ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នៅ​រដូវ​កាន់បិណ្ឌ​-​ភ្ជុំបិណ្ឌ ឆ្នាំ​២០២២ នៅ​ខេត្តបន្ទាយមានជ័យ តាម​វត្ត​អារាម​ពុទ្ធសាសនា បាន​សម្បូរ​សមរម្យ នូវ​ចង្ហាន់ និង​ទេយ្យទាន​ឡើងវិញ មិន​ដូច​កាលពី​ឆ្នាំ​២០២០ និង ២០២១ ដែល​ជាប់​ក្នុងស្ថានភាព ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ឡើយ ។ នេះ​បើតាម​លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា និង​ព្រះគ្រូ ណាប់ ម៉ឺន ព្រះ​វិន័យធរ​គណ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២០ ខែកញ្ញា នេះ ។​

​លោក បៀ​វ ថា​ន បាន​មានប្រសាសន៍ថាៈ រដូវ​របស់​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​នេះ មិនមាន​ព័ត៌មាន​ថា វត្ត​នៅ​ទីប្រជុំជន ក្នុង​ក្រុង ឬ​នៅឯ​ជនបទ ដាច់ស្រយាល​ណាមួយ ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​អត្តខាត់ ឬ​ខ្វះ​ចង្ហាន់​នោះឡើយ ។​

​រីឯ​ចំនួន​ពុទ្ធបរិស័ទ​ទៅធ្វើ​បុណ្យ ធ្វើ​ទាន និង​កិច្ច​ខាង​សាសនា នៅតាម​វត្ត​អារាម ក៏មាន​សភាព​ផុលផុស អ៊ឹ​ក​អ​ធឹ​ក​ឡើងវិញ បើ​ប្រៀបធៀប​នឹង​កាលពី ២ ឆ្នាំមុន ដែលមាន​ការ​រា​ត្បា​ត​ជំងឺ​កូ​វីដ ១៩ ។​

​សូមបញ្ជាក់ថា ក្នុង​ខេត្តបន្ទាយមានជ័យ មាន​វត្ត​ព្រះពុទ្ធសាសនា ចំនួន ២៥៤ វត្ត ព្រះសង្ឃ​សរុប​ទាំង ២ គណៈ ចំនួន ៤.៣១៨ អង្គ ក្នុងនោះ គណ​:​មហានិកាយ មាន ២៤៣ វត្ត ព្រះសង្ឃ ៤.២១៨ អង្គ គណៈធម្មយុត្តិកនិកាយ មាន ១១ វត្ត ព្រះសង្ឃ ៩៧៤ អង្គ ។ អាចារ្យវត្ត​ចំនួន ២៣៥ នាក់ គណៈកម្មការ​វត្ត ៣៨៣ នាក់ តាជី ៣៦ នាក់ យាយជី ៨៨ នាក់ សិស្ស និស្សិត ១៤​នាក់ ក្មេង​កំព្រា ១៣​នាក់ និង​ក្មេង​គ្មាន​ទីពឹង ១៤​នាក់ ៕ V / N