​ដោយៈ សុផល / ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទីប្រឹក្សា​ត្រួតពិនិត្យ​បច្ចេកទេស និង​មន្ត្រី​ជំនាញ​បច្ចេកទេស គម្រោង​ពាក់ព័ន្ធ នៅ​ថ្ងៃទី​១៩ ខែកញ្ញា បាន​ជួប​ពិភាក្សាគ្នា ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង​រៀបចំ ច្រកទ្វារ​អន្តរជាតិ ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ ពី​ទីប្រឹក្សា​ត្រួតពិនិត្យ​បច្ចេកទេស​គម្រោង ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​បញ្ហា​ប្រឈម​មួយ ចំនួន​ទាក់ទង​នឹង​ការ​នាំចូល សម្ភារៈ វត្ថុធាតុដើម បញ្ហា​ទាក់ទង​នឹង​កង្វះ​វិស្វករ​នៅ​ការដ្ឋាន និង​ភ្លៀង​ធ្លាក់​ច្រើន បង្ក​ឧបសគ្គ​ដល់​ការអនុវត្ត​គម្រោង ជាដើម​។​

​លោក យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​នាយ គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ តាម​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ​នេះ​។​

​អង្គប្រជុំ បាន​ពិនិត្យ និង​ពិភាក្សា​លម្អិត​លើ​វឌ្ឍនភាព​ការងារ ការ​នាំចូល​សម្ភារៈ​វត្ថុ​ធាតុ ដើម ការបែងចែក​កម្លាំង​ពលកម្ម​- កម្មករ​ជំនាញ តាម​អគារ​នីមួយៗ និង​បញ្ហា​ប្រឈម នានា ព្រមទាំង​បានស្នើ ឱ្យ​ទីប្រឹក្សា​ត្រួតពិនិត្យ​បច្ចេកទេស រៀបចំ​ផែនការ​លម្អិត លើ​ការងារ​នាំចូល​សម្ភារៈ​វត្ថុធាតុដើម និង​ការសាងសង់ ដើម្បី​តាមដាន ត្រួតពិនិត្យ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន CM Grand Development និង​Tan Kim Eng អនុវត្ត​គម្រោង​ឱ្យ​សម្រេច​តាម​ផែនការ ដែល​បាន​សន្យា​។​

​សូម​ជម្រាបជូន​ថា យោងតាម​របាយការណ៍​របស់​អង្គភាព​គ្រប់គ្រង​គម្រោង គិត​ត្រឹម​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់ មក​ផ្លូវជាតិ​លេ​៥ សម្រេចបាន​ចំនួន ៥៨,៤៨% ហើយ​៕ V / N