​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្មេង​សិស្សសាលា​យ៉ាងតិច​១១​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​មួ​យ​និង​ការបាញ់​ផ្លោង​ដាក់​ភូមិ​មី​យ៉ាន់​ម៉ា​មួយ​ដែល​អាជ្ញាធរ​អះអាងថា​ផ្តោត​លើ​ពួក​​ឧទ្ទាម​ដែល​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងភូមិ នេះ​បើ​តាម​ទីភ្នាក់ងារ​របស់​កុមារ​សហប្រជាជាតិ​ហៅ​UNICEF​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២០​កញ្ញា​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ក្នុង​ចលាចល​ចាប់តាំងពី​ពួកយោធា​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ដោយ​ជន​ស៊ីវិល​ជិត​២.៣០០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការបង្ក្រាប​មួយ​លើ​ក្រុមប្រឆាំង​។​

​តំបន់​សា​ហ្គាំង​(Sagaing)​នៅ​ភាគ​ពាយព្យ​ប្រទេស ជា​កន្លែង​ប្រយុទ្ធ​គ្នា​ជា​ខ្លាំង និង​ចំពេល​មាន​ការប៉ះទង្គិច​រវាង​យុទ្ធជន​ប្រឆាំង​រដ្ឋប្រហារ​និង​យោធា ភូមិ​ទាំងមូលៗ​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ក្រុម​យោ​​ធា​។​

​ទីភ្នាក់ងារ​កុមារ​សហប្រជាជាតិ​ហៅថា​UNICEF​បាន​ថ្កោលទោស​ការវាយប្រហា​រកា​លពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​ទីប្រជុំដេ​ប៉េ​យីន​( Depeyin)​ក្នុង​តំបន់​សា​ហ្គាំង​។​

UNICEF​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា «​កាលពី​ថ្ងៃ​១៦​កញ្ញា ក្មេង​១១​នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​តាម​អា​កាស​និង​ការបាញ់​មិន​រើសមុខ​ចូល​តំបន់​ជន​ស៊ីវិល​។​សាលារៀន​​ត្រូវតែ​មាន​សុវត្ថិភាព​និង​មិនត្រូវជា​គោលដៅ​វាយប្រហារ​ទេ​»​។​

UNICEF​បាន​និយាយថា «​យ៉ាងហោច​ណាស់​កុមារ​១៥​នាក់​នៅ​តំបន់​ដដែល​នៅ​បាត់​ខ្លួន »​និង​បាន​សុំ​អោយ​ដោះលែង​ពួកគេ​ជា​បន្ទាន់​។​

​វីដេអូ​បង្ហាញ​ដោយ​ក្រុម​សហគមន៍​មូលដ្ឋាន​មួយ​បង្ហាញ​ថ្នាក់រៀន​ប្រឡាក់​ឈាម​នៅ​នឹង​ឥដ្ឋ ការខូចខាត​ដំបូល​និង​ម្តាយ​ម្នាក់​យំ​នៅក្បែរ​សាកសព​កូន​។​

​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​អះអាង​ថា​ខ្លួន​បាន​បញ្ជូន​ទាហាន​តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​ភូមិ​ខាងលើ​ក្រោយ​ទទួល​ព័ត៌មាន​ស៊ើបការណ៍​មក​ថា ពួក​យុទ្ធជន​មក​ពី​កងទ័ព​ឯករាជ្យ​កា​ជីន​ដែលជា​ក្រុម​​ឧទ្ទាម​ជនជាតិ​មួយ រួម​ទាំង​ពួក​យុទ្ធជន​មកពី​ក្រុម​ជីវពល​ប្រឆាំង​រដ្ឋប្រហារ កំពុង​ដឹកជញ្ជូន​អាវុធ​ចូល​តំបន់​នោះ​។​

​យោធា​ក៏​ចោទប្រកាន់​ពួក​យុទ្ធជន​ឧទ្ទាម​ថា​ប្រើប្រាស់​ជន​ស៊ីវិល​ជា​ខែល និង​ថា​ខ្លួន​បាន​រឹបអូស​យកបាន​គ្រាប់មីន​និង​គ្រឿងផ្ទុះ​ពី​ភូមិ​ខាងលើ​។​

​ក្នុងពេល​ជាមួយគ្នា នាយក​អង្គការ​Save the Children​ប្រចាំ​តំបន់​អាស៊ី​លោក ហាស​សាន់ នួ​រ បាន​ចូលរួម​សម្តែង​មរណទុក្ខ​ជាមួយ​គ្រួសារ​កុមារ​រងគ្រោះ និង​ថា​សាលារៀន​មិនគួរ​ជា​គោលដៅ​រី​​ឯ​សិស្ស​គួរ​ត្រូវ​បាន​ការពារ​។​លោក​បាន​ទទូច​សុំ​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​និង​សមាគម​អាស៊ាន​ចាត់វិធានការ​អោយបាន​ឆាប់​៕

​រូបភាព​បង្ហាញ​បន្ទប់រៀន​រង​ការខូចខាត​ដោយ​ការវាយប្រហារ​នៅ​ទីប្រជុំដេ​ប៉េ​យីន​ក្នុង​តំបន់សា​ហ្គាំង​