនាំ​របស់​លោក សុខ សប្បាយ​ណា​អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន​និង​កីឡា​។​បន្ថែម​លើ​នេះ​គណៈអចិន្ដ្រៃយ៍​ខេ​ម​សុស​ក៏បាន​ពិភាក្សាគ្នា​និង​ផ្ដល់នូវ​មតិយោបល់​ជាច្រើន ដើម្បី​ជា​ធាតុ​ចូល​បន្ថែម ក្នុង​ការដឹកនាំ​អ្នកស្ម័គ្រចិត្ត​នេះ​ផងដែរ​។​ឮ​

​លោក​រដ្ឋមន្ដ្រី ថោង ខុន អ្នកស្ម័គ្រចិត្ត​ដែល​ខេ​មសុ​សបាន​ត្រៀម គឺ​ចន្លោះ​ពី​ប្រាំ​ពាន់ ទៅមួយ​ម៉ឺន​នាក់​ដែល​អាស្រ័យ​លើ តម្រូវការ​ជាក់ស្ដែងរ​បស់​គណៈកម្មការ​ជំនាញ​នីមួយៗ និង ខេ​ម​សុស​ទាំងមូល​។​

​ក្នុងនោះ​គណៈកម្មការ​អ្នក​ស្ម័​គ្រិ​ចិត្ត បានទទួល​ការចុះឈ្មោះ​សម្រាប់​ធ្វើជា​ជន​បង្គោល នៃ​ក្រុម​អ្នកស្ម័គ្រចិត្ត​គឺមាន​ចំនួន​ជាង ៥០០​នាក់​ហើយក៏​ចាប់ផ្ដើម​ហាត់​សមជា​បណ្ដើរៗ​ផងដែរ ដែល​ចំនួន​នេះ អាច​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ​អ្នកស្ម័គ្រចិត្ត​ចន្លោះ​ពី ៥​ពាន់​នាក់​ឡើង​។ អ្វីដែល​ត្រូវ​ចាប់អារម្មណ៍​គឺ​គណៈកម្មការ​ស្ម័គ្រ​ចិត្តជា​អ្នក​គ្រប់​គ្រប់​និង​ដឹកនាំ​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ដែល ជា​សរសៃ​ឬក៏​ជា​ចរន្ដ​នៃ​ការគ្រប់គ្រង​និង​ដឹកនាំ​សកម្មភាព​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​គេ​ហៅ​អ្នកស្ម័គ្រចិត្ត​គឺជា​DNA Of The Games​បានន័យថា​គឺជា​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ការងារ​នៃ​ហ្គេម​និង​ជា​ចលនា​របស់​ហ្គេម​ទាំងអស់​។​គេ​ចាត់ទុក​អ្នកស្ម័គ្រចិត្ត​គឺជា​មនុស្ស​សំខាន់ ហើយ​គេ​ជំរុញ​និង​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ច្រើនណាស់​ហើយ​យើង​បានរៀបចំ​អ្នកស្ម័គ្រចិត្ត​របស់​យើង​ឲ្យ​គាត់​ទទួល បាន​នូវ​មោទនភាព​របស់គាត់​ដូចជា​ការផ្ដល់ជូន​នូវ​កិត្តិយស​ជូន​គាត់​និង​សម្ភារ​ផ្សេងៗ​។​

​លោក​បណ្ឌិត ថោង ខុន បាន​ណែនាំ​ការងារ​ជាច្រើន​ទៀត​ពិសេស​អ្នកស្ម័គ្រចិត្ត​។​លោក​បាន​ជំរុញ​ឲ្យ​រៀន​អំពី​ការសង្គ្រោះ​បឋម ឬ​សង្គ្រោះបន្ទាន់​គឺ​ម្នាក់ៗ​ត្រូវមាន​ជំនាញ​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ដើម្បី​មានលទ្ធភាព​អាចជួយ​សង្គ្រោះ​ជីវិត​និង​បញ្ហា​កើតឡើង​គ្រប់​ទីកន្លែង​ទាំងអស់ នៃ​ព្រឹត្តិការណ៍​របស់​យើង ព្រោះ​ព្រឹត្តិការណ៍​របស់​យើង​មនុស្ស​ច្រើន​មនុស្ស​រាប់លាន​នាក់​។​

​អ៊ីចឹង​យើង​ត្រូវតែមាន​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​និង​រៀបចំ​ឲ្យ​មាន​សមត្ថភាព​របស់​អ្នកស្ម័គ្រចិត្ត​។​គាត់​រាយ គ្នា​គ្រប់កន្លែង យើង​ហៅថា DNA OF THE Games​បានន័យថា​គាត់​នៅ​រាយ​គ្នា​គ្រប់​សារពាង្គកាយ​នៃ​គណៈកម្មការ​របស់​យើង​និង ព្រឹត្តិការណ៍​ទាំងមូល​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក វ៉ា​ត់ ចំរើន ។​

​តាមរយៈ​កិច្ចប្រជុំ​ខាងលើ​គណៈអចិន្ដ្រៃយ៍​ខេ​ម​សុស​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹងមាន​អ្នកស្ម័គ្រចិត្ត​គ្រប់គ្រាន់​និង​មាន​គុណភាព​ខ្ពស់​ក្នុងការ​បម្រើសេវា​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ដែលជា​មុខមាត់​និង​កិត្តិយស​ជាតិ​ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ​ព្រោះ​អ្នកស្ម័គ្រចិត្ត​គឺជា​អ្នក​ដែល​ផ្ដល់នូវ​ស្នាមញញឹម​មុនគេ​នៅពេល​ទទួល​ស្វាគមន៍​ភ្ញៀវ​អញ្ជើញ​មកដល់​និង​ជា​អ្នក​ផ្ដល់នូវ​ស្នាមញញឹម​ចុងក្រោយ​គេ មុនពេល​ប្រតិភូ កីឡាករ​-​កីឡាការិនី និង​ភ្ញៀវ​ទាំងអស់​ត្រឡប់​ទៅវិញ​៕​សរ / N